អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េកាំងតវ៉ាជាផ្លូវការទៅវ៉ាស៊ីនតោន ក្រោយលោក បៃដិន ថា​ អាម៉េរិកនឹងជួយតៃវ៉ាន់ បើចិនឈ្លានពាន
20, Sep 2022 , 1:58 pm        
រូបភាព
ទីក្រុងប៉េកាំង បានលិខិតតវ៉ាជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញជំហរមិនសប្បាយចិត្តរបស់ខ្លួនទៅនឹងការអធិប្បាយរបស់ប្រធានាធិបតីចូ បៃដិន ជុំវិញបញ្ហាតៃវ៉ាន់។
 
នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី CBS 60 Minutes ដែលផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា លោកប្រធានាធិបតី ចូ បៃដិន ប្រកាសជំហររបស់អាម៉េរិកថា នឹងបញ្ជូនកងទ័ពអាម៉េរិកទៅការពារតៃវ៉ាន់ក្នុងករណីចិនឈ្លានពាន។ ចិនមិនពេញចិត្តនឹងសម្ដីនេះយ៉ាងខ្លាំង។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង នៅក្នុងសន្និសីទសារពត៌មានប្រចាំថ្ងៃទី១៩ ខែកញ្ញា និយាយថា ចិនបានដាក់ការតវ៉ាជាមួយអាម៉េរិកចំពោះអ្វីដែលលោក បៃឌិន លើកឡើង ដោយសារវាជាការផ្ញើសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់តៃវ៉ាន់ ហើយចិនប្រឆាំងដាច់ខាតចំពោះការអះអាងរបស់លោក បៃដិន។
 
«យើងមានឆន្ទៈក្នុងការបង្រួបបង្រួមដោយសន្តិវិធីជាមួយនឹងភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងដ៏ខ្លាំងបំផុតរបស់យើង។ ក្នុងពេលជាមួយគ្នានេះ យើងនឹងមិនអត់ឱនចំពោះសកម្មភាពណា ដែលមានគោលបំណងធ្វើឱ្យចិនបែកបាក់ឡើយ ហើយយើងនឹងរក្សាជម្រើសដែលមាន ដើម្បីចាត់វិធានការចាំបាច់ទាំងអស់។» អ្នកនាំពាក្យដដែលនិយាយបែបនេះ។ 
 
មន្រ្តីដដែលរំឭកជាថ្មីថា ក្នុងពិភពលោកនេះមានចិនតែមួយប៉ុណ្ណោះ រីឯតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយរដ្ឋាភិបានចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន។ លោកស្រី ម៉ៅ ក៏បានស្នើអាម៉េរិកឱ្យដោះស្រាយបញ្ហាទាក់ទងនឹងតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ ហើយឈប់ផ្ញើសញ្ញាខុសទៅឱ្យតៃវ៉ាន់ទៀត។ ការលើកឡើងរបស់លោកស្រីនេះ ជាការព្រមានមួយចំពោះអាម៉េរិកឱ្យចៀសវាងប៉ះពាល់ដល់ទំនាក់ទំនងរបស់ចិន និងអាម៉េរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ 
 
គួរបញ្ជាក់ថា វាមិនមែនជាលើកទីមួយទេ ដែលអាម៉េរិកបង្ហាញការគាំទ្រលើតៃវ៉ាន់ចំពោះការគំរាមកំហែងនៃការឈ្លានពានរបស់ចិន។ ប៉ុន្តែនេះអាចជាលើកទីមួយ ដែលអាម៉េរិកបញ្ជាក់ជំហររបស់ខ្លួនកាន់តែច្បាស់ក្នុងការបញ្ជូនទ័ពអាម៉េរិកទៅការពារតៃវ៉ាន់ប្រសិនបើមានការវាយប្រហារពីចិន៕​
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com