ជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លេខាធិការសន្តិសុខរុស្ស៊ី៖ ការពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំងជាអាទិភាពក្នុងគោលនយោបាយបរទេសរុស្ស៊ី
20, Sep 2022 , 4:47 pm        
រូបភាព
 លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក្នុងជំនួបជាមួយសមាជិកការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Guo Shengkun។ រូបថត Xinhua
លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក្នុងជំនួបជាមួយសមាជិកការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Guo Shengkun។ រូបថត Xinhua
ដោយ:
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ប្រកាសអំឡុងទស្សនកិច្ចនៅចិនថា វិមានក្រេមឡាំងចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំងជាគោលដៅចម្បងក្នុងគោលនយោបាយការបរទេសរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យលោក Patrushev នៅថ្ងៃទី១៩ ខែកញ្ញា។ ទន្ទឹមនេះ រុស្ស៊ី និងចិនក៏បានព្រមព្រៀងគ្នាពង្រីកទំនាក់ទំនងផ្នែកសន្តិសុខផងដែរ។
 
លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ទៅបំពេញទស្សនកិច្ចនៅចិននៅថ្ងៃទី១៨-១៩ ខែកញ្ញាដើម្បីចូលរួមកិច្ចប្រជុំប្រតិបត្តិច្បាប់ចិន-រុស្ស៊ីលើកទី៧ និងកិច្ចពិភាក្សាសន្តិសុខយុទ្ធសាស្រ្តចិន-រុស្ស៊ីលើកទី១៧ នៅខេត្ត Fujian។ 
 
ស្របពេលលោកខាងលិចកាន់តែដាក់សម្ពាធ ទំនាក់ទំនងរវាងប្រទេសពីរនេះហាក់ដូចជាកាន់តែខិតទៅរកគ្នាដើម្បីបម្រើផលប្រយោជន៍រៀងខ្លួន។ ទន្ទឹមនេះ លោក Patrushev បានថ្លែងអំឡុងជំនួបជាមួយមន្រ្តីចិនថា ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយទីក្រុងប៉េកាំងជាអាទិភាពក្នុងគោលនយោបាយបរទេសរុស្ស៊ីដោយគ្មានលក្ខខណ្ឌ។ 
 
«ក្នុងលក្ខខណ្ឌបច្ចុប្បន្ន ប្រទេសរបស់យើងត្រូវតែបង្ហាញការត្រៀមខ្លួនឱ្យកាន់តែខ្លាំងជាងមុនសម្រាប់ការគាំទ្រគ្នាទៅមក និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ»។ លោក Patrushev លើកឡើងបែបនេះអំឡុងជំនួបជាមួយសមាជិកការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Guo Shengkun ដែលចេញផ្សាយដោយការិយាល័យរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅថ្ងៃទី១៩ ខែកញ្ញា។ 
 
បើតាមសេចក្តីថ្លែងការណ៍ដដែល ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រីកការផ្លាស់ប្តូរព័ត៌មានលើការប្រឆាំងនឹងភាពជ្រុលនិយម និងការប៉ុនប៉ងរបស់បរទេសក្នុងការធ្វើឱ្យខូចសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងពីរ។ ទាំងមន្រ្តីចិន និងរុស្ស៊ីក៏បានសង្កត់ធ្ងន់ពីតម្រូវការពង្រីកកិច្ចសហប្រតិបត្តិការលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ 
 
ដំណើរទស្សនកិច្ចរបស់លោក Patrushev រៀបចំឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិ លោក ស៊ី ជិន ភីង បានជជែកគ្នាផ្ទាល់នៅអ៊ូសបេគីស្ថានក្នុងសប្តាហ៍មុនដែលធ្វើឱ្យអាម៉េរិកព្រួយបារម្ភជាខ្លាំងជុំវិញទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរនេះ៕
 
 
 
 
 
 
 
 
 
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com