អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនរងសម្ពាធនៅ UN ពាក់ព័ន្ធនឹងរបាយការណ៍នៅតំបន់ស៊ីនជាំង
20, Sep 2022 , 9:29 pm        
រូបភាព
ប៉ុស្តិយាមមួយនៅទីតាំងដែលជឿថាជាជំរំឃុំខ្លួននៅស៊ីនជាំង។ រូបថត AFP
ប៉ុស្តិយាមមួយនៅទីតាំងដែលជឿថាជាជំរំឃុំខ្លួននៅស៊ីនជាំង។ រូបថត AFP
នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចិនហាក់រងសម្ពាធជាខ្លាំងពីសំណាក់អ្នកការទូត និងអ្នកតស៊ូមតិសិទ្ធិមនុស្សជាច្រើនជុំវិញសកម្មភាពរបស់ខ្លួននៅតំបន់ស៊ីនជាំង។


មេដឹកនាំពិភពលោក កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។ ស្របគ្នានេះ បញ្ហាសិទ្ធិមនុស្សស៊ីនជាំង ក៏ក្លាយជារឿងឈឺក្បាលសម្រាប់ចិន ដែលប្រឈមមុខសម្ពាធខ្លាំងលើបញ្ហានេះ បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សចេញរបាយការណ៍ដែលរកឃើញថា ចិនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតំបន់ស៊ីនជាំង។
 
នៅមហាសន្និបាត លោក Fernand de Varennes អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិជនជាតិភាគតិចបាននិយាយថា លោកនឹងមិនគាំទ្រភាពអសកម្មលើបញ្ហានេះឡើយ។ លោកក៏បានជំរុញឱ្យមានការ​ផ្ដន្ទាទោសឱ្យបានត្រឹមត្រូវចំពោះចិនជុំវិញបញ្ហាស៊ីនជាំងផងដែរ។ 
 
ទន្ទឹមនេះ លោក Jeffrey Prescott ឯកអគ្គរដ្ឋទូតរងអាម៉េរិកប្រចាំ UN ក៏បានលើកឡើងស្រដៀងគ្នានេះ ដោយលោកអះអាងថា របៀបដោះស្រាយអំពើឃោរឃៅទាំងនេះ នឹងជះឥទ្ធិពលលើភាពជឿជាក់នៃប្រព័ន្ធអន្តរជាតិ។ បើតាមអ្នកការទូតរូបនេះ វាជាការខកចិត្តយ៉ាងខ្លាំងដែលឃើញប្រទេសមួយដែលបានចូលរួមបង្កើតប្រព័ន្ធ UN កំពុងរីករាយនឹងឋានៈរបស់ខ្លួនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយបំពានយ៉ាងខ្លាំងលើច្បាប់ដែលបានចែង។
 
ក្នុងរបាយការណ៍កន្លងមក គណៈកម្មាធិការ UN ស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍អះអាងថា មនុស្សជាងមួយលាននាក់ត្រូវបានឃុំខ្លួននៅក្នុងជំរំឃុំឃាំងក្នុងតំបន់ស៊ីនជាំង​។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក៏បានលាតត្រដាងពីការរំលោភបំពានលើពលកម្ម ការបំបែកគ្រួសារ និងការបំផ្លាញវប្បធម៌ និងអត្តសញ្ញាណសាសនារបស់ជនជាតិវីហ្គ័រថែមទៀត។ 
ទីក្រុងប៉េកាំងផ្ទាល់ ក៏ធ្លាប់បានទទួលស្គាល់ថាពិតជាមានជំរំជនជាតិភាគតិចនៅតំបន់ស៊ីនជាំងមែន ប៉ុន្តែក៏ចិនបកស្រាយថាជំរំទាំងនោះ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប៉ុណ្ណោះមិនមែនជាកន្លែងឃុំឃាំងឡើយ។  
 
បកក្រោយបន្តិច ពាក់ព័ន្ធនឹងរបាយការណ៍សិទ្ធិមនុស្សរបស់ UN នៅតំបន់ស៊ីនជាំង ចិនបានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការចេញផ្សាយរបាយការណ៍នេះ ដោយអះអាងថា ជារបាយការណ៍បង្ហាញព័ត៌មានមិនពិត ហើយជាព័ត៌មានប្រឌិតឡើងដោយប្រទេសលោកខាងលិច។ លើសពីនេះ ទីក្រុងប៉េកាំងក៏បានចេញសេចក្តីប្រកាសថ្កោលទោសជាង១២២ទំព័រលើរបាយការណ៍នេះ និងគំរាមឈប់ផ្តល់កិច្ចសហប្រតិបត្តិការជាមួយការិយាល័យសិទ្ធិមនុស្ស UN ថែមទៀត៕ 
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com