អន្តរជាតិ
មុនកិច្ចប្រជុំមហាសន្និបាត ប្រមុខ UN ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ
20, Sep 2022 , 10:29 pm        
រូបភាព
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អាន់តូនីញូ ហ្គូតេរ៉េស ព្រមាននៅថ្ងៃទី១៩ ខែកញ្ញាថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំដែលបង្កដោយជម្លោះ មហន្តរាយអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀតដែលទាមទារឱ្យមេដឹកនាំពិភពលោកដោះស្រាយជាបន្ទាន់។ ក្នុងសុន្ទរកថាមុនកិច្ចប្រជុំមហាសន្និបាត ប្រមុខ UN ក៏បានលើកឡើងពីបញ្ហាបែងចែកបក្ខពួកក្នុងចំណោមមហាអំណាចធំៗដែលកាន់តែអាក្រក់ទៅៗ តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។
 
ថ្លែងសុន្ទរកថានៅព្រឹត្តិការណ៍គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ​២០២២(SDG Moment 2022) នៅថ្ងៃទី១៩ ខែកញ្ញា លោក អាន់តូនីញូ ហ្គូតេរ៉េស បានលើកឡើងពីកិច្ចការដ៏ច្រើនដែលត្រូវដោះស្រាយមិនត្រឹមតែការជួយសង្រ្គោះផែនដីប៉ុណ្ណោះទេ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ លោក ហ្គូតេរ៉េស ក៏បានចង្អុលបង្ហាញពីកង្វះហិរញ្ញវត្ថុរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងការស្តារប្រទេសឡើងវិញដែលបណ្តាលឱ្យប្រជាជនបាត់បង់ឱកាសសម្រាប់ការអប់រំ សុខភាព និងសិទ្ធិស្រ្តី។ 
 
«ការអប់រំរបស់ក្មេងៗមិនអាចរង់ចាំបានទេ។ ការងារល្អសមរម្យមិនអាចរង់ចាំបានទេ។ សមភាពពេញលេញសម្រាប់ស្រ្តី និងក្មេងស្រីមិនអាចរង់ចាំបានទេ។ ការថែទាំសុខភាពដ៏ទូលំទូលាយ សកម្មភាពប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការការពារជីវចម្រុះ មិនអាចរង់ចាំទាល់តែថ្ងៃស្អែកបានទេ»។ ប្រមុខ UN លើកឡើងបែបនេះដោយជំរុញឱ្យមេដឹកនាំពិភពលោកពួតដៃគ្នាចាត់វិធានការដោះស្រាយបញ្ហាប្រឈមទាំងនោះ។
 
សុន្ទរកថារបស់ប្រមុខ UN នៅសាលមហាសន្និបាត ធ្វើមុនកិច្ចប្រជុំកម្រិតខ្ពស់របស់មេដឹកនាំពិភពលោកនៅថ្ងៃទី២០-២៦ ខែកញ្ញា។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នេះនឹងក្លាយជាការប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោកដ៏ច្រើនជាលើកដំបូងតាំងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មក ដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលជិត១៥០នាក់ ត្រូវសុន្ទរកថាដោយផ្ទាល់នៅស្នាក់ការ UN នាទីក្រុង New York ។
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមិនចូលរួមដោយផ្ទាល់ឡើយ ដោយត្រូវថ្លែងតាមអនឡាញវិញ៕
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com