អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ផ្ដើមដោយគ្មានវត្តមានលោកស៊ី និងលោកពូទីន
21, Sep 2022 , 11:09 am        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត Xinhua
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត Xinhua
មេដឹកនាំប្រទេសនៅជុំវិញពិភពលោក កំពុងធ្វើដំណើរ ហើយខ្លះទៅដល់ទីក្រុងញូវយ៉ក់ហើយដើម្បីចូលរួមសម័យប្រជុំលើកទី​៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលចាប់ផ្ដើមនៅ​ថ្ងៃទី២០ ខែកញ្ញា​។ សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម អាច​ជា​ប្រធាន​បទ​ដែល​នឹងត្រូវលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ UNGA ។
 
ប្រធានបទរួមក្នុងកិច្ចប្រជុំមហាសន្និបាតឆ្នាំ២០២២ គឺ «ចំណុចរបត់៖ ការផ្លាស់ប្តូរដំណោះស្រាយ​ចំពោះបញ្ហាដែលប្រទាក់គ្នា»។ UN ចង់សង្កត់ធ្ងន់ទៅលើពេលបច្ចុប្បន្នដែលពិភពលោកទាំងមូល​ កំពុង​ស្ថិតនៅគ្រាដ៏ពិបាកមួយ ដោយសារតែវិបត្តិស្មុគស្មាញដែលទាក់ទងគ្នាទៅវិញទៅមក។
 
អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស បញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំក្នុងឆ្នាំនេះ​ គឺ​ធ្វើ​ឡើង​ក្នុ​ង​ពេល​ដ៏​អាក្រក់ មួយដែលពិភពលោកកំពង់តែជួបដូចជាការរងទុក្ខ ដោយសារសង្គ្រាមផលប៉ះពាល់ដោយ សារ​ការប្រែប្រួលអាកាសធាតុ និងវិបត្តិនៃភាពក្រីក្រ កង្វះអាហារ និងវិសមភាព។
 
ទន្ទឹមនេះ បញ្ហាទាក់ទងនឹងការលុកលុយអ៊ុយក្រែន ត្រូវបានរំពឹងថាជាប្រធានបទសំខាន់មួយ ព្រមគ្នានឹងវិបត្តិស្បៀងអាហារពិភពលោក ដែលកើតចេញពីរឿងនេះ។ ខណៈដែរដ្ឋជាសមាជិក បាន​ក្រោកពីកា​រ​រីករាលដាលនៃជំងឺកូវីដ-១៩ ត្រឡប់ទៅរកស្ថានភាព​ដើមវិញ បញ្ហាទទួល​បាន​ការចាក់វ៉ាក់សាំង ការ​ស្តារហិរញ្ញវត្ថុ និងកង្វល់ពាក់ព័ន្ធផ្សេងទៀត ក៏នឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សាផងដែរ។
 
យ៉ាងណាមិញ ប្រទេសសំខាន់ៗមួយចំនួន មិនត្រូវបានរួមបញ្ចូលក្នុងបញ្ជីដែលត្រូវឡើងថ្លែង​នោះ​ឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនភីង មិនមានវត្តមាននៅញូវយ៉កឡើយ។ មេដឹកនាំប្រទេសទាំងពីរនេះ បានបញ្ជូនរដ្ឋមន្ត្រីការបរទេសជំនួសវិញ៕
 

Tag:
 UN
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com