អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ថ្កោលទោសនាវាចម្បាំងអាម៉េរិក និងកាណាដាដែលបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
21, Sep 2022 , 2:59 pm        
រូបភាព
នាវាចម្បាំងអាម៉េរិក USS Huggins ។ រូបថត US Navy
នាវាចម្បាំងអាម៉េរិក USS Huggins ។ រូបថត US Navy
ដោយ:
យោធាចិន នៅថ្ងៃទី២១ ខែកញ្ញា បានថ្កោលទោសទង្វើបង្ករឿងរបស់អាម៉េរិក និងកាណាដាបន្ទាប់ពីនាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកប្រទេសទាំងពីរនេះធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២០ ខែកញ្ញា។
 
ជាការបង្ហាញការប្ដេជ្ញាចិត្តទប់ទល់ចិន ​នាវាចម្បាំងអាម៉េរិក រហូតដល់នាវាចម្បាំងសម្ព័ន្ធមិត្តមានអង់គ្លេស និងកាណាដា បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាញយៗ។ ប្រតិបត្តិការរបស់នាវាទាំងនេះធ្វើឱ្យចិនដែលចាត់ទុកច្រកសមុទ្រតៃវ៉ាន់ក្រោមអធិបតេយ្យខ្លួនខឹងសម្បា។ 
 
ដូចសព្វដង ចិនបានថ្កោលទោសប្រតិបត្តិការរបស់នាវាចម្បាំងអាម៉េរិក និងកាណាដាដែលបានចរាចរនៅច្រកសមុទ្រតៃវ៉ាន់នាថ្ងៃទី២០ ខែកញ្ញា។ បើតាមទីបញ្ជាការយោធាភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន កងកម្លាំងរបស់ខ្លួនបានតាមដានយ៉ាងដិតដល់ ហើយព្រមានទៅកាន់នាវាទាំងនោះផងដែរ។
 
«កងកម្លាំងចិនតែងប្រុងជើងការខ្ពស់ ប្រឆាំងយ៉ាងអង់អាចរាល់ការគំរាម និងការបង្ករឿង ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដោយមិនញញើត»។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា។ 
 
ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិកវិញ នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Higgins និងនាវាចម្បាំងរបស់កាណាដា HMCS Vancouver ធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ដែលមិនស្ថិតក្នុងកម្មសិទ្ធិរបស់ប្រទេសណាមួយ។ 
 
«កិច្ចសហប្រតិបត្តិការបែបនេះបង្ហាញពីផ្នែកដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់យើងចំពោះតំបន់ដែលរុងរឿង និងមានសន្តិសុខ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិក។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិកាណាដាលោកស្រី Anita Anand បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងថា កាណាដាក្នុងនាមជាប្រទេសប៉ាស៊ីហ្វិកបានបើកប្រតិបត្តិការឆ្លងកាត់ច្រកតៃវ៉ាន់ជាប្រចាំនេះដើម្បីបង្ហាញពីការប្តេជ្ញាលើកកម្ពស់ស្ថិរភាព និងវិបុលភាពជាសកលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះ។ រីឯ ក្រសួងការពារជាតិតៃវ៉ាន់វិញអះអាងថា បេសកកម្មរួមរបស់នាវាចម្បាំងអាម៉េរិក និងកាណាដាស្ថិតក្នុងស្ថានភាពធម្មតាទេ។
 
សូមបញ្ជាក់ថា នេះជាលើកទី២ហើយក្នុងរយៈពេល១ខែនេះ ដែលនាវាចម្បាំងអាម៉េរិកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីភាពតានតឹងយោធារវាងក្រុងតៃប៉ិ និងក្រុងប៉េកាំងត្រូវបានបញ្ឆេះឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមខែសីហា៕​
 
 
 
 
 
 
 
 
 

Tag:
 ចិន
  អាម៉េរិក
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com