ជាតិ
សង្គមជាតិ
សេចក្តីបំភ្លឺ៖ អ្នកដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទយកលុយបង់ថ្លៃផាកពិន័យ មិនមែនប៉ូលិសចរាចរណ៍ទេ គឺជនឆ្លៀតឱកាស
21, Sep 2022 , 4:59 pm        
រូបភាព
បូលិសចរចារណ៍ទាំងអស់ ដែលឈរជើងនៅរង្វង់មូលកួចកាណុង ខាងលិចស្ពានជ្រោយចង្វា និងបុរសជាអ្នករត់ម៉ូតូកង់បី ត្រូវបានហៅទៅសួរតទល់មុខគ្នា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងខ្ចរខ្ចាយលើបណ្តាញសង្គមថា បុរសជាអ្នករត់ម៉ូតូកង់បីនោះ ត្រូវប៉ូលិសចរាចរណ៍ ឃាត់នៅរង្វង់មូលកួចកាណុង ដើម្បីពិន័យប្រាក់៦ម៉ឺនរៀល ពីបទមិនកិបគន្លឹះខ្សែមួកសុវត្ថិភាព ហើយដោយសារគាត់ គ្មានលុយគ្រប់ គាត់ ក៏ត្រូវបុរសម្នាក់ បបួល និងឌុបទៅកន្លែងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទ យកលុយបង់ថ្លៃផាកពិន័យ។
 
តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរដូច្នេះថា៖«[...] ជនស៊ីវិល ដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស»។
 
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជភ្នំពេញ លម្អិតរឿងរ៉ាវនេះ ដែលកើតឡើងកាលពីព្រឹកថ្ងៃទី២០កញ្ញាថា ពេលនោះ មានជនឱកាសនិយម ស្លៀកពាក់ស៊ីវិល បានហៅបុរសរត់ម៉ូតូកង់បីនោះ ហើយប្រាប់ថា បើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដើម្បីយកលុយបង់ថ្លៃផាកពិន័យ។ អ្នកនាំពាក្យ បន្តថា ដោយមិនចាប់អារម្មណ៍ និងប្រញាប់ផងនោះ អ្នករត់ម៉ូតូកង់បី ក៏ជឿ ហើយបានផ្តល់លុយ ដែលបានពីការបញ្ចាំទូរស័ព្ទនោះ ទៅឲ្យជនស៊ីវិលដែលបន្លំជាសមត្ថកិច្ច។ 
 
ក្នុងវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសជាអ្នករត់កង់៣ បាននិយាយដូចអ្វីដែលអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺ។ គាត់ និយាយថា ទូរស័ព្ទរបស់គាត់ បញ្ចាំបានតែ៥ម៉ឺនរៀលប៉ុណ្ណោះ ហើយគាត់ ប្រគល់ប្រាក់ទាំង៥ម៉ឺនរៀល ទៅឲ្យជនដែលឌុបគាត់ទៅបញ្ចាំនោះ។ 
 
បុរសរត់ម៉ូតូកង់បី អះអាងនៅមុខសមត្ថកិច្ចបែបនេះថា៖«បន្ទាប់ពីផ្ទុះព័ត៌មានមក ខាងមន្រ្តីចរាចរណ៍ ឲ្យខ្ញុំមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែពេលហៅមន្រ្តីចរចារណ៍ [ដែលឈរជើងនៅរង្វង់មូលកួចកាណុង] ទាំង៧រូបនោះមក គឺគ្មានភិនភាគដែលដូចជនស៊ីវិល [ដែលឌុបខ្ញុំទៅបញ្ចាំទូរស័ព្ទ] ទេ»។ 
 
ពេលឃើញការផ្សព្វផ្សាយព័ត៌មាននេះលើបណ្តាញសង្គម លោក ស ថេត ស្នងការរាជធានីភ្នំពេញ ក៏បញ្ជាឲ្យស្រាវជ្រាវ ថាតើព័ត៌មាននេះពិត ឬមិនពិត។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកជនស៊ីវិល ដែលបន្លំធ្វើជាសមត្ថកិច្ច និងឌុបអ្នករត់កង់បី ទៅបញ្ចាំទូរស័ព្ទ៕ 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com