ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
​​លោក ម៉ើត ឌលឡោះ ប្តេជ្ញាដាក់ភ្លើងបំភ្លឺផ្លូវប្តេជ្ញា ដើម្បីសុវត្ថិភាពពលរដ្ឋក្នុងឃុំត្រពាំងសង្កែ
22, Sep 2022 , 7:59 pm        
រូបភាព
 ដោយ៖ យុវជនឃុំត្រពាំងសង្កែ 
 
ស្រុកទឹកឈូ, ខេត្តកំពត៖ ភ្លើងបំភ្លឺផ្លូវ ត្រូវបានពង្រាយតាមចំណុចមួយចំនួន នៅភូមិនានាក្នុងឃុំត្រពាំងសង្កែ នៃស្រុកទឹកឈូ ខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរនាពេលយប់។ យ៉ាងណាមិញ ផ្លូវមួយចំនួនក្នុងឃុំនេះ មិនទាន់មានភ្លើងបំភ្លឺឡើយ ដោយសារឃុំមិនទាន់លទ្ធភាព។ ទន្ទឹមនេះ លោក ម៉ើត ឌលឡោះ ជំទប់ឃុំទី១ នៃឃុំត្រពាំងសង្កែ ក៏បានប្តេជ្ញាបន្ថែមភ្លើងបំភ្លឺផ្លូវតាមតម្រូវការពលរដ្ឋ ដើម្បីសុវត្ថិភាពពលរដ្ឋធ្វើដំណើរពេលយប់។
 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
 

កន្លងមក អាជ្ញាធរឃុំត្រពាំងសង្កែ បានសហការជាមួយអង្គការ សហគមន៍ និងសប្បុរសជន ដាក់ភ្លើងបំភ្លឺផ្លូវតាមចំណុចមួយចំនួន នៃភូមិកំពង់កែស ត្រពាំងសង្កែ និងត្រពាំងធំ។ សមិទ្ធផលនេះ បានទទួលការសាទរជាច្រើនពីពលរដ្ឋ ដ្បិតងាយស្រួលធ្វើដំណើរពេលយប់ដោយមានសុវត្ថិភាព។ លោក ឌលឡោះ បានឱ្យដឹងថា៖«ប្រជាជនសប្បាយរីករាយណាស់ ព្រោះផ្លូវមានភ្លើងបំភ្លឺ ផ្តល់ភាពងាយស្រួលដល់ធ្វើដំណើររបស់ពួកគាត់យប់ព្រលប់ មានសុវត្ថិភាព គ្មានភាពភ័យខ្លាច ជាពិសេសគ្មានការព្រួយបារម្ភចំពោះកូនចៅទៅរៀនដល់យប់»។ 


ភ្លើងបំភ្លឺផ្លូវក្នុងឃុំត្រពាំងសង្កែ។ រូបភាពដោយ៖ យុវជនឃុំត្រពាំងសង្កែ

ក្រោយសម្រេចបានភ្លើងបំភ្លឺផ្លូវមួយចំនួន ជំទប់ឃុំរូបនេះ ក៏បានប្តេជ្ញាបន្តដាក់ភ្លើងបំភ្លឺបន្ថែមនៅចំណុចងងឹត ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ។ លោកបញ្ជាក់ថា អាជ្ញាធរ ​នឹងអភិវឌ្ឍតាមតម្រូវការពលរដ្ឋ ដោយគម្រោងអភិវឌ្ឍផ្លូវដាក់ភ្លើងបំភ្លឺផ្លូវមានរួចរាល់អស់ហើយ និងកំពុងរងចាំការអនុវត្ត។ ទន្ទឹមនេះ អាជ្ញាធរឃុំត្រពាំងសង្កែ ក៏បានដាក់ប្រជាការពារភូមិចុះល្បាតផងដែរ ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋភូមិឃុំទាំងអស់៕
  
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ​ត្រពាំងសង្កែ
  ភូមិឃុំសុវត្ថិភាព
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com