ជាតិ
អាស៊ាន
សម្តេច ហ៊ុន សែន សង្ឃឹមថា សមាជិកភាពអាស៊ានរបស់ទីម័រខាងកើត អាចប្រកាសនៅចុងឆ្នាំនេះ
24, Sep 2022 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
រយៈពេលប្រមាណ១០ឆ្នាំហើយ ដែលកម្ពុជា បានប្រឹងប្រែងជំរុញឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ាន ពោលចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២មក។ នៅក្នុងជំនួបជាមួយលោក José Ramos Horta (រ៉ាម៉ូស ហ័រតា) ធានាធិបតីទីម័ខាងកើត នាព្រឹកថ្ងៃទី២៣កញ្ញា នៅស្នាក់ការអង្គការសហប្រជាជាតិ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ក៏សង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន ហើយភាពជាសមាជិកនេះ អាចប្រកាសនៅចុងឆ្នាំ២០២២នេះ ហើយនឹងចូលជាសមាជិកពេញសិទ្ធិ នៅឆ្នាំ២០២៣។ សម្តេចហ៊ុន សែន បានបង្ហោះខ្លឹមសារជំនួបទ្វេភាគីនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី២៤ កញ្ញានេះ។
 
តាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដំណឹងពីសមាជិកភាពអាស៊ាន បានធ្វើឲ្យប្រធានាធិបតីប្រទេសទីម័រខាងកើតលោក រ៉ាម៉ូស ហ័រតា និងគណៈប្រតិភូ រំភើប និងបានអរគុណសម្តេច ហ៊ុន សែន ចំពោះកិច្ចសម្របសម្រួលឱ្យទីម័រខាងកើតក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ។
 
ក្រៅពីបញ្ហានេះ សម្តេច ហ៊ុន សែន និង លោក រ៉ាម៉ូស ហ័រតា ក៏បានពិភាក្សាពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរដែរ។ ប្រធានាធិបតីទីម័រខាងកើត រំពឹងថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា នឹងកាន់តែល្អប្រសើរថែមទៀត ខណៈលោកនឹងទស្សនកិច្ចនៅកម្ពុជា នៅខែតុលាខាងមុខ។ លោក បានអះអាង ក្នុងទស្សនកិច្ចនេះ លោកនឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ។


 
ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា  ការជឿជាក់លើគ្នាទៅវិញទៅមក បានជំរុញឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ទីម័រខាងកើត កាន់តែរីកចម្រើន។ ដ្បិតតែទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នៅមានកម្រិត តែកម្ពុជា និងទីម័រ នៅតែសង្ឃឹមថាអាចពង្រីកបន្ថែមបាន តាមរយៈការពិនិត្យលទ្ធភាពឱ្យមានការធ្វើពាណិជ្ជកម្មសេរីរវាងភាគីទាំង២។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ក៏បានជជែកគ្នាពីការបើកជើងហោះហើរត្រង់ កម្ពុជា-ទីម័រខាងកើតដែរ ដើម្បីផ្តល់ភាពងាយស្រួល និងកាន់តែប្រសើរ ដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគ៕
 

Tag:
 អាស៊ាន
  ហ៊ុន សែន
  កម្ពុជា
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com