អន្តរជាតិ
អាម៉េរិក និងចិនថាពិតជាចាំបាច់ក្នុងការរៀបចំទំនាក់ទំនងទ្វេភាគីឱ្យល្អឡើងវិញ
24, Sep 2022 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខការទូតចិន និងអាម៉េរិកនៅថ្ងៃទី២៣ ខែកញ្ញាពិភាក្សាគ្នាពីតម្រូវការរៀបចំទំនាក់ទំនងទ្វេភាគីឱ្យបានប្រសើរឡើងវិញ ស្របពេលប្រទេសទាំងពីរប្រឈមភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន និងសមភាគីចិន វ៉ាង យី នៅថ្ងៃទី២៣ ខែកញ្ញាបានជួបជជែកគ្នានៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក។ អំឡុងកិច្ចពិភាក្សា ភាគីទាំងពីរបានលើកឡើងពីភាពចាំបាច់ជាបន្ទាន់ក្នុងការស្តារទំនាក់ទំនងចិន និងអាម៉េរិកឡើងវិញ ក៏ដូចជាជំហរលើបញ្ហាតៃវ៉ាន់។ 
 
«រដ្ឋមន្រ្តី(លោក ប្លីងខិន)ពិភាក្សាពីតម្រូវការរក្សាទំនាក់ទំនងដោយបើកចំហរ និងគ្រប់គ្រងទំនាក់ទំនងរវាងអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិនដោយទំនួលខុសត្រូវ ពិសេសអំឡុងពេលមានភាពតានតឹង»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Ned Price។ 
 
បើតាមទូរទស្សន៍រដ្ឋចិន CGTN វិញ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង និយាយថា ទំនាក់ទំនងចិន-អាម៉េរិកកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ហើយក៏ស្ថិតក្នុងចំណុចសំខាន់មួយដែរដែលទាមទារឱ្យក្រុងវ៉ាស៊ីនតោនរៀនពីវា។ បើតាមលោក វ៉ាង វាជារឿងចាំបាច់ណាស់ដែលភាគីទាំងពីរបង្កើតផ្លូវដ៏ត្រឹមត្រូវមួយប្រកបដោយទំនួលខុសត្រូវចំពោះពិភពលោក ប្រវត្តិសាស្រ្ត និងប្រជាជននៃប្រទេសទាំងពីរ។ 
 
ជំនួបកម្រិតរដ្ឋមន្រ្តីជាន់ខ្ពស់នេះធ្វើឡើង ស្របពេលចិនតឹងសរសៃកជាមួយអាម៉េរិកដែលបញ្ជាក់ម្តងហើយម្តងទៀតថានឹងប្រើកងកម្លាំងទ័ពការពារតៃវ៉ាន់ក្នុងករណីចិនឈ្លានពាន។ 
 
ទាក់ទងបញ្ហានេះ លោក ប្លីងខិន ក៏បានបញ្ជាក់ដែរថា ក្រុងវ៉ាស៊ីនតោនប្តេជ្ញារក្សាសន្តិភាព និងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ទៅតាមគោលការណ៍ចិនតែមួយ។ ចំណែក លោក វ៉ាង បញ្ជាក់ជាថ្មីថា តៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ក្រុងប៉េកាំង ហើយប្រសិនបើក្រុងវ៉ាស៊ីនតោនដើរខុសលើរឿងនេះ នោះវានឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរជាក់ជាមិនខាន៕

© រក្សាសិទ្ធិដោយ thmeythmey.com