ជាតិ
សេដ្ឋកិច្ច
វៀតណាមជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់កម្ពុជា​
26, Sep 2022 , 8:59 pm        
រូបភាព
រូបពី ក្រសួងសាធារការ និងដឹកជញ្ជូន ។
រូបពី ក្រសួងសាធារការ និងដឹកជញ្ជូន ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៤,២៤ពាន់លានដុល្លារ នៅក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២២។ ទំហំនេះ បានកើនឡើងរហូតដល់ ២២,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ៣,៤៦ ពាន់លានដុល្លារ ។
 
វៀតណាមជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់កម្ពុជា បន្ទាប់ពីចិន និងអាម៉េរិក ហើយឈរនៅលំដាប់ទីមួយបើធៀបជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម ៨ខែនេះ មានទំហំទឹកប្រាក់ ១,៤៦ពាន់លានដុល្លារ កើនឡើងតិចតួចប្រមាណ ៣,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ១,៤១ ពាន់លានដុល្លារ។
 
ចំណែកការនាំចូលទំនិញពីវៀតណាម មកកម្ពុជាវិញ សម្រេចបានជាង ២,៧៧ពាន់លានដុល្លារ កើនឡើងក្នុងអត្រា ៣៥,៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ ២,០៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។ នេះបើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 
 
បណ្តាមុខទំនិញសំខាន់ៗដែលនាំចូលពីវៀតណាម មានទំហំទឹកប្រាក់ច្រើនជាង ១០០លានដុល្លារ រួមមាន ដែក វាយនភណ្ឌ ប្រេងសាំង វត្ថុធាតុដើមសម្រាប់វាយនភណ្ឌ កាត់ដេរ និងស្បែកជើង  ជី ក្រដាស ផលិតផលប្លាស្ទិក ចំណីសត្វ លោហធាតុ និងផលិតផលទូទៅផ្សេងទៀត។ ក្នុង​ចំណោម​ទំនិញ​ទាំង​នោះ មាន​ទំនិញ​មួយ​ចំនួន​ ​មាន​ការ​កើន​ឡើង​ច្រើន​ដូច​ជា ប្រេងឥន្ធនៈ វាយនភណ្ឌ ជី ដែក ...។
 
រីឯ ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាមវិញ មានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្ករស… ក្នុងនោះកៅស៊ូជាមុខទំនិញដែលមានទំហំទឺកប្រាក់នាំចេញច្រើនជាងគេ។ នេះបើតាមអគ្គនាយកដ្ឋានគយវៀតណាម​។ 
 
ក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃទី៣ ខែសីហា ភាគីទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានលើសពី ១០ពាន់លានដុល្លារនៅឆ្នាំ ២០២២នេះ។ 
 
បច្ចុប្បន្ន ប្រទេសទាំងពីរជាសមាជិកអាស៊ាន ហើយទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងតំបន់នេះ សម្រាប់ការយកពន្ធចន្លោះ ០ ទៅ ៥ភាគរយ សម្រាប់មុខទំនិញនាំចូល និងនាំចេញភាគច្រើន។ នេះគឺជា​ការ​ជំរុញ​មួយផ្នែក ចំពោះពាណិជ្ជកម្មនៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ពង្រីក​សកម្មភាព​វិនិយោគ​និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ ក៏ដូចជា​ទីផ្សារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក៕
 

Tag:
 វៀតណាម ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com