ជាតិ
សេដ្ឋកិច្ច
តើកម្មវិធីទូរស័ព្ទដៃ CamDigiKey ជាអ្វី ?
27, Sep 2022 , 10:19 am        
រូបភាព
 លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត៖ មជ្
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត៖ មជ្

កម្មវិធីទូរស័ព្ទដៃ CamDigiKey គឺជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលរបស់ថ្នាល CamDigiKey ដែលជាប្រព័ន្ធសម្គាល់អតិថិជនឌីជីថល ឬហៅកាត់ជាភាសាអង់គ្លេសថា ប្រព័ន្ធ e-KYC ដំបូងគេរបស់រដ្ឋាភិបាលកម្ពុជា។ តាមរយៈកម្មវិធីនេះ អតិថិជនអាចបង្កើតគណនីបានយ៉ាងងាយស្រួល  សម្រាប់ចូលទៅកាន់សេវាសាធារណៈឌីជីថល និងសេវាផ្សេងៗទៀតដែលតភ្ជាប់មកកាន់ថ្នាល CamDigiKey ដោយពុំចាំបាច់មានគណនីច្រើននោះទេ។


គណនី CamDigiKey នីមួយៗ អាចបញ្ជាក់បាននូវអត្តសញ្ញាណបុគ្គលពិតប្រាកដ ដែលមានការផ្ទៀងផ្ទាត់ទិន្នន័យ និងអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។ អ្នកប្រើប្រាស់មានត្រឹមតែ CamDigiKey មួយ នឹងអាចចូលទៅប្រើប្រាស់ប្រព័ន្ធផ្សេងទៀត ដែលថ្ពក់ចូលមកកាន់ថ្នាល CamDigiKey ដោយមិនចាំបាច់មានគណនី ដែលទាមទារឱ្យមាន Username និង Password និងតម្រូវឱ្យចងចាំច្រើននោះទេ ។

លោក​ តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»បានប្រាប់សារព័ត៌មានថ្មីៗ​ យ៉ាងដូច្នេះ ៖«  CamDigiKey ជួយបង្កើត និងកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលជាទម្រង់ឌីជីថលមួយច្បាស់លាស់ មានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយប្រព័ន្ធរបស់រដ្ឋាភិបាលដែលសំដៅលើទិន្នន័យរបស់ក្រសួងមហាផ្ទៃ។ ជាពិសេសការប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការស្កែនបញ្ជាក់ពីភាពរស់រវើករបស់មុខ ដែលកត្តាទាំងពីរនេះហើយដែលកំណត់ភាពច្បាស់លាស់តាមទម្រង់ឌីជីថល»។
បើតាមលោក តាំង ងួនលី នៅពេលអ្នកប្រើប្រាស់បានបង្កើតគណនីរួចហើយ គឺអាចចូលទៅប្រើប្រាស់សេវាសាធារណៈនានា ដែលបានភ្ជាប់ជាមួយ CamDX ដោយមិនចាំបាច់ចងចាំ Password និង​ Username ទេ ដោយគ្រាន់តែមាន App CamDigikey មួយនៅលើស្មាតហ្វូនបានហើយ ។ ​
អត្ថបទទាក់ទង
 
ទន្ទឹមនេះ​ វិស័យឯកជន ក្នុងវិស័យហិរញ្ញវត្ថុ ដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ក៏បាននឹងកំពុងថ្ពក់ចូលថ្នាល CamDigiKey ដើម្បីប្រើប្រាស់ជាប្រព័ន្ធកំណត់អត្តសញ្ញាណអតិថិជនឌីជីថលរបស់ខ្លួន សម្រាប់ជាមធ្យោបាយរបស់ខ្លួនដែរ។ នេះបើតាមការបន្ថែមរបស់លោក ងួនលី ។
ជុំវិញករណីសន្តិសុខជាតិនេះ បណ្តាប្រទេសមួយចំនួន បានអនុវត្តការដាក់កាម៉េរ៉ាស្គែនមុខប្រជាជននៅទីសាធារណៈ ដើម្បីកំណត់អត្តសញ្ញាណ ហើយឃ្លាំមើលរាល់សកម្មភាពរបស់ពួកគេ ។ ប៉ុន្តែកម្ពុជាមិនមានមហិច្ចតា
​ក្នុងការធ្វើបែបនេះទេ ព្រោះវាប៉ះពាល់សិទ្ធឯកជន។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»រូបនេះ បន្ថែម ។

លោក តាំង ងួនលី បញ្ជាក់ច្បាស់ៗថា ៖«​អត់ទេ! យើងមិនមានPlanទៅដល់ថា្នក់ហ្នឹងទេ ករណី CamDigiKey យើងគ្រាន់តែប្រើវាក្នុងការសម្រួលទៅដល់ការប្រើប្រាស់តែប៉ុណ្ណោះ មួយវិញទៀតយើងចង់ជួយវិស័យឯកជន ដូចជា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រងជាដើម...»។

គូសបញ្ជាក់ថា ថ្នាល CamDigiKey ជាគន្លឹះជំរុញការអនុវត្តឌីជីថលនៅកម្ពុជា ដែលស្របទៅតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ។ ថ្នាលនេះមិនត្រឹមតែអាចកំណត់អត្តសញ្ញាណអតិថិជនអនឡាញ (e-Verification) ប៉ុណ្ណោះទេ ថែមទាំង ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពចំពោះអ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ ៕





Tag:
 CamDigiKey
  ​CamDX
  តាំង ងួនលី
© រក្សាសិទ្ធិដោយ thmeythmey.com