សង្គមអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីឥណ្ឌា Adani ទម្លាក់មហាសេដ្ឋីអាម៉េរិក Jeff Bezos ឡើងជាមហាសេដ្ឋីទី២ លើលោក 27, Sep 2022 , 1:59 pm
លោក Gautam Adani មហាសេដ្ឋីជនជាតិឥណ្ឌា។ រូបថត Fortune India
×
មហាសេដ្ឋីឥណ្ឌា Gautam Adani បានឡើងមកឈរនៅលំដាប់ទី២ ក្នុងតារាងមហាសេដ្ឋីពិភពលោក ដោយទម្លាក់លោក Jeff Bezos ឱ្យទៅនៅលំដាប់ទី៣។ នេះបើតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់សារព័ត៌មាន Bloomberg។
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ថ្មីៗនេះត្រូវបានបាត់បង់ងារជាមហាសេដ្ឋីពិភពលោកលំដាប់ទី២ ដោយធ្លាក់មកឈរនៅលំដាប់ទី៣ វិញ ព្រោះមហាសេដ្ឋីជំនួញឥណ្ឌា លោក Gautam Adani ឡើងមកជំនួសតំណែងនេះ។ សេដ្ឋីឥណ្ឌារូបនេះបានប្រើពេលមិនដល់១០ខែឡើយ ដើម្បីឡើងមកឈរនៅលំដាប់ទី២។ កាលពីដើមឆ្នាំ២០២២ លោក Adani ស្ថិតនៅលេខរៀងទី១៤ ឯណោះនៃតារាងមហាសេដ្ឋីពិភពលោក។
បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Adani មានប្រហែល១៤៧ពាន់លានដុល្លារដែលភាគច្រើនជាភាគហ៊ុននៃក្រុមហ៊ុន Adani Group ដ៏ធំរបស់លោក។ មហាសេដ្ឋីជាស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk នៅតែរក្សាតំណែងទី១ ដែលមានទ្រព្យសម្បត្តិក្នុងដៃប្រមាណ ២៦០ពាន់លានដុល្លារ។
ក្រុមហ៊ុន Adani Group បានគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនរួមទាំងអាជីវកម្មធ្យូងថ្ម និងជាម្ចាស់កំពង់ផែ ១៣ របស់ឥណ្ឌា ដែលបានរីកចម្រើនគួរឱ្យកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Adani មួយចំនួនបានហក់ឡើងជាង១ពាន់ភាគរយចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ដែលវាបានឆ្លុះបញ្ចាំងពីអំពីភាពរឹងមាំរបស់ក្រុមហ៊ុននេះនៅក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញ។ នេះដោយសារនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍលើវិស័យទាំងនេះ។
ទាក់ទិននឹងអតីតមហាសេដ្ឋីពិភពលោកលំដាប់ទី២ វិញ លោក Jeff Bezos បានថយចុះទ្រព្យសម្បត្តិមកនៅត្រឹម ១៤៥,៨ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Bloomberg ខណៈដែលភាគហ៊ុន Amazon របស់លោក Bezos បានធ្លាក់ចុះជាង២៥ភាគរយនៅឆ្នាំ២០២២។
កាលពីខែកុម្ភៈ លោក Adani បានវ៉ាដាច់មហាសេដ្ឋីឥណ្ឌាមួយរូបទៀត លោក Mukesh Ambani ហើយក្លាយជាអ្នកមានបំផុតនៅអាស៊ី។ នេះជាលើកទីមួយហើយដែលសហគ្រិនមកពីអាស៊ី បានជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Bloomberg ខណៈកន្លងមកមានតែសហគ្រិនជនជាតិស្បែកសប៉ុណ្ណោះដែលស្ថិតនៅកំពូលតារាងមហាសេដ្ឋីពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com