ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើការជ្រើសរើសកញ្ញាឯកកម្ពុជា ត្រូវឆ្លងកាត់អ្វីខ្លះ មុនឡើងទៅកាន់ឆាកអន្តរជាតិ?
27, Sep 2022 , 4:39 pm        
រូបភាព
លោក ម៉ែន និមលរតន៍ ផ្តល់បទសម្ផាសជាមួយសារព័ត៌មានថ្មីៗ ( រូបចាស់)
លោក ម៉ែន និមលរតន៍ ផ្តល់បទសម្ផាសជាមួយសារព័ត៌មានថ្មីៗ ( រូបចាស់)
ដោយ: ថ្មីៗ
 
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក ម៉ែន និមលរតន៍ អ្នកជំនាញរៀបចំការប្រកួតជ្រើសរើសកញ្ញាឯកកម្ពុជា ទៅកាន់ឆាកអន្តរជាតិជាច្រើន បានប្រាប់សារព័ត៌មានថ្មីៗថា ការជ្រើសរើសកញ្ញាឯកកម្ពុជា ទៅប្រកួតជាលក្ខណៈអន្តរជាតិត្រូវឆ្លងកាត់ច្រើន ដំណាក់កាល ដូចជា ការសម្រិតសម្រាំងលើចំណេះដឹង រូបសម្រស់ និងឆន្ទៈរបស់បេក្ខនារីនីមួយៗជាដើម។ ទម្រង់នៃកម្មវិធីប្រកួតមានភាពដោយឡែកពីគ្នា ដោយអាស្រ័យលើទស្សនៈវិស័យ និងបេសកម្មផ្សេងពីគ្នា។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ   និង លោក ម៉ែន និមលរតន៍ អគ្គនាយកក្រុមហ៊ុន CIM  ដូចតទៅ៖

កញ្ញា សុង សុធាវី៖ ដើម្បីជ្រើសរើសកញ្ញាឯកតំណាងឱ្យប្រទេសកម្ពុជាទៅ
ប្រកួតនៅលើឆាកអន្តរជាតិបាន តើត្រូវមើលលើចំណុចសំខាន់អ្វីខ្លះ?
លោក ម៉ែន និមលរតន៍៖ បាទ យើងត្រូវមើលទាំងអស់តាំងពីចុងសក់រហូតដល់ចុងជើងរបស់ពួកគាត់ ដែលផ្តោតលើចំណេះដឹងទូទៅ រូបសម្រស់ សមត្ថភាពក្នុងការដើរម៉ូតគ្រប់ទម្រង់លើសគេ និងយល់ពីរបៀបនៃការប្រឡងជាលក្ខណៈអន្តរជាតិបានច្រើនជាមុនសិន។ លើសពីនេះកញ្ញាឯកត្រូវមាឥរិយាបថជានារីខ្មែរ និងអាចតុបតែងកាយដោយខ្លួនឯងបានគ្រប់ទម្រង់នៃសម្រៀកបំពាក់ ក៏ដូចជាកម្មវិធីទាំងនោះ។

កញ្ញា សុង សុធាវី៖ ចុះដំណាក់កាលនៃការប្រឡងវិញយ៉ាងណាដែរ តើមានភាពប្លែកគ្នាដូចម្តេច?
លោក ម៉ែន និមលរតន៍៖ ចំពោះកម្មវិធីទាំងអស់មិនដូចគ្នាទេ មានរយៈពេលប្រកួតចាប់ពី១ខែ ទៅ២ខែ អាស្រ័យលើប្រភេទនៃកម្មវិធី ទស្សនៈវិស័យ។ល។ ដែលតម្រូវឱ្យជ្រើសរើសបេក្ខភាពចុងក្រោយដូចជា TOP5 TOP3 ឬ TOP10 ជាដើម។ ដំបូងឡើយគឺការប្រកាសជ្រើសរើសបេក្ខនារី បន្ទាប់មកគឺការប្រឡងជ្រើសរើសផ្តោតលើចំណេះដឹងទូទៅ រូបសម្រស់ និងសម្ថភាពក្នុងការដើរគ្រប់ទម្រង់តែម្តង ដោយមានការប្រកួតទាក់ទងនឹងឈុតតំំណាងជាតិ ឈុតហែលទឹក និងឈុតសមោសជាដើម។ល។

លោក ម៉ែន និមលរតន៍ អគ្គនាយកក្រុមហ៊ុន CIM

កញ្ញា សុង សុធាវី៖ ចំពោះឈុតទាំងអស់មុននឹងបេក្ខនារីយកមកបង្ហាញនិងប្រកួតលើឆាក តើត្រូវឆ្លងកាត់ការពិភាក្សាពីស្ថាប័នពាក់ព័ន្ធជាមុនដែរ ឬទេ ជៀសវាងការខ្វះចន្លោះណាមួយកើតឡើង?
លោក ម៉ែន និមលរតន៍៖ ករណីនេះកាលពីមុនក្រុមហ៊ុនជាអ្នករៀបចំទាំងឈុតតំណាងជាតិ និងអ្នកតុបតែងជូនពួកគាត់ តែដោយមានការលើកឡើងថាក្រុមហ៊ុនមានភាពលំអៀងលើបេក្ខនារី ទើបជិត៣ឆ្នាំនេះមានការសុំរៀបចំឈុតតំណាងជាតិ និងរកអ្នកតុបតែងកាយដោយខ្លួនឯង ។ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យ ពិភាក្សាគ្នាពីអ្នកជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដូចជាតំណាងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ផងដែរ។ ប៉ុន្តែខាងក្រុមហ៊ុនខ្ញុំគឺមិនផ្តោតលើឈុតតំណាងខេត្តអ្វីនោះទេបាទ។

កញ្ញា សុង សុធាវី៖ ចុះសមាសភាពគណៈកម្មការវិញ ត្រូវមានសមត្ថភាពកម្រិតណាដែរលោកទើបសម?
លោក ម៉ែន និមលរតន៍៖ ត្រង់ចំណុចនេះពិតជាសំខាន់ណាស់ គឺយើងសម្រិតសម្រាំងយកអតីតកញ្ញាឯក និងបុរសឯកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការប្រកួត ទាំងលើឆាកជាតិ និងអន្តរជាតិ ពិសេសចំណេះដឹងទូលំទូលាយផងដែរ។ តែយើងមិនយកអ្នកដែលគ្មានជំនាញក្នុងវិស័យនេះមកឡើយ។

កញ្ញា សុង សុធាវី៖ ក្រៅពីកម្មវិធី Mrss Cambodia និង Mrss Universe តើលោកបានរៀបចំកម្មវិធីអ្វីទៀត ហើយត្រូវសម្រិតសម្រាំងបេក្ខនារីមុនចេញទៅប្រកួតដូចម្តេច?
លោក ម៉ែន និមលរតន៍៖ ជិត១០ឆ្នាំមកនេះការបញ្ជូនកញ្ញាឯកទៅកាន់ឆាកអន្តរជាតិមានជាង១០កម្មវីធី តែយើងមានកម្មវិធីជិត៤០នៅក្នុងដៃ ដែលត្រៀមនឹងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។ យើងមិនចេះតែបញ្ជូនបេក្ខភាពទៅប្រកួតទេ អាចថាយើងមើលលើសមត្ថភាពពួកគាត់ជាមុនសិន ត្រូវពង្រឹងបំពេញបន្ថែម ជាពិសេសទាក់ទងនឹងចំណេះដឹងទូទៅដែលត្រូវឡើងប្រកួតលើឆាកអន្តរជាតិតែម្តង៕



Tag:
 បទសម្ភាសតាមទូរសព្ទដៃ
  វិស័យសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com