កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនបានស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំ២០២២ ខណៈចិនបានបាត់បង់សន្ទុះសេដ្ឋកិច្ចខ្លួន ដោយសារតែការបន្តវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់ អាចចុះខ្សោយវិញ ដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ នេះបើតាមធនាគារពិភពលោក។
ប្រទេសចិន ដែលពីមុននេះ ធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករថានឹងទទួលបានកំណើនត្រឹម ២,៨ភាគរយប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១ភាគរយ ក្នុងឆ្នាំ២០២១។ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២ភាគរយ នៅក្នុងឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៧,២ភាគរយ ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦ភាគរយវិញ នៅឆ្នាំ ២០២៣។ នេះបើតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update)។
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឱ្យដឹងថា៖ «សេដ្ឋកិច្ចកំពុងតែស្តារស្ថានភាពឡើងវិញហើយ នៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ»។
បើតាមរបាយការណ៍ខាងលើ កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនសម្រេចបានអាស្រ័យដោយការងើបឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំប្រហែល ៨៦ភាគរយនៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលបង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។
ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមធ្វើឱ្យមានការធ្លាក់ចុះនូវតម្រូវការ សម្រាប់ការនាំចេញនៅក្នុងតំបន់ ដូចជាវត្ថុធាតុដើម និងទំនិញរោងចក្រ។ ការកើនឡើងអតិផរណានៅបរទេស បានរុញអត្រាការប្រាក់ឡើងដែរ ដែលជាហេតុធ្វើឱ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះបានបង្កើនបន្ទុកដល់សេវាទូទាត់បំណុល និងបង្រួញលំហសារពើពន្ធ ហើយបង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់ នៅពេលជំងឺរាតត្បាតមកដល់។ នេះបើតាមរបាយការណ៍ដដែល។
លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក បានឱ្យដឹងថា អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងភាពដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណា និងការធ្វើអន្តរាគមន៍ដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញ។
«វិធានការគ្រប់គ្រងថ្លៃនិងការឧបត្ថម្ភធន បានធ្វើឱ្យព័ត៌មានអំពីថ្លៃទំនិញ មានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះការមានគោលនយោបាយកាន់តែប្រសើរសម្រាប់ស្បៀងអាហារ ឥន្ធនៈ ហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង»។ នេះបើតាមលោក Aaditya Mattoo ៕