អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ទីរបញ្ចកោណ៖ យោធាអាម៉េរិកសម្លាប់ជនស៊ីវិល១២នាក់ក្នុងឆ្នាំ២០២១
29, Sep 2022 , 9:59 am        
រូបភាព
មន្ទីរបញ្ចកោណ នៅថ្ងៃទី២៧ខែកញ្ញាបានចេញផ្សាយពីរបាយការណ៍ពីផលប៉ះពាល់របស់ប្រតិបត្តិការយោធាអាម៉េរិកនៅទូទាំងពិភពលោក ដោយក្នុងនោះយោធាអាម៉េរិកសម្លាប់ជនស៊ីវិលចំនួន១២នាក់​ក្នុង​ឆ្នាំ​២០២១។ យ៉ាងណាមិញក្រុមអ្នកឃ្លាំមើលឯកជឿជាក់ថាចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ជាង​ចំនួនដែលបានរាយការណ៍នេះ។
 
ក្នុងរបាយការណ៍ប្រចាំឆ្នាំដែលកំណត់ដោយសភា ក្រសួងការពារជាតិអាម៉េរិក បញ្ជាក់ថាអ្នកស្លាប់ក្នុងប្រតិបត្តិការយោធាអាម៉េរិកនៅបរទេសមាន១២នាក់ក្នុងឆ្នាំ២០២១ដោយធ្លាក់ចុះ១១នាក់ធៀបឆ្នាំ២០២០ ដែលមាន២៣នាក់។
 
ចំនួនអ្នកស្លាប់១២​នាក់ខាងលើនេះរួមមានជនស៊ីវិលអាហ្វហ្កានីស្ថាន១០នាក់ដែលស្លាប់ក្នុង​ការ​វាយ​ប្រហារដោយដ្រូនអាម៉េរិកនៅទីក្រុងកាប៊ុលកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
មន្ត្រី​អាម៉េរិ​ក​បាន​ហៅការវាយប្រហារជាសាធារណៈថាជាកំហុសប៉ុន្តែគ្មានបុគ្គលណាម្នាក់​នឹងត្រូវទទួល​ទណ្ឌកម្ម​ចំពោះ​ឧបទ្ទវហេតុនេះទេ។ ការស្លាប់ពីរករណីទៀតស្ថិតការវាយប្រហារនៅទីក្រុង Herat ក្នុងខែមករា ឆ្នាំ​២០២១ និងការវាយឆ្មក់នៅទីក្រុង Kandaharក្នុងខែសីហាឆ្នាំ២០២១​។
 
បើតាមរបាយការណ៍ដដែល ជនស៊ីវិលប្រាំនាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថាបានរងរបួសដោយ​យោធា​អាម៉េរិកក្នុងឆ្នាំ២០២១ ដែល២នាក់នៅអាហ្វហ្កានីស្ថាន និង៣នាក់នៅសូម៉ាលី។
 
យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលនៅតែជឿជាក់ថាចំនួនមនុស្សស្លាប់មានច្រើន​ជាង​ចំនួនដែលបានរៀបរាប់ក្នុងរាបាយការណ៍នេះ។
 
«ជាថ្មីម្តងទៀតចំនួនជនរងគ្រោះស៊ីវិលដែលត្រូវបានបញ្ជាក់គឺទាបជាងអ្វីដែលសហគមន៍នៅលើមូលដ្ឋានកំពុងរាយការណ៍»។ អ្នកឃ្លាំមើលជម្លោះនៅស្ថាប័ន Airwars​ លោកស្រី Emily Trippបាន​លើក​ឡើងបែបនេះរួចបន្ថែមថាឧប្បត្តិហេតុប្លែកៗរាប់សិបផ្សេងទៀតដែលពាក់ព័ន្ធនឹងជនរងគ្រោះ​ស៊ីវិល​ស៊ីរីក្នុងឆ្នាំ២០២១មិនត្រូវបានបញ្ចូលក្នុងរបាយការណ៍នោះឡើយ។
 
បើតាមរបាយការណ៍របស់ Airwars​ ស្តីពីការស្លាប់របស់ជនស៊ីវិលក្នុងឆ្នាំ២០២១ប្រតិបត្តិការរបស់​សម្ព័ន្ធភាពចម្រុះដឹកនាំដោយអាម៉េរិកនៅតែក្នុងស៊ីរីមួយត្រូវបានប៉ាន់ស្មានថា
បានសម្លាប់ជន​ស៊ីវិល​ចន្លោះពី១៥នាក់ ទៅ២៧ នាក់ឯណោះ៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com