ជាតិ
សង្គមជាតិ
ជំនន់ទឹកភ្លៀងនៅសៀមរាប ប៉ះពាល់ពលរដ្ឋជាង២ម៉ឺនគ្រួសារហើយ
29, Sep 2022 , 7:45 pm        
រូបភាព
ជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ គិតត្រឹមថ្ងៃទី២៨ កញ្ញា ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប ជន់លិចស្រុកចំនួន៩ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ។


យោងតាមរបាយការណ៍ការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ត្រឹមថ្ងៃទី២៨ កញ្ញា ស្ថានភាពជំនន់ទឹកភ្លៀងតាមបណ្ដាស្រុកទាំង៩ ហាក់នៅកម្រិតព្រួយបារម្ភនៅឡើយ ទោះបីស្រុកមួយចំនួនកម្ពស់ទឹករៀងស្រកបន្ដិចក្ដី។ តួយ៉ាង ស្ថានភាពទឹកនៅស្រុកក្រឡាញ់ ហាក់នៅសាយពាយតាមភូមិ និងតាមសងខាងកំណាត់ផ្លូវជាតិលេខ៦នៅឡើយ។

របាយការណ៍សង្ខេបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ជំនន់ទឹកភ្លៀងបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២៥,០៣១គ្រួសារ លើភូមចំនួន៣១៤ភូមិ ឃុំចំនួន ៦១ នៃស្រុកចំនួន៩។ ស្រុកទាំង៩នោះ រួមមាន ស្រីស្នំ ក្រឡាញ់ ជីក្រែង អង្គរជុំ វ៉ារិន ពួក សូទ្រនិគម ប្រាសាទបាគង និងអង្គរជុំ។

ចំពោះផលប៉ះពាល់លើដំណាំកសិកម្មវិញ រួមមាន ប៉ះពាល់ដល់ស្រូវពង្រោះចំនួន ៣២,៦៥៣ហិកតា ស្មើនឹងជាង២ម៉ឺនគ្រួសារ។ ប៉ះពាល់ដល់ដំឡូងមី ៤,៦២៦ហិកតា ស្មើនឹងជាង៣ពាន់គ្រួសារ។

ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ ៦,៦៦៩ខ្នង ក្នុងនោះកម្រិតធ្ងន់២៩ខ្នង។ លិចទីធ្លាសាលារៀន ៧៩កន្លែង, លិចបរិវេណមណ្ឌលសុខភាព៦កន្លែង, អាគាររដ្ឋបាលឃុំ ប៉ុស្ដិ៍រដ្ឋបាល ២០កន្លែង, បរិវេណវត្ត ១៨កន្លែង, ផ្សារ២កន្លែង។ ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វិញ លិចផ្លូវជិត ១៦០គីឡូម៉ែត្រ ក្នុងនោះខូចខាតជាង៥គីឡូម៉ែត្រ។ល។

ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ នៅថ្ងៃទី២៩ កញ្ញា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអំពាវនាវឱ្យពលរដ្ឋមានបន្តការប្រុងប្រយ័ត្នចំពោះគ្រោះជំនន់ទឹកភ្លៀងនេះ ពិសេសបញ្ហាអគ្គិសនី និងកូនតូចៗ។ ការហូបចុក និងប្រើប្រាស់ទឹកត្រូវមានអនាម័យ ដើម្បីបង្ការកុំឱ្យមានជំងឺរាគរួសជាដើម។ នេះជាការផ្ដាំផ្ញើរបស់លោកអភិបាលខេត្ត ទៅកាន់ពលរដ្ឋជិត៣០០គ្រួសារក្នុងចំនួន៥ នៃស្រុកក្រឡាញ់៕

Tag:
 ជំនន់ទឹកភ្លៀង
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com