ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អាស៊ាន
ម្ចាស់ផលិតកម្ម LD ​៖ រដ្ឋ ត្រូវទប់ស្កាត់លំហូរភាពយន្តបរទេស ហើយជំរុញភាពយន្តខ្មែរ ចូលទីផ្សារអាស៊ាន
11, Nov 2022 , 10:59 pm        
រូបភាព
លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ភាពយន្ត រូបភាពពី សករាជត
លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ភាពយន្ត រូបភាពពី សករាជត
ដោយ៖ សុង សុធាវី 

ភ្នំពេញ៖ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ភាពយន្ត ស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ ការហូរចូលដ៏ច្រើននៃភាពយន្តបរទេស ជាពិសេសការបកប្រែរឿងបរទេស ដែលស្រដៀងគ្នានឹងវប្បធម៌ជាតិខ្មែរ ដែលវានាំឱ្យមានការភាន់ច្រឡំវប្បធម៌គ្នា។ បើតាមលោក លីដា រដ្ឋក៏ត្រូវជួយលើកកម្ពស់ផលិតករក្នុងស្រុក ក៏ដូចជាបច្ចេកទេសផលិត ទើបអាចជួយឱ្យភាពយន្តខ្មែរ មានឱកាសឈានចូលទីផ្សារអាស៊ានបាន។
 
ថ្មីៗនេះ លោក លៀក លីដា ម្ចាស់ផលិតកម្ម LDភាពយន្ត បានក្លាយជាប្រធានសមាគមផលិតករភាពយន្តកម្ពុជា ដែលមានសមាជិកសរុបខ្ទង់២០នាក់។  ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដៃ  លោក លីដា ពន្យល់ថា ការបង្កើតឱ្យមានសមាគមផលិតករភាពយន្តកម្ពុជានេះឡើង ដើម្បីអភិវឌ្ឍន៍វិស័យភាពយន្តកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មភាពយន្តពិតប្រាកដ និងលើកស្ទួយវិស័យភាពយន្តទាំងមូល ពិសេសផ្តល់ឱកាសដល់ផលិតករដែលមានស្នាដៃ វិជ្ជាជីវៈពិតប្រាកដក្នុងអាជីពផលិតភាពយន្ត។


លោក លៀក លីដា ម្ចាស់ផលិតកម្ម LD ភាពយន្ត. រូបភាពពី ហ្វេសប៊ុកលោកផ្ទាល់.
 
« ពាក្យថាផលិតករពិតប្រាកដ គឺពួកគាត់បានឆ្លងកាត់ការសិក្សា យល់ច្បាស់ពីវិស័យភាពយន្តហ្នឹង ទាំងវិជ្ជាជីវៈផលិត ដឹកនាំខ្សែរភាពយន្តមួយ រៀនហើយចេះផលិតបាន។ មិនមែនគ្រាន់តែមានលុយហើយចង់បើកដោយចិត្តស្រលាញ់តែប៉ុណ្ណឹងទេ។ ពេលខ្លះវាអាចប៉ះពាល់ដល់ដល់គុណតម្លៃនៃការផលិតភាពយន្តខ្មែរពិតប្រាកដទៅវិញ»។ ទាំងនេះជាការបញ្ជាក់របស់ប្រធានសមាគមផលិតករភាពយន្តខាងលើ។
 
ដើម្បីកាន់តែលំអិត សូមលោក លោកស្រី អ្នកនាងកញ្ញា ស្តាប់បទសម្ភាសរវាង លោក លៀក លីដា ម្ចាស់ផលិតកម្ម LDភាពយន្ត  ជាមួយ កញ្ញា​ សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» 
នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖


*
*


 
ឆ្លងកាត់បទពិសោធន៍ជាង១០ឆ្នាំក្នុងជីវិតជាផលិតករភាពយន្ត ពិសេសក្នុងស្ថានភាពជំងឺកូវីដ-១៩ ជាងពីរឆ្នាំនេះ លោក លីដា មើលឃើញពីទុក្ខលំបាក ដែលបាត់បង់ចំណូលស្ទើរតែទាំងស្រុងពីឧស្សហកម្មផលិតភាពយន្ត រហូតផលិតករខ្លះ មិនអាចទប់ទល់នឹងជីវភាព ក៏សម្រចចិត្តផ្អាកមួយរយៈតែម្តង។ រីឯរូបលោក ក៏បន្តដំណើរបន្តិចម្តងៗតាមដែលអាចធ្វើទៅបាន។ 
 
ជាមួយគ្នានេះ លោក លៀក លីដា បានលាតត្រដាងពីឧបសគ្គធំៗពីរ ដែលពិបាកឱ្យភាពយន្តខ្មែរងើបឡើងដោយងាយស្រួលបានគឺ ការហូរចូលដ៏ច្រើននៃភាពយន្តបរទេស និង ការបកប្រែរឿងបរទេសដែលស្រដៀងគ្នានឹងវប្បធម៌ជាតិខ្លួន វានាំឱ្យមានការភាន់ច្រឡំវប្បធម៌គ្នា។
 
ម្ចាស់ផលិតកម្ម LD រូបនេះ បានបញ្ជាក់ថា៖ « ម្ចាស់ផលិតកម្មមួយចំនួនគាត់មិនសូវផ្តល់ឱកាសឱ្យផលិតករវ័យក្មេងក្នុងការបង្ហាញសមត្ថភាពទេ។ ផលិតករខ្លះដឹកនាំរឿងខ្លួនឯង សម្តែងក៏ខ្លួនឯង។ល។ តែសម្រាប់ LD យើងផ្តល់ឱកាស។ មួយវិញទៀតគឺ ទីផ្សារអ្នកទស្សនាភាពយន្តខ្មែរក្នុងស្រុកតិចនៅឡើយដែលខុសពីទីផ្សារប្រទេសជិតខាង ដែលគេចាយទុនធំ តែមានបងប្អូនក្នុងស្រុកគេគាំទ្រ រហូតឈានដល់ការនាំចេញក្រៅប្រទេសទៀត។ ឯយើងវិញឆ្លងកាត់បទពិសោធន៍ផលិតរឿងរបស់ខ្ញុំ រឿងដែលលោតបំផុតហើយមានអ្នកមើលប្រហែល២០ម៉ឺននាក់ទេ ដូចនេះទីផ្សារអ្នកទស្សនាក្នុងស្រុកយើងមានតិច ដែលវាក៏អាស្រ័យទៅលើគុណភាពរឿង និងចំណូលចិត្តរបស់អ្នកទស្សនាទាំងនោះផងដែរ»។
 
បើនិយាយពីដំណើររបស់ភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអាស៊ានវិញ លោក លីដា បានសង្កត់ធ្ងន់ថា កន្លងមក មានផលិតករក្នុងស្រុកជាច្រើន ដែលអាចផលិតភាពយន្តបានដែរ តែមិនមានឱកាសនាំចេញទៅក្រៅប្រទេសឡើយ ដោយសារតែគុណភាពបច្ចេកទេសផលិត និងសន្ទុះអ្នកគាំទ្រមិនសូវមានច្រើន។ ពោលគឺ ផ្តោតសំខាន់លើបច្ចេកទេសក្នុងការផលិតភាពយន្ត ទាមទារការចំណាយដើមទុនខ្ពស់។ល។ 
 
ដោយសារមើលឃើញបញ្ហានេះ លោកអំពាវនាវឱ្យក្រសួងពាក់ព័ន្ធឱ្យជួយសម្រួល ជំរុញកិច្ចការងារទាំងនេះ ទើបអាចជួយផលិតករក្នុងស្រុកបាន។
 
តែយ៉ាងណាម្ចាស់ផលិតកម្ម LD រូបនេះ ក៏មើលឃើញពីភាពរីកចម្រើនក្នុងវិស័យផលិតភាពយន្តខ្មែរនាពេលសព្វថ្ងៃ ដោយម្ចាស់ផលិតកម្មមួយចំនួន មានលទ្ធភាពទិញ និងប្រើប្រាស់សម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីយកមកវិនិយោគក្នុងឧស្សហកម្មភាពយន្តនេះ។ បុរសមានវ័យប្រហែល៤០ឆ្នាំរូបនេះ ប្រាប់បន្ថែមថា« បច្ចុប្បន្នឃើញថាភាពយន្តខ្មែរមានភាពរីកចម្រើន ហើយភាពយន្តខ្មែរចែកចេញជា ភាពយន្តខ្នាតធំ ( ចាក់ក្នុងរោងភាពយន្ត) ភាពយន្តខ្នាតតូច ភាពយន្តភាគ»
 
ទោះជាយ៉ាងណាក៏ដោយ ប្រធានសមាគមផលិតករភាពយន្តកម្ពុជារូបនេះ លើកទឹកចិត្តដល់ផលិតករក្នុងស្រុកដែលជួបការលំបាកឱ្យបន្តខិតខំទៅមុខទៀត និងប្តូររបៀបផលិតមួយចំនួនឱ្យស្របតាមទីផ្សារ ក៏ដូចជាចំណង់ចំណូលចិត្តអ្នកទស្សនាផងដែរ។ រឹតតែសំខាន់ លោកអំពាវនាវទៅកាន់ ជនរួមជាតិឱ្យជួយគាំទ្រ។ 
 
 រីឯរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ លំហូរចូលដ៏ច្រើននៃភាពយន្តបរទេស ការបកប្រែរឿងបរទេសដែលស្រដៀងគ្នានឹងវប្បធម៌ជាតិខ្លួន ដែលវានាំឱ្យមានការភាន់ច្រឡំវប្បធម៌គ្នា ក៏ដូចជាការពង្រឹងជំនាញអ្នកផលិត ទាំងច្ចេកទេសជាដើម ទើបភាពយន្តខ្មែរអាចមានឱកាសឈានចូលទីផ្សារអាស៊ានដូចគេបាន។ នេះបើតាមលោក លីដា ៕
 
 
 
 
 
 
 
 
 

Tag:
 វិស័យសិល្បៈភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com