អន្តរជាតិ
រដ្ឋមន្ត្រីវប្បធម៌ប្រទេសជាង១០០ បានប្ដេជ្ញាបញ្ជូនវត្ថុបុរាណមានតម្លៃទៅប្រទេសដើមវិញ
01, Oct 2022 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអ្នកតំណាងតាមបណ្ដាប្រទេសចំនួន១៥០ ដាក់ការប្ដេជ្ញាចិត្តខិតខំពង្រឹងសកម្មភាពប្រគល់វត្ថុបុរាណប្រវត្តិសាស្ត្រទៅឱ្យប្រទេសដើមវិញ។ នេះបើតាមសេចក្ដីប្រកាសមួយចេញនៅថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីសន្និសីទអង្គការវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅម៉ិកស៊ិក។
 
សារមន្ទីរធំៗ កន្លែងដាក់ដេញថ្លៃ និងអ្នកប្រមូលទិញវត្ថុបុរាណមានតម្លៃ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះដោយសារពិភពលោកកំពុងប្រឹងប្រែងពង្រឹងសកម្មភាពបញ្ជូនវត្ថុមានតម្លៃដូចជាស្នាដៃសិល្បៈ និងវត្ថុបុរាណផ្សេងៗទៅប្រទេសដើមវិញ។ 
 
នាទីក្រុងម៉ិកស៊ីកូ ថ្ងៃទី២៨ ដល់ ៣០ខែកញ្ញា អង្គការវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបើកសន្និសីទប្រចាំឆ្នាំរបស់ខ្លួន ជាមួយការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដោយបើកចំហស្ដីពីបញ្ហាវត្ថុបុរាណដែលទទួលបានដោយខុសច្បាប់ និងចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណខុសច្បាប់។ 
 
យោងតាមសេចក្ដីប្រកាសចេញនៅថ្ងៃទី៣០ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអ្នកតំណាងប្រទេសទាំងអស់ដែលជាសមាជិកកិច្ចប្រជុំចំនួន១៥០ប្រទេស បានប្ដេជ្ញានឹងខិតខំបញ្ជូនវត្ថុបុរាណនានាដែលមានក្នុងប្រទេសខ្លួនទៅប្រទេសដើមវិញ។ ​រដ្ឋមន្ត្រីវប្បធម៌ រួមទាំងអ្នកតំណាងប្រទេសនានា បាននាំគ្នា​ពិភាក្សា​ពី​របៀប​ការពារ​បេតិកភណ្ឌ​ពី​សង្គ្រាម និង​ពីការរងគ្រោះដោយ​បម្រែបម្រួលអាកាសធាតុផងដែរ។
 
«ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះវាមានការផ្លាស់ប្តូរ។ វាជាចំណុចរបត់មួយដែលដំណើរការប្រគល់របស់គេទៅម្ចាស់ដើមវិញ អាចធ្វើឡើងបានច្រើន»។ លោក Ernesto Ottone ជំនួយការអគ្គនាយកអង្គការ UNESCO ទទួលបន្ទុកវប្បធម៌ បានលើកឡើងបែបនេះក្នុងសន្និសីទដោយបានរំលេចពីកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនដែលសម្រេចបាននាពេលថ្មីៗនេះ ស្ដីពីការប្រគល់វត្ថុបុរាណមកទៅប្រទេសដើមវិញ។ 
 
កន្លងមកស៊ីលី បានទាមទារយករូបសំណាក Moai ពីសារមន្ទីរអង់គ្លេសវិញបានជោគជ័យ។ រដ្ឋាភិបាលរបស់ម៉ិកស៊ិកកន្លងមក ក៏បានអំពាវនាវឱ្យសារមន្ទីរទីក្រុងវិយែន Vienna ប្រគល់មកុដរោមសត្វ Montezuma ដែលជាវត្ថុមានតម្លៃរបស់អធិរាជ Aztec មានអាយុកាល ៥០០ឆ្នាំមកហើយមកឱ្យខ្លួនវិញដែរ។ យ៉ាងណាមិញ អ្នកជំនាញបានអះអាងថារោមសត្វនោះមានអាយុច្រើនហើយមានភាពផុយស្រួយ ពិបាកដឹកជញ្ជូនមកម៉ិកស៊ិកវិញ។
 
ថ្មីៗនេះ ក្រោយការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ឥណ្ឌាក៏បានស្នើសុំឱ្យអង់គ្លេសប្រគល់ត្បូងពេជ្រធំដែលនៅលើមកុដរបស់ម្ចាស់ក្សត្រីយ៍ត្រឡប់មកឱ្យខ្លួនវិញ។ វាជាត្បូងពេជ្រពណ៌ស ដ៏ធំបំផុតក្នុងពិភពលោក៕
 

Tag:
 UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com