អន្តរជាតិ
UN៖ ការធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ទំនងបំភាយមេតានច្រើនបំផុតមិនធ្លាប់មាន
01, Oct 2022 , 10:29 pm        
រូបភាព
រូបថតបង្ហាញពីចំណុចបែកធ្លាយនៃបំពង់បង្ហូរ Nord Stream ។ រូបថត Xinhua
រូបថតបង្ហាញពីចំណុចបែកធ្លាយនៃបំពង់បង្ហូរ Nord Stream ។ រូបថត Xinhua
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) នៅថ្ងៃទី៣០ ខែកញ្ញា បានលើកឡើងថា ការខូចខាតបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream នៅក្រោមសមុទ្របាល់ទិក ទំនងជានាំឱ្យមានការបំភាយឧស្ម័នមេតានទៅក្នុងបរិមាណដ៏ច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក។
 
មេតាន ជាឧស្ម័នផ្ទះកញ្ចក់បំផ្លាញអាកាសធាតុធ្ងន់ធ្ងរ ប៉ុន្តែវាមានលទ្ធភាពជាប់ក្នុងបរិយាកាសរយៈពេលខ្លីជាងឧស្ម័នកាបូនឌីអុកស៊ីត។ បើតាមការវិភាគរូបភាពផ្កាយរណបនៅពេលថ្មីៗនេះ ដោយក្រុមអ្នកស្រាវជ្រាវដែលពាក់ព័ន្ធជាមួយអង្គការឃ្លាំមើលការបំភាយឧស្ម័នមេតានអន្តរជាតិ (IMEO) របស់កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) មេតានកំហាប់ខ្ពស់ត្រូវបានគេរកឃើញយ៉ាងច្រើនក្នុងបរិយាកាស។
 
«នេះគឺពិតជាអាក្រក់ មើលទៅវាទំនងជាព្រឹត្តិការណ៍បំភាយឧស្ម័នដ៏ធំបំផុតមិនធ្លាប់មាន»។ លោក Manfredi Caltagirone ប្រធាន IMEO សម្រាប់កម្មវិធី UNEP ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ 
 
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ផ្កាយរណបដើម្បីតាមដានការបំភាយឧស្ម័នមេតានចេញពីចំនុចលេចធ្លាយទាំង៤របស់បំពង់បង្ហូរ ​Nord Stream។ ជាលទ្ធផល គេបានប៉ាន់ប្រមាណថាបរិមាណឧស្ម័នដែលលេចធ្លាយចេញពីចំណុចធ្លាយមួយ ក្នុងចំណោមចំនុចទាំងបួនគឺមានម៉ាស ២២៩២០គីឡូក្រាមក្នុងមួយម៉ោង។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បរិមាណបំភាយនោះស្មើនឹងការដុតធ្យូងប្រហែល៦៣ម៉ឺនផោនក្នុងមួយម៉ោង។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា វាជាបរិមាណដ៏ច្រើនខ្លាំង ហើយពិសេសវាបានបំភាយចេញរយៈពេល ៤ថ្ងៃហើយបន្ទាប់ពីបំពង់ឧស្ម័ននោះបែកធ្លាយ។
 
ប្រធាន IMEO លោក Caltagirone បានអះអាងថា បរិមាណមេតានរាប់តោនត្រូវបានបំភាយក្នុងមួយម៉ោងៗ។ មេតានសរុបដែលបានបំភាយចេញពីបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុន Gazprom អាចមានបរិមាណខ្ពស់ជាងបរិមាណបំភាយពេលធ្លាយចេញពីអណ្តូងប្រេង និងឧស្ម័ននៅឈូងសមុទ្រក្នុងដែនទឹកម៉ិកស៊ិក ដែលមានប្រហែល៤ម៉ឺនតោនប៉ុណ្ណោះក្នុងរយៈពេល១៧ថ្ងៃ។ 
 
ការធ្លាយបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ពីរុស្ស៊ីទៅអឺរ៉ុបបានបង្កើតឱ្យមានបញ្ហាកាន់តែស្មុគស្មាញ ព្រោះនាំឱ្យលេចឡើងការបន្ទោសគ្នាទៅវិញទៅមករវាង រុស្ស៊ី និងអាម៉េរិក ជុំវិញមូលហេតុបង្ក និងអ្នកបង្កការខូចខាត។ 
 
យ៉ាងណាមិញ លោក Caltagirone បានលើកឡើងថា មិនថាមូលហេតុមកពីអ្វីក៏ដោយ ការខូចខាតបំពង់បង្ហូរប្រេងបង្កបញ្ហាលើសពីសន្តិសុខផ្នែកថាមពលទៅទៀត ហើយនេះជាទង្វើធ្វេសប្រហែសបំផុតដែលបង្កការបំភាយឧស្ម័នផ្ទះកញ្ចក់៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com