សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌូណេស៊ី៖ មនុស្ស១២៩នាក់ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់
02, Oct 2022 , 10:03 am        
រូបភាព
មនុស្សយ៉ាងហោចណាស់១២៩នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋាននៅឥណ្ឌូណេស៊ីនៅថ្ងៃទី១ ខែតុលា។​ ក្រោយហេតុការណ៍នេះ រដ្ឋមន្រ្តីកីឡាឥណ្ឌូណេស៊ីអះអាងថា អាជ្ញាធរនឹងវាយតម្លៃជាថ្មីពីសុវត្ថិភាព ហើយពិចារណាហាមអ្នកគាំទ្រចូលកីឡដ្ឋានទៀតផង។
 
ហេតុការណ៍រត់ជាន់គ្នា កើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត ក្រោយការប្រកួតរវាងក្រុមភ្ញៀវ Arema F.C. និងម្ចាស់ផ្ទះ Persebaya Surabaya ។ បើតាមប៉ូលិសឥណ្ឌូណេស៊ី អ្នកគាំទ្រក្រុមភ្ញៀវដែលរងបរាជ័យ បានសម្រុកចូលកីឡដ្ឋាន ហើយក្រុមប៉ូលិសក៏ចាត់វិធានការបង្ក្រាប ដែលនាំដល់ការរត់ជាន់គ្នានៅកីឡដ្ឋានតែម្ដង។
 
ពីដំបូង ប៉ូលិសឥណ្ឌូណេស៊ី រាយការណ៍ពីចំនួនអ្នកស្លាប់១២៧នាក់ដែលក្នុងនោះមានប៉ូលិស២នាក់ផង និងរបួស១៨០នាក់។ ប៉ុន្តែនៅព្រឹកថ្ងៃទី២ ខែតុលា អ្នកស្លាប់ឡើងដល់១២៩នាក់។ ចំណែកស្នងការប៉ូលិសខេត្តជ្វាខាងកើត អះអាងថា មនុស្ស៣៤នាក់ស្លាប់ក្នុងហេតុការណ៍ ហើយសល់ពីនោះ ស្លាប់ក្នុងមន្ទីរពេទ្យ។
 
ក្រោយហេតុការណ៍នេះ លីគកំពូលឥណ្ឌូណេស៊ី BRI Liga 1 ប្រកាសផ្អាកការប្រកួតមួយសប្ដាហ៍។ ចំណែកសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ក៏ប្រកាសបើកការស៊ើបអង្កេតផងដែរ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com