អន្តរជាតិ
ទ័ពអ៊ុយក្រែន ដណ្ដើមទីក្រុងសំខាន់មួយនៅតំបន់ខាងកើតដែលរុស្ស៊ីទើបបញ្ចូលជាទឹកដីខ្លួន
02, Oct 2022 , 1:59 pm        
រូបភាព
យោធារុស្ស៊ី នៅថ្ងៃទី១ ខែតុលា បានប្រកាសពីការដកទ័ពចេញពីទីក្រុង Lyman នៃតំបន់​ដូណេត្សនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកងទ័ពអ៊ុយក្រែនឡោមព័ទ្ធ ហើយរំដោះទីក្រុងនេះវិញ។ ការបាត់បង់ទីក្រុង Lyman ដែលជាមជ្ឈមណ្ឌលភ័ស្តុភារដ៏សំខាន់របស់កងទ័ពរុស្ស៊ី ជាបរាជ័យមួយទៀតរបស់រុស្ស៊ី ហើយកើតឡើងក្រោយរុស្ស៊ីបញ្ចូលដែនដី៤ របស់អ៊ុយក្រែនក្នុងដែនអធិបតេយ្យរបស់ខ្លួន។
 
ប៉ុន្មានក្រោយយោធាអ៊ុយក្រែនឡោមព័ទ្ធទីក្រុង Lyman ហើយចូលគ្រប់គ្រងនៅពេលបន្ទាប់ ក្រសួងការពារជាតិរុស្ស៊ី ក៏ប្រកាសថា កងទ័ពរបស់ខ្លួន បានដកចេញពីទីក្រុងនេះហើយ ដើម្បីរកទីតាំងឈរជើងដែលអំណោយផលជាង។ លោក Serhii Cherevatyi អ្នកនាំពាក្យកងទ័ពអ៊ុយក្រែនៅប៉ែកខាងកើត អះអាងថា រុស្ស៊ីអាចមានកងទ័ពពី៥០០០នាក់ទៅ៥៥០០នាក់ក្នុងទីក្រុងដ៏សំខាន់ដែលជាផ្នែកមួយនៃតំបន់ដូណេត្ស។
 
តំបន់ដូណេត្ស និងតំបន់៣ទៀត ត្រូវបានរុស្ស៊ីបញ្ចូលជាទឹកដីរបស់ខ្លួននៅថ្ងៃទី៣០ ខែកញ្ញា។
 
ទីក្រុង Lyman ជាមជ្ឈមណ្ឌលភ័ស្តុភារ និងដឹកជញ្ជូនដ៏សំខាន់មួយរបស់កងទ័ពរុស្ស៊ីសម្រាប់ប្រតិបត្តិការនៅភាគខាងជើងតំបន់ដូណេត្ស។ ការដណ្ដើមបានទីក្រុងនេះ ជាជ័យជម្នះដ៏ធំមួយរបស់កងទ័ពអ៊ុយក្រែន ចាប់តាំងពីយុទ្ធនាការផ្លេកបន្ទោរវាយបកនៅតំបន់ Kharkiv ហើយដែលនឹងបើកផ្លូវដល់ការុលទៅទឹកដីលូហានបន្តទៀត។
 
ដូណេត្ស និងលូហាន ដែលបង្កើតបានជាតំបន់ដុនបាសនៅប៉ែកខាងកើតអ៊ុយក្រែន ជាគោលដៅសំខាន់របស់ប្រតិបត្តិការយោធារុស្ស៊ីចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈមក។ តំបន់ទាំង២ ក៏ជាសមរភូមិចាស់រវាងក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី និងកម្លាំងអ៊ុយក្រែនដែរ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com