អន្តរជាតិ
វេណេស៊ុយអេឡាដោះលែងអ្នកទោសអាម៉េរិក៧នាក់ ឯអាម៉េរិកដោះលែងសាច់ញាតិលោក ម៉ាឌុយរ៉ូ ២នាក់វិញ
02, Oct 2022 , 3:29 pm        
រូបភាព
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ។ រូបថត AFP
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ។ រូបថត AFP
វេណេស៊ុយអេឡា នៅថ្ងៃទី១ ខែតុលា បានដោះលែងអ្នកទោសជនជាតិអាម៉េរិក៧នាក់ជាថ្នូរនឹងការដោះលែងក្មួយប្រុសពីរនាក់របស់ភរិយាប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ វិញ។
 
ជនជាតិអាម៉េរិកទាំង៧នាក់រួមមានមន្រ្តីក្រុមហ៊ុនប្រេងចំនួនប្រាំនាក់ដែលត្រូវបានឃុំខ្លួននៅវេណេស៊ុយអេឡាអស់រយៈពេលជិត៥ឆ្នាំមកហើយ ដែលនេះជាការដោះដូរអ្នកទោសដ៏ធំបំផុតនៅក្នុងរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន រវាងភាគីទាំងពីរ។ ឯសាច់ញាតិលោក ម៉ាឌុយរ៉ូ ត្រូវកាត់ទោសពីបទជួញដូរគ្រឿងញៀន។ ​
 
«បុគ្គលទាំងនេះនឹងត្រូវបានជួបជុំគ្នាក្នុងពេលឆាប់ៗនេះជាមួយក្រុមគ្រួសាររបស់ពួកគេ និងត្រលប់មកទៅរកមនុស្សជាទីស្រលាញ់របស់ពួកគេវិញ»។ លោកប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
កិច្ចព្រមព្រៀងដោះដូរអ្នកទោសនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាការទូតជាច្រើនខែ និងកិច្ចពិភាក្សាសម្ងាត់ជាច្រើនលើករវាងតំណាងចរចាអាម៉េរិក និងវេណេស៊ុយអេឡាដែលជាប្រទេសផលិតប្រេងមួយ។
 
អ្នកទោសជនជាតិវេណេស៊ុយអេឡាទាំង២ មានឈ្មោះ Franqui Flores និងបងប្អូនជីដូនមួយឈ្មោះ Efrain Campo ដែលជាក្មួយប្រុសរបស់ប្រពន្ធលោក ម៉ាឌុយរ៉ូ ។ បុរសទាំងពីរត្រូវ​បាន​ចាប់​ខ្លួនហៃទីក្រោយច្បាប់ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ឆ្នាំ ២០១៥ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​ញូវយ៉ក​ភ្លាមៗ​ដើម្បី​ប្រឈម​នឹង​ការ​កាត់​ទោស។
 
​បើទោះបីជាមានការដោះលែងជនជាតិអាម៉េរិកបាន៧នាក់ក្តី រដ្ឋបាលលោក បៃឌិន នៅតែស្ថិតក្រោមសម្ពាធក្នុងការធ្វើបន្ថែមទៀតដើម្បីនាំយកជនជាតិអាម៉េរិកជាង៦០នាក់ទៀតត្រលប់មកប្រទេសវិញ៕
 

Tag:
 វេណេស៊ុយអេឡា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com