ជាតិ
សង្គមជាតិ
ពលរដ្ឋក្នុងឃុំព្រះដាក់ ផ្ទុះការតវ៉ាក្រោយមានការស្រង់ស្ថិតិគ្រួសារចេញទៅរស់នៅភូមិរុនតាឯក
05, Oct 2022 , 5:39 pm        
រូបភាព
សៀមរាប៖ ពលរដ្ឋច្រើនគ្រួសារ រស់នៅក្នុងភូមិចំនួន៤ បានផ្ទុះការតវ៉ានៅខាងមុខសាលាឃុំព្រះដាក់ នាព្រឹកថ្ងៃទី៥ ខែតុលា ដើម្បីប្រឆាំងនឹងការទាមទារឱ្យពួកគេចាកចេញពីភូមិចាស់ ទៅរស់នៅភូមិរុនតាឯក ដែលជាភូមិអភិវឌ្ឍន៍ថ្មី។
 
តំណាងប្រជាពលរដ្ឋដែលចេញតវ៉ា លោក យស់ សា បានឱ្យដឹងថា ក្រុមប្រជាពលរដ្ឋបានព្រមព្រៀងរំសាយការតវ៉ាវិញ ក្រោយអាជ្ញាធរចុះសម្របសម្រួល និងសន្យារកដំណោះស្រាយជុំវិញបញ្ហានេះ។ លោកបន្តថា មន្រ្តីដែលធ្វើការងារទាក់ទងនឹងការដូរលំនៅនេះបញ្ជាក់ថា ក្រុមការងារដែលចុះស្រង់ទិន្នន័យនោះ គឺគ្រាន់តែចង់ដឹងពីគ្រួសារដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។ 


 
យ៉ាងណា លោក យស់ សា បញ្ជាក់ថា លោកមិនព្រមចាកចេញពីភូមិអូរទទឹង ដែលលោកនិងគ្រួសារ រស់នៅច្រើនជំនាន់មកហើយជាដាច់ខាត។ លោកប្រាប់ថា៖« ខ្ញុំអត់ទៅទេ ខ្ញុំម៉េចទៅ ខ្ញុំអត់ស្ម័គ្រចិត្តទៅទេ ព្រោះអីខ្ញុំរស់នៅទីនេះ កវែកកឆ្នាំង ទឹកដីជីដូនជីតាខ្ញុំនៅហ្នឹង ខ្ញុំអត់ចង់ទៅ ទីមួយខ្ញុំអត់ចង់បានសំណងពីរាជរដ្ឋាភិបាលដី២០គុណ៣០ម៉ែត្រ ហើយអត់ចង់បានគោលនយោបាយក្រមួយចំនួន១០ឆ្នាំហ្នឹងដែរ»។
 
លោក យស់ សា បញ្ជាក់ទៀតថា ពលរដ្ឋក្នុងភូមិទាំង៤ ដែលប្រឈមនឹងការអូសទាញដើម្បីចាកចេញនោះ មានភូមិព្រះដាក់ អូរទទឹង ថ្នល់បណ្ដោយ និងថ្នល់ទទឹង សរុបជាង១,៧០០គ្រួសារ គឺភាគច្រើនបានអះអាងថា មិនព្រមរើផ្ទះសម្បែង ទៅនៅភូមិរុនតាឯកឡើយ។ លោកថា អ្នកភូមិមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅលើទឹកដីបុរាណនេះយូរលង់មកហើយ ហើយពួកគេមានសិទ្ធិស្របច្បាប់សម្រាប់រស់នៅ មិនមែនអ្នកចំណាកស្រុកមកពីណាឡើយ។
 
«ពាក្យថាខ្មែរមួយម៉ាត់ សូមឱ្យខ្ញុំមានលទ្ធភាពរស់នៅលើទឹកដីដ៏បវរនេះផង សូមមេត្តាកុំធ្វើការបណ្ដេញពួកខ្ញុំអី»។ លោក យស់ សា បន្ថែម។
 


មេឃុំព្រះដាក់ លោក ភិន ថោង បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រុមការងារតម្រង់ទិស បានចាប់ផ្តើមចុះវាស់វែងក្បាលដីនៅឃុំព្រះដាក់ចាប់ពីថ្ងៃទី២ ខែកញ្ញា មក ដោយសារបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ។ ហើយថ្មីៗនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប ចុះសួរនាំព័ត៌មាន ពីរឿងចេញទៅរស់នៅភូមិរុនតាឯក។ 
 
លោក ភិន ថោង៖« គាត់មកសួរយោបល់ពលរដ្ឋ តើគាត់ព្រមផ្លាស់ទីលំនៅពី៤ភូមិ ទៅនៅរុនតាឯកអត់? បើទៅ គាត់នឹងរៀបចំឯកសារជូនដើម្បីបានចាប់ឆ្នោតយកក្បាលនៅរុនតាឯក  ហើយព្រឹកនេះ ក្រុមការងារចុះមកទៀត ក៏មានបញ្ហាបងប្អូនប្រមូលផ្ដុំតវ៉ា ដោយសារពលរដ្ឋថា គាត់ជាពលរដ្ឋរស់នៅយូរហើយ សំណូមពរសុំមិនចាកចេញ»។
 
មេឃុំព្រះដាក់ប្រាប់ថា នឹងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ និងផ្តល់យោបល់តាមក្រោយទៀត តែមិនបញ្ជាក់ថាមានលទ្ធភាពបែបណានោះទេ។
 
ភូមិចំនួន៤ក្នុងឃុំព្រះដាក់ បានក្លាយជាគោលដៅមួយសំខាន់ក្នុងការកៀរគរពលរដ្ឋឱ្យចេញទៅរស់នៅភូមិរុនតាឯក ក្រោយរាជរដ្ឋាភិបាលប្រកាសពីបំណងស្ដារបារាយណ៍ខាងកើតឡើងវិញ។ ភូមិព្រះដាក់ អូរទទឹង ថ្នល់ទទឹង និងថ្នល់បណ្ដោយ ដ្បិតជាភូមិបុរាណ តែវាស្ថិតនៅក្នុងបារាយណ៍ដែលរដ្ឋាភិបាលចង់បញ្ចូលទឹកក្នុងអាងបុរាណនេះឡើងវិញ ក្នុងបំណងប្រមូលទឹកដើម្បីប្រើប្រាស់ និងអភិរក្សប្រាសាទ។ សម្ដេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តចេញទៅរស់នៅភូមិរុនតាឯក នាថ្ងៃទី១ ខែតុលា បញ្ជាក់ថា ចង់ឱ្យមានទឹកក្នុងបារាយណ៍ខាងកើត ដែលអាចស្ដុកទឹកបាន ៣០លានម៉ែត្រគីប ហើយថា ទោះបីមិនបានទាំងអស់ ក៏បានពាក់កណ្ដាលដែរ៕
 
 
  
 
 

Tag:
 ព្រះដាក់
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com