ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់អ្នកព្រះដាក់ឱ្យរក្សាទំនៀមទម្លាប់បុរាណ និងគ្មានការផ្លាស់លំនៅទេ
08, Oct 2022 , 4:29 pm        
រូបភាព
លោក ជា សុផារ៉ា បង្ហាញផែនទីបារាយណ៍ខាងកើត ដែលចង់ដាក់ទឹកឡើងវិញ
លោក ជា សុផារ៉ា បង្ហាញផែនទីបារាយណ៍ខាងកើត ដែលចង់ដាក់ទឹកឡើងវិញ
សៀមរាប៖ ទៅកាន់ពលរដ្ឋខ្ទង់ពាន់គ្រួសារនៅក្នុងឃុំព្រះដាក់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថ្លែងថា នឹងមិនមានការរុះរើផ្ទះ និងឱ្យពលរដ្ឋផ្លាស់ប្ដូរលំនៅឋានទៅកន្លែងផ្សេងឡើយ។
 
«សរុបមកវិញ បងប្អូនទាំង៦ភូមិនៅក្នុងឃុំព្រះដាក់ សម្ដេចបានបញ្ជាក់ខ្ញុំពាំនាំគោលការណ៍នេះមកជម្រាបបងប្អូន អត់មានការរើរុះអីទេ ក៏ប៉ុន្តែតម្រូវការរបស់យើង សុំឱ្យមិនមានការពង្រីកសំណង់ចំណូលថ្មី ដែលនាំឱ្យខូចការ»។ នេះជាការលើកឡើងរបស់លោក ជា សុផារ៉ា ទៅកាន់ពលរដ្ឋដែលខ្លះអង្គុយ និងឈរត្រៀបត្រា ពេញបរិវេណសាលាឃុំព្រះដាក់ នាព្រឹកថ្ងៃទី៧ ខែតុលា។ 
 
ក្រៅពីបញ្ជាក់ដូច្នេះហើយ លោក ជា សុផារ៉ា ផ្ដាំទៅពលរដ្ឋក្នុងភូមិទាំងអស់ រួមទាំងមេភូមិ និងមេឃុំផង ដាច់ខាតមិនត្រូវចេញលិខិតលក់ដូរដីក្នុងតំបន់ឡើយ ហើយពលរដ្ឋមានតួនាទីថែរក្សាប្រពៃណីទំនៀមទម្លាប់ពីបុរាណមក និងមិនត្រូវប៉ះពាល់ទីបុរាណដ្ឋានណាមួយក្នុងមូលដ្ឋានខ្លួនឡើយ។ ពិសេសទប់ស្កាត់អ្នកចំណូលថ្មី ដែលអ្នកទាំងនោះ អាចនឹងលុបបំបាត់ប្រពៃណី វប្បធម៌អ្នកព្រះដាក់បានដោយងាយ។ 
 
យ៉ាងណាមិញ ក្នុងចិត្តរបស់លោក ជា សុផារ៉ា នៅតែចង់ឱ្យមានការដាក់ទឹកមួយផ្នែកក្នុងបារាយណ៍ខាងកើត គឺនៅប៉ែកខាងលិចថ្នល់ ដែលលោកអះអាងថា ជាបាតបារាយណ៍ និងមានផ្ទះអ្នកភូមិប្រមាណ២០ផ្ទះប៉ុណ្ណោះ ដែលអាចមានគោលការណ៍រើពួកគាត់មកទីទួលបាន។ 

លោក ជា សុផារ៉ា ជាមួយអ្នកភូមិព្រះដាក់នាថ្ងៃទី៧ តុលា។
 
លោក ជា សុផារ៉ា ប្រាប់ទៅពលរដ្ឋយ៉ាងដូច្នេះថា៖« យើងលៃតាមដំណាក់ កន្លែងណាទាបយើងដាក់ទឹកខ្លះទៅ ប៉ុន្តែកុំឱ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋ ប៉ុន្តែនិយាយចឹងមិនស្រួលទេ កន្លែងខ្លះធ្វើស្រូវដែរ...បាតបារាយណ៍ខាងលិច (ប៉ែកខាងលិចថ្នល់) មានពលរដ្ឋរស់នៅប្រហែល២០ផ្ទះ ត្រូវសួរពួកគាត់សិន បើនៅក៏នៅទៅ តែស្ម័គ្រចិត្ត សម្របសម្រួលឱ្យមកលើបន្ដិចមក ក្រែងមានដីសល់ នៅហ្នឹងដដែល តែមកលើបន្ដិច ឱ្យបានដាក់ទឹកបន្ដិច កុំឱ្យស្ងួតពេក»។  
 
វេទិកាជាមួយប្រជាពលរដ្ឋនៅឃុំព្រះដាក់បញ្ចប់ទៅវិញនៅវេលាម៉ោងជាង១០ គឺលោក ជា សុផារ៉ា ចំណាយពេលជិត២ម៉ោង ដើម្បីនិយាយពន្យល់ពលរដ្ឋឱ្យយល់អ្វីជាតម្លៃបេតិកភណ្ឌ និងការងារដែលលោកចូលមករៀបចំរបៀបរៀបរយនៅតំបន់រមណីយដ្ឋានអង្គរ ក្នុងនាមជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ក្នុងរមណីយដ្ឋានអង្គរ។ ហើយថា មានពលរដ្ឋភាគច្រើនហើយ បានទទួលយកគោលនយោបាយដោះស្រាយចេញទៅរុនតាឯក។ 
 
ក្រៅពីពលរដ្ឋឃុំព្រះដាក់ ដែលរីករាយឡើងវិញជាមួយព័ត៌មានដែលមិនមានការបង្ខំឱ្យចាកចេញ ក្នុងនោះក៏មានពលរដ្ឋពីភូមិដទៃទៀត មកទាមទារ និងបញ្ជាក់ជាមួយលោក ជា សុផារ៉ា ដែរ។ 
 
ពលរដ្ឋភូមិមណ្ឌល៣ សង្កាត់ស្លក្រាម អ្នកស្រី ចាន់ ផល្លី និងក្រុមអ្នកភូមិឯទៀតសរុបប្រមាណ៧នាក់ បានបង្ហាញទឹកមុខរីករាយ និងការស្រែកកញ្ចៀវ នៅពេលលោក ជា សុផារ៉ា ប្រាប់ថា អ្នកដែលមិនស្ម័គ្រចិត្ត អាចបន្តរស់នៅទៀតបាន។ អ្នកស្រី ផល្លី និយាយដូច្នេះថា៖« ខ្ញុំមិនចេញទេ សំណូមពរសុំនៅ អត់ចេញទេ ដើម្បីឱ្យកូនរៀនសូត្រ ទោះបីដី៤ឬ៥ម៉ែត្រ ក៏សុខចិត្តនៅដែរ គាត់ [ជា សុផារ៉ា] ឱ្យពួកខ្ញុំនៅ និងអរគុណសម្ដេចតេជោ ដែលឱ្យពួកមណ្ឌល៣នៅបន្តទៀត»។
 
ពលរដ្ឋភូមិព្រះដាក់ ត្រូវបានគេចាត់ទុកថា ជាភូមិបុរាណមួយដែលមានទំនៀមទម្លាប់ប្រពៃណីយូរលង់មកហើយ។ អ្នកភូមិនៅរក្សាប្រពៃណី និងទំនៀមទម្លាប់ជាច្រើនដែលខុសពីតំបន់ដទៃ ដូចជាសម្លេងភាសា សម្លៀកបំពាក់ ម្ហូបអាហារ របាំប្រពៃណីជាដើម។ ក្នុងនោះក៏មានពិធីទាក់ទងនឹងឆ្លងវ័យ ដូចជាកាត់សក់បង្កក់ឆ្មប កោរជុក បួសនាគ រៀបការ និងពិធីពាក់ព័ន្ធនឹងកសិកម្ម មានសុំទឹកភ្លៀង ឡើងមាឃហៅព្រលឹងស្រូវជាដើម។ល៕
 



Tag:
 ជា សុផារ៉ា
  ភូមិព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com