សុខភាព
អន្តរជាតិ
អ្នកស្លាប់ដោយជំងឺមហារីកថ្លើម នឹងកើនឡើងច្រើនជាង៥៥ភាគរយនៅឆ្នាំ២០៤០
17, Oct 2022 , 8:29 am        
រូបភាព
ចំនួនអ្នកស្លាប់ដោយសារកើតជំងឺមហារីកថ្លើមទូទាំងសកលលោក ត្រូវព្យាករណ៍ថា នឹងកើនឡើងលើស៥៥ភាគរយនៅឆ្នាំ ២០៤០។ អត្រានេះនឹងអាចធ្លាក់ចុះលុះត្រាតែការអនុវត្តវិធានការបង្ការជំងឺត្រូវបានធ្វើឡើងឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។ ការចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ជាវិធានការប្រកបដោយប្រសិទ្ធភាពមួយ ដែលទប់ស្កាត់ករណីមហារីកថ្លើមបាន ១៧ភាគរយ។

 
ការសិក្សាថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) ដែលជាទីភ្នាក់ងាររបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា អ្នកជំងឺដែលបានធ្វើរោគវិនិច្ឆ័យថានឹងស្លាប់ដោយសារជំងឺមហារីកថ្លើមអាចកើនឡើងច្រើនជាង៥៥ភាគរយនៅឆ្នាំ ២០៤០។ ការសិក្សាថ្មីនេះចុះផ្សាយលើទិនានុប្បវត្តិវេជ្ជសាស្ត្រ Hepatology។
 
តាមការព្យាករណ៍បច្ចុប្បន្ន អ្នកជំងឺ១,៤លាននាក់ទំនងផ្ទុកជំងឺមហារីកថ្លើម ហើយប្រហែល១,៣លាននាក់អាចនឹងស្លាប់ដោយសារជំងឺមហារីកថ្លើមនៅឆ្នាំ២០៤០។ ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ ការអនុវត្តវិធានការបង្ការជំងឺត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។ លោកស្រី Harriet Rumgay ដែលជាអ្នកដឹកនាំការស្រាវជ្រាវរបស់ IARC បានលើកឡើងបែបនេះ។ 
 
ការសិក្សាក៏បានរកឃើញថា ជំងឺមហារីកថ្លើមស្ថិតក្នុងចំណោមមូលហេតុចម្បងទាំង៣ នៃការស្លាប់ដោយសារជំងឺមហារីកក្នុងប្រទេសចំនួន៤៦ ក្នុងឆ្នាំ២០២០។ ក្នុងឆ្នាំដដែលនោះ អ្នកជំងឺប្រហែល៩០ម៉ឺននាក់ទូទាំងពិភពលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកថ្លើម ហើយ៨៣ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះ។ ករណីអ្នកផ្ទុកជំងឺ និងអ្នកស្លាប់មានកម្រិតខ្ពស់បំផុតនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ព្រមទាំងអាហ្វ្រិកខាងជើង។
 
«មហារីកថ្លើមបណ្តាលឱ្យមានបន្ទុកដ៏ធំមួយនៃជំងឺទូទាំងពិភពលោកជារៀងរាល់ឆ្នាំ»។ លោកស្រី Isabelle Soerjomataram ដែលជាសហអ្នកនិពន្ធការសិក្សាអះអាងដូច្នេះ។ 
 
លោកស្រី Soerjomataram បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺមហារីកថ្លើមអាចបង្ការការឆ្លងបាន ប្រសិនបើប្រឹងប្រែងគ្រប់គ្រងឱ្យបានល្អប្រសើរដូចជាចៀសវាងការប៉ះពាល់វីរុសរលាកថ្លើមប្រភេទ B និង C, ការប្រើប្រាស់គ្រឿងស្រវឹង, ចៀសវាងការលើសទម្ងន់ និងរក្សាសុខភាពប្រព័ន្ធរំលាយអាហារ រួមទាំងចៀសវាងការកើតជំងឺទឹកនោមផ្អែម ជាដើម។
ស្របគ្នានេះ ការសិក្សាមួយទៀតរបស់ IARC បានបង្ហាញថាការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងអាចជួយកាត់បន្ថយករណីមហារីកថ្លើមបាន ១៧ភាគរយ៕ 
 

Tag:
 មហារីកថ្លើម
© រក្សាសិទ្ធិដោយ thmeythmey.com