ជាតិ
សេដ្ឋកិច្ច
កម្ពុជាឈរនៅលំដាប់ទី៤ ក្នុងការនាំចូលសម្លៀកបំពាក់ទៅកាណាដា បន្ទាប់ពីចិន បង់ក្លាដែស និងវៀតណាម
11, Oct 2022 , 8:59 am        
រូបភាព
កម្មករអង្គុយធ្វើការងារក្នុងរោងចក្រ។ រូបភាព៖ កម្មករនិយោជិតបានផ្ញើឲ្យសារព័ត៌មានថ្មីៗ ។
កម្មករអង្គុយធ្វើការងារក្នុងរោងចក្រ។ រូបភាព៖ កម្មករនិយោជិតបានផ្ញើឲ្យសារព័ត៌មានថ្មីៗ ។
កម្ពុជាកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសកាណាដា ។ នៅឆ្នាំ ២០២១ កម្ពុជាស្ថិតនៅលំដាប់ទី ៤ ក្នុងការនាំចូលសម្លៀកបំពាក់ទៅកាណាដា ខណៈដែលបង់ក្លាដែសឈរនៅលំដាប់ទី ២ និងវៀតណាមស្ថិតនៅលំដាប់ទី៣ នាំមុខក្នុងបរិមាណតិចតួចប៉ុណ្ណោះ។


បើតាមគេហទំព័រទីផ្សាររបស់ Fibre2Fashion TexPro កាណាដាបាននាំចូលសម្លៀកបំពាក់មានតម្លៃ ៩, ៥៩៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា​បាន​នាំចេញ​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ ១,០៤៧ ពាន់​លាន​ដុល្លារ ​ស្មើ​នឹង ១០,៩១ ភាគរយ​នៃ​ការនាំចូលសម្លៀកបំពាក់​សរុបរបស់កាណាដា ខណៈដែលបង់ក្លាដែសផ្គត់ផ្គង់ ១៣,៣៨ ភាគរយ មានតម្លៃ ១,២៨៤ពាន់លានដុល្លារ និងវៀតណាម ១២,៤៩ភាគរយ ស្មើនឹង១,១៩៩​ពាន់លានដុល្លារ។
 
មើលតាមតួលេខខាងលើ កម្ពុជាទំនងអាចយកឈ្នះប្រទេសបង់ក្លាដែស និងវៀតណាម ក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់ទៅកាណាដា នាពេលខាងមុខ។ ដើម្បីជំរុញការនាំចេញសម្លៀកបំពាក់​ឱ្យបានកាន់តែច្រើនជាងមុន សភាពាណិជ្ជកម្មកម្ពុជា (CCC) បានបើកការិយាល័យតំណាងនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។ 
 
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានយល់ឃើញថា ៖«វាមិនមែនជាការប្រកួតប្រជែងយកឈ្នះ-ចាញ់នោះទេ សំខាន់ការបញ្ជាទិញពីទីផ្សារខាងក្រៅ»។ 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម លោក លឹម ហេង បានបញ្ជាក់ថា ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP អាម៉េរិក  ស្របពេលកម្ពុជាកំពុងអនុវត្តកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េខាងត្បូង និង RCEP ផងនោះ នឹងបង្កបរិយាកាសទាក់ទាញវិនិយោគិននៅកម្ពុជា កាន់តែច្រើនជាងមុនបន្ថែមទៀត។ 
 
ការិយាល័យតំណាងសភាពាណិជ្ជកម្មកាណាដា នឹងដឹកនាំគណៈប្រតិភូ ពាណិជ្ជករ ក្រុមហ៊ុនធំៗ មកកាន់កម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងវិនិយោគ ដែលកិច្ចពិភាក្សាសំខាន់ៗទំនងជានឹងធ្វើឡើងនៅពេលនោះ ស្របពេលនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានាខែក្រោយ។ នេះបើតាមលោក លឹម ហេង។ 
 
បើតាមការចុះផ្សាយរបស់ Tex Pro ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកាណាដាបានកើនឡើង ២២,៦១ ភាគរយ ក្នុងរយៈពេល៨ខែឆ្នាំនេះ។ ក្នុងនោះការនាំចេញសម្លៀកបំពាក់បានកើនឡើង ២០,០៦ ភាគរយ បើធៀបឆ្នាំ ២០២១ មានត្រឹម ១,០៤៧ពាន់លានដុល្លារ។ 
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២​។ ទំហំនេះ បានកើនឡើងខ្ពស់ក្នុងអត្រា ២០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៧៤៧លានដុល្លារ។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
 

Tag:
 សម្លៀកបំពាក់ កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com