អន្តរជាតិ
នយោបាយអន្តរជាតិ
ទោះមានវ័យ៩៧ឆ្នាំក្ដី លោក មហាធៀ នឹងឈរឈ្មោះក្នុងការបោះឆ្នោតខាងមុខ 11, Oct 2022 , 10:29 pm
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់។ រូបថត AFP
× អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១១ ខែតុលា បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅរដ្ឋ Langkawi អំឡុងពេលការបោះឆ្នោតនាពេលខាងមុខ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែតុលា លោក មហាធៀ មហាម៉ាត់ សមាជិកសភាដែលតំណាងមណ្ឌលនៅ Langkawi បាននិយាយថា គណបក្សរបស់លោក Parti Pejuang Tanah Air (Pejuang)នឹងប្រកួតប្រជែង ដើម្បីដណ្ដើមយកយ៉ាងតិច១២០អាសនៈក្នុងអំឡុងពេលបោះឆ្នោតខាងមុ។
លោកបណ្ឌិត មហាធៀ ក៏បានលើកឡើងថា គណបក្សរបស់លោកនឹងដាក់លោកឱ្យឈរឈ្មោះជាតំណាងរាស្រ្ត ប៉ុន្តែមិនមែនជាបេក្ខជននាយករដ្ឋមន្ត្រីនោះទេ ខណៈគណបក្សរបស់លោកមិនបានសម្រេចបេក្ខជននៅឡើយដែរ បេក្ខជននាយករដ្ឋមន្ត្រីនេះអាចកំណត់បានលុះត្រាតែគណបក្សរបស់លោកបានឈ្នះឆ្នោតសិន។
«យើងក៏បានសម្រេចចិត្តលើលទ្ធភាពនៃការធ្វើការជាមួយអ្នកដទៃ ភាគីដែលមានជំហរដូចគ្នាជាមួយយើង។ យើងសុខចិត្តធ្វើការជាមួយគ្នាប្រសិនបើពួកគេចង់សង្គ្រោះប្រទេសនេះពីការគ្រប់គ្រងរបស់គណបក្ស UMNO (United Malays National Organisation)»។ លោក មហាធៀ បានបន្ថែមបែបនេះក្នុងសន្និសីទសារព័ត៌មានដដែល។
អតីតនាយករដ្ឋមន្រ្តីពីរដងរូបនេះ ដែលមានអាយុ៩៧ឆ្នាំទៅហើយ បាននិយាយថាគណបក្ស UMNO នឹងធ្វើយុទ្ធនាការដោយប្រើលុយ និងសំណូក។ លោកបានក្រើនរំលឹកដល់ប្រជាជនកុំឱ្យទទួលសំណូកទាំងនេះពីជនអាក្រក់។ លោកអះអាងថា គណបក្ស UMNO មិនខ្វល់ពីបញ្ហាដែលប្រជាពលរដ្ឋប្រឈមឡើយ ហើយផ្តោតតែលើការឈ្នះឆ្នោតប៉ុណ្ណោះ។
«បេក្ខជនរបស់យើងសម្រាប់ការបោះឆ្នោតនឹងមានភាពស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ឬអំពើទុច្ចរិត ឧក្រិដ្ឋកម្ម ដូចជាការលួចលុយជាដើម មានសីលធម៌ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវនីតិរដ្ឋហើយគោរពប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេស»។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបានសង្កត់ធ្ងន់បែបនេះ។
គួររំលឹកថា នៅថ្ងៃទី១០ ខែតុលាថ្មី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានប្រកាសរំលាយសភានៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រ។ការបោះឆ្នោតមិនទាន់ដល់ពេលកំណត់រហូតនៅឡើយដល់ខែកញ្ញា ឆ្នាំ ២០២៣ឯណោះ ប៉ុន្តែលោក Ismail Sabri បានរងសម្ពាធពីគណបក្សពួកមួយចំនួន ដើម្បីរៀបចំការបោះឆ្នោតមុនកំណត់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com