អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខការពារជាតិអាម៉េរិករំពឹងថា អ៊ុយក្រែនបន្តវាយប្រហារនៅក្នុងរដូវរងាខាងមុខ 13, Oct 2022 , 10:09 pm
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន។ រូបភាព៖ AFP
× រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន នៅថ្ងៃទី១២ ខែតុលា រំពឹងថា អ៊ុយក្រែននឹងបន្តការវាយប្រហារនៅក្នុងរដូវរងាខាងមុខ ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀតពីរុស្ស៊ីវិញ។ ទន្ទឹមនេះ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានសន្យាផ្តល់អាវុធ និងគ្រឿងបរិក្ខារបន្ថែមដល់អ៊ុយក្រែននាពេលខាងមុខ។
ការប្រយុទ្ធដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៤ ខែកុម្ភៈរវាងអ៊ុយក្រែននិងរុស្ស៊ីមកទល់បច្ចុប្បន្ន គ្មានភាពធូរស្បើយឡើយ ខណៈក្រុមអ្នកវិភាគយោធាកំពុងសម្លឹងមើលរកលទ្ធភាពផ្អាកសង្រ្គាម ក្នុងអំឡុងពេលរដូវរងាដែលអាចផ្តល់ឱកាសសម្រាប់កងទ័ពទាំងសងខាងសម្រាកបន្ទាប់ពីការប្រយុទ្ធគ្នាអស់ជាច្រើនខែ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន នៅក្នុងកិច្ចប្រជុំមួយ នៅឯទីស្នាក់ការអង្គការណាតូ បានលើកឡើងថា លោករំពឹងថា រដ្ឋាភិបាលក្រុងកៀវនឹងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីដណ្ដើមទឹកដីពីរុស្ស៊ីវិញ ក្រោយឈ្នះជាហូរហែរនៃការប្រឈមមុខគ្នាជាមួយរុស្ស៊ីនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
«ខ្ញុំរំពឹងថាអ៊ុយក្រែននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបាននៅរដូវរងា ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ និងមានប្រសិទ្ធភាពនៅលើសមភូមិ»។ លោក Austin បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១២ ខែតុលា បែបនេះ។
លើសពីនេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបានបន្តថា អាម៉េរិកក៏ដូចជាសម្ព័ន្ធមិត្ត នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីគាំទ្រដល់អ៊ុយក្រែន និងផ្តល់សម្ភារៈដែលអ៊ុយក្រែនត្រូវការឱ្យមានប្រសិទ្ធភាព។ ជំនួយជាហូរហែរ ត្រូវបានផ្តល់ឱ្យអ៊ុយក្រែន ដើម្បីជួយគាំទ្រឱ្យឆ្លងផុតការប្រយុទ្ធក្នុងរដូវរងារួមទាំងការផ្តល់សម្លៀកបំពាក់រដូវរងាផងដែរ។ នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ លោក អូស្ទីន ក៏បានសួរបែបចំអរទៅកាន់រុស្ស៊ីថា តើកងកម្លាំងរុស្ស៊ីទទួលបានការគាំទ្រប្រភេទណាក្នុងរដូវរងារនេះ បើបច្ចុប្បន្នរុស្ស៊ីកំពុងឈរឯកោ។
ចាប់តាំងពីផ្ទុះសង្រ្គាម ប្រទេសជាច្រើនបានថ្កោលទោសការឈ្លានពានដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេស ដើម្បីធានាសន្តិសុខរុស្ស៊ី និងការពារជនជាតិនៅអ៊ុយក្រែន។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចោទប្រកាន់ក្រុងម៉ូស្គូពីការធ្វើសង្រ្គាមដណ្តើមយកទឹកដី ឬវាយប្រហារប្រទេសជិតខាងដែលគាំទ្រលោកខាងលិច។
គួររំលឹកថា ថ្មីៗនេះរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងកៀវ ដោយធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេស។ ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលយ៉ាងតិចណាស់ ១៩ នាក់ខណៈមនុស្សជាង ១០០ នាក់ទៀតបានរងរបួស។ ការវាយប្រហារពីសំណាក់រុស្ស៊ីនេះ ក៏បានទាក់ទាញការរិះគន់យ៉ាងខ្លាំង ខណៈប្រទេសមួយចំនួនដូចជាអាម៉េរិកបានលើកឡើងថា រុស្ស៊ីមានចេតនាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល៕
© រក្សាសិទ្ធិដោយ thmeythmey.com