អន្តរជាតិ
កម្ពស់ខុសគ្នាដាច់ស្រឡះ តែ James និង Chloe ជាគូស្នេហ៍ពេញដោយសុភមង្គល
16, Oct 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
James និង Chloe Lusted រៀបការជាមួយគ្នាតាំងពីឆ្នាំ​២០១៦។ ឈានដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ គូស្នេហ៍អង់គ្លេសនេះ បាន​ជាប់កំណត់​ត្រាជា ប្តីប្រពន្ធដែលមាន​កម្ពុជា​ខុសគ្នា​ដាច់ស្រឡះ (ភេទផ្សេងគ្នា/ខ្ពស់ជាង) ។ រឿងរ៉ាវស្នេហា​ និងជីវិត​គ្រួសារដ៏គំរូ​របស់ពួកគេ ក៏នឹង​ត្រូវ​ចុះ​ផ្សាយ​លម្អិត​ក្នុង​សៀវភៅ​កំណត់ត្រាថ្មី Guinness World Records 2023 ផងដែរ។


វ័យ​៣៤ឆ្នាំ James ជាតារាសម្តែង និងជាពិធីករអាជីពក្នុងកម្មវិធីផ្សេងៗ រីឯ Chloe អាយុ​២៨​ឆ្នាំ ជាគ្រូបង្រៀន។ ​គូស្នហ៍នេះ មាន​ខ្ពស់​ខុសគ្នា​ប្រមាណ​ ៥៦,៨សង់ទីម៉ែត្រ ដោយលោក James មានកម្ពស់១០៩,៣ សង់ទីម៉ែត្រ រីឯ Chloe ដែល​ជាភរិយា មានកម្ពស់ ១៦៦,១ សង់ទីម៉ែត្រ។
 
មកពីក្រុង​ដូចគ្នា​នៅ​ចក្រភពអង់គ្លេស លោក James កើតមកជាមួយនឹងប្រភេទ​ជំងឺហ្សែន​ដ៏កម្រ​ដែលប៉ះពាល់​ដល់​លូតលាស់ឆ្អឹង (Diastrophic Dysplasia) មិន​រំពឹងថា ទទួលបានជីវិត​អាពាហ៍ពិពាហ៍​ប្រកបដោយសុភមង្គលបែបនេះឡើយ។
 

 
នៅ​ឆ្នាំ២០១២ បន្ទាប់ពី James បាន​កាន់គប់ភ្លើងអូឡាំពិក​ឆ្លង​កាត់ភូមិកំណើត Chloe បាន​ចាប់អារម្មណ៍ ហើយ​នាងបាន​ធ្លាក់ក្នុងអន្លង់ស្នេហ៍​របស់ James។ «និយាយដោយស្មោះត្រង់ទៅ ខ្ញុំដូចជាគ្មាន​ព្រួយបារម្ភអំពី​ប្រតិកម្ម​របស់អ្នក​ដទៃឡើយ»។ Chloe បាន​បញ្ជាក់យ៉ាងដូច្នេះក្នុងសៀវភៅកំណត់ត្រា Guinness World Records។​
 
ពួក​គេ​បានបន្តជួបគ្នានៅហាងមួយកន្លែង ខណៈ Chloe កំពុងបន្ត​សិក្សានៅ​ Cardiff។ ចំណង​ស្នេហា​របស់អ្នកទាំងពីរក៏មិនងាយស្រួលនោះដែរ ដោយសារតែ​កាតាព្វកិច្ច​រៀងៗខ្លួន និង​រងការ​និយាយ​ចុះឡើងពីសំណាក់អ្នក​ដទៃ។ 


 
ទោះបីជាយ៉ាងណាក៏ដោយ នៅ​ចុងឆ្នាំ២០១៣ អ្នកទាំងពីរ​បាន​ប្រកាស​ផ្លូវការពីចំណងស្នេហ៍​របស់ខ្លួន មុន​នឹងឈាន​ដល់​ពិធីអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៦។ «ពិតណាស់ កម្ពស់ទាបពេលខ្លះជាបញ្ហា ប៉ុន្តែខ្ញុំធ្វើអ្វី​ដែលអ្នកធ្វើបាន ដោយគ្មានប្រើប្រាស់វិធីផ្សេងប៉ុណ្ណោះ»។ លោក James បាន​លើកឡើងយ៉ាងដូច្នេះ។
 
Chloe បាន​បន្តថា៖ «រឿងរ៉ាវស្នេហា​របស់យើង បាន​បង្រៀន​យើង និង​បង្រៀនអ្នកដៃ ថា សូម​អ្នក​កុំ​វិនិច្ឆ័យ​សៀវភៅមួយក្បាល​ដោយឃើញត្រឹមតែក្របរបស់វា។ ស្រឡាញ់អ្នកណា​ម្នាក់ មិនត្រូវ​គិតពី​លក្ខខណ្ឌគេឡើយ»។
 
ចំណងអាពាហ៍ពិពាហ៍​របស់អ្នកទាំងពីរ បង្កើតបាន​កូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Olivia ដែលបច្ចុប្បន្ន​មានអាយុ​៣ឆ្នាំហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com