អន្តរជាតិ
ខោខូវប៊យចាស់ពីរដែលសល់ពីសតវត្សរ៍ទី១៩ លក់ដេញថ្លៃបានជាង៨៧ ០០០ដុល្លារ 16, Oct 2022 , 9:29 pm

×![]()
ខោខូវប៊យម៉ាក Levi ចំនួនពីរ ដែលផលិតតាំងពីអំឡុងឆ្នាំ១៨៨០ បានលក់ដាច់ក្នុងពិធីដេញថ្លៃមួយនៅក្រុងមួយនៃរដ្ឋ New Mexico កាលពីពេលថ្មីៗកន្លងមកនេះ។ បើតាមការផ្សាយរបស់ CNN ខោចាស់ពីសតវត្សរ៍ទី១៩ទាំងនេះ លក់បានតម្លៃជាង ៨៧ ០០០ដុល្លារអាម៉េរិក។
ខោខូវប៊យទាំងនេះ ត្រូវបានរកឃើញនៅអណ្តូងរ៉ែ ដែលបោះបង់ចោលមួយ ដោយអ្នកបុរាណវិទូមួយរូប។ យុវជនអាយុ២៣ឆ្នាំ ឈ្មោះ Kyle Hautner និងលោក Zip Stevenson អ្នកជំនាញជើងចាស់ម្នាក់ផ្នែកទីផ្សារអំបោះបុរាណ គឺជាអ្នកដែលបានចំណាយលុយទិញខោទាំងនេះ។
លោក Stevenson បានបញ្ជាក់ប្រាប់ CNN ថា លោកមិនបានគិតជាមុនឡើយថា ទិញខោខោប៊យនេះ រួមជាមួយ Hautner រហូតទាល់តែដល់ពេលវេលានៃការដេញថ្លៃចាប់ផ្តើម។

តម្លៃដែលលក់បានសរុបគឺ ៨៧ ៤០០ដុល្លារ ដែលជាការលក់បានដ៏ខ្ពស់បំផុតសម្រាប់ប្រភេទខោខូវប៊យសាច់អំបោះ Demin។ Hautner បានចំណាយ៩០ភាគរយ រីឯលោក Stevenson រួមចំណែក១០ភាគរយ។
លោក Stevenson បានបើកហាងដេរ និងជួសជុលខោខូវប៊ូយ នៅ Los Angeles អស់រយៈពេលជិតបីទសវត្សរ៍ហើយ ដោយនេះជាលើកដំបូង ដែលលោកប្រទះឃើញខោខូវប៊យដ៏កម្របន្សល់តាំងពីសតវត្សរ៍ទី១៩។
ក្រោយឈ្នះការដេញថ្លៃ ខោចំណាស់ទាំងពីរ ត្រូវបានរក្សាទុកនៅហាង Stevensons’s Denim Doctor ក្នុងរដ្ឋ Los Angeles ដោយអ្នកដែលចាប់អារម្មណ៍អាចយកទៅមើលបាន។ ជាមួយគ្នានេះ ជាពិសេស គេចង់ឲ្យលោក Hautner និង Stevenson យកខោទៅដាក់តាំងបង្ហាញនៅសារមន្ទីរណាមួយ ដូចជា សារមន្ទីរ Smithsonian ឬ Metropolitan Museum of Art ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com