អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តបទៅនឹងការបន្ថយនាំចេញប្រេង លោក បៃដិន អាចនឹងផ្លាស់ប្តូរជំនួយសន្តិសុខទៅអារ៉ាប៊ីសាអូឌីត
17, Oct 2022 , 10:29 pm        
រូបភាព
ដោយ:
ឆ្លើយតបទៅនឹងអារ៉ាប៊ីសាអូឌីតដែលកាត់បន្ថយទិន្នផលនាំចេញប្រេង ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នឹងពិចារណាយ៉ាងល្អិនល្អន់លើជម្រើសដែលត្រូវចាត់វិធានការ ដែលក្នុងនោះនឹងមានការផ្លាស់ប្តូរជំនួយសន្តិសុខរបស់អាម៉េរិកចំពោះប្រទេសអារ៉ាប់មួយនេះ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan លើកឡើងបែបនេះនៅថ្ងៃទី១៦ ខែតុលា។
 
អង្គការប្រទេសនាំចេញប្រេង​ (OPEC) និងបណ្តាប្រទេសផលិតក្រៅអង្គការ(OPEC+) ដែលដឹកមុខដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កាលពីដើមខែតុលា ប្រកាសកាត់បន្ថយទិន្នផលនាំចេញប្រេង២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា។ មួយថ្ងៃក្រោយការប្រកាសនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ព្រមាននឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីតរងផលវិបាកជុំវិញការគាំទ្ររុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ប្រហែល២ភាគរយនៃផលិតកម្មប្រេងពិភពលោកនេះ។ 
 
យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បញ្ជាក់នៅថ្ងៃទី១៦ ខែតុលាថា ទំនាក់ទំនងអាម៉េរិក-អារ៉ាប៊ីសាអូឌីតនឹងមិនផ្លាស់ប្តូរភ្លាមៗទេ ខណៈលោក បៃដិន កំពុងតែពិចារណាពីជំហានដែលត្រូវធ្វើឡើងវិញ។ 
 
«ដូច្នេះហើយ ប្រធានាធិបតីនឹងមិនសម្រេចចិត្តដោយមិនគិតល្អិតល្អន់នោះទេ។ លោកនឹងសម្រេចចិត្តប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្រ្ត ហើយលោកនឹងពិចារណាដោយផ្ទាល់ជាមួយសមាជិកសភាទាំងពីរបក្សដើម្បីសម្រេចចិត្តលើជម្រើស»។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Sullivan ថ្លែងបែបនេះក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ។ 
 
បើតាមលោក Sullivan ជម្រើសរបស់លោក បៃដិន រួមមានការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់អាម៉េរិកក្នុងការផ្តល់ជំនួយសន្តិសុខដល់អារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនមានអ្វីដែលត្រូវផ្លាស់ប្តូរភា្លមៗនោះទេ ពីព្រោះលោក បៃដិន នៅត្រូវពិភាក្សាជាមួយសមាជិកសភាទៀត។ ទន្ទឹមនេះ ព្រឹទ្ធសភាអាម៉េរិក លោក Bob Menendez អំពាវនាវឱ្យឈប់លក់អាវុធអាម៉េរិកជាច្រើនទៅអារ៉ាប៊ីសាអូឌីត។ 
 
សូមបញ្ជាក់ថា ជាង៧ទសវត្សរ៍មកនេះ ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអាម៉េរិកឡើងចុះដោយសារបញ្ហាមួយចំនួនដូចជាសិទ្ធិមនុស្ស និងជម្លោះអារ៉ាប់-អ៊ីស្រាអែលជាដើម។ ប៉ុន្តែ ប្រទេសទាំងពីរបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាការដោះដូរសម្រាប់សន្តិសុខប្រេង។ ក្រោយសង្រ្គាមនៅអ៊ុយក្រែនបង្កឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំង លោក បៃដិន ព្យាយាមផ្សារទំនាក់ទំនងទ្វេភាគីដើម្បីស្វះស្វែងបន្ថយតម្លៃប្រេងដែលកំពុងកើនឡើងនៅអាម៉េរិក មុនបោះឆ្នោតសភានៅខែវិច្ឆិកា។ 
 
យ៉ាងណាមិញ ចំណាត់ការរបស់ OPEC+ខាងលើនេះធ្វើឱ្យរដ្ឋបាលលោក បៃដិន ខឹងជាខ្លាំង ពីព្រោះវានឹងបង្កឱ្យតម្លៃប្រេងកើនឡើងថែមទៀត ខណៈលោកខាងលិច និងសហភាពអឺរ៉ុបកន្លងមកចោទរុស្ស៊ីប្រើប្រេងជាអាវុធតបតទៅនឹងទណ្ឌកម្មរបស់ខ្លួន៕ 
 

Tag:
 អាម៉េរិក
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com