អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាឱ្យស៊ើបអង្កេតលើអង្គការសាសនាមួយដែលពាក់ព័ន្ធឃាតកម្មលោក អាបេ
17, Oct 2022 , 5:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត Xinhua
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៧ ខែតុលា បញ្ជាឱ្យបើកការស៊ើបអង្កេតលើអង្គការសាសនា Unification Church ក្រោយរកឃើញថាសមាជិកបក្សកាន់អំណាចលោកជាច្រើនមានទំនាក់ទំនងជាមួយអង្គការសាសនានេះ។ អង្គការដែលជាដើមចមនៃឃាតកម្មអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ កាលពីខែកក្កដា រងបទចោទជាច្រើនរួមមានបោកបញ្ឆោតប្រាក់សមាជិករហូតក្ស័យធនជាដើម។
 
ប្រជាប្រិយភាពរបស់បក្សកាន់អំណាចជប៉ុនប្រជាធិបតេយ្យសេរី (LDP) ធ្លាក់ចុះដល់កម្រិតទាបបំផុត តាំងពីនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ឡើងកាន់អំណាចនៅឆ្នាំ២០២១។ ការមិនពេញចិត្តរបស់ប្រជាជនជប៉ុនកាន់តែកើនឡើង បន្ទាប់ពីកាលពីខែមុន LDP បង្ហាញថា សមាជិកសភាបក្សនេះចំនួន១៧៩ ក្នុងចំណោម៣៧៩នាក់មានទំនាក់ទំនងជាមួយអង្គការសាសនា Unification Church។ អង្គការសាសនាមួយនេះជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ។ 
 
ដើម្បីស្តារប្រជាប្រិយភាព លោក គីស៊ីដា បញ្ជាឱ្យរដ្ឋមន្រ្តីវប្បធម៌រៀបចំការស៊ើបអង្កេតលើអង្គការសាសនាមួយនេះក្រោមច្បាប់គ្រប់គ្រងអង្គការសាសនា(Religious Corporations Act)។ លោក គីស៊ីដា កន្លងមក អះអាងថា ខ្លួនលោកផ្ទាល់មិនមានទំនាក់ទំនងអ្វីជាមួយអង្គការសាសនាមួយនេះទេ ហើយក៏បានដករដ្ឋមន្រ្តី៧នាក់ដែលជាប់ពាក់ព័ន្ធក្នុងអង្គការនេះចេញពីគណៈរដ្ឋមន្រ្តីដែរ។ 
 
ថ្លែងទៅសភានាថ្ងៃទី១៧ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានសុំទោសដែលសមាជិកជាច្រើនរបស់ LDP មានទំនាក់ទំនងជាមួយអង្គការសាសនាខាងលើ ហើយប៉ះពាល់ដល់ទំនុកចិត្តសាធារណជនលើរដ្ឋាភិបាល។ បន្ថែមពីនេះ លោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបទចោទជុំវិញរឿងអង្គការសាសនាមួយនេះធ្វើឱ្យសមាជិកអង្គការក្រីក្រ ហើយបំផ្លាញគ្រួសាររបស់ពួកគេ។ 
 
ទាក់ទងជនរងគ្រោះដោយសារអង្គការសាសនានេះ លោក គីស៊ីដា បញ្ជាក់ថា រដ្ឋាភិបាលលោកទទួលបានសំណើឱ្យជួយដោះស្រាយវិបត្តិផ្លូវចិត្ត និងហិរញ្ញវត្ថុជាង១៧០០ករណី។ ប៉ុន្តែ អង្គការសាសនា Unification Church អះអាងថា ខ្លួនត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះ ហើយសមាជិកខ្លួនប្រឈមនឹងការគំរាមសម្លាប់ថែមទៀតតាំងពីឃាតកម្មលោក អាបេ។ 
 
ទន្ទឹមនេះ ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលជប៉ុនលើកឡើងនៅថ្ងៃដដែលថា ការរំលាយអង្គការសាសនាមួយនេះគួរតែជាជម្រើសមួយរបស់អ្នកស៊ើបអង្កេតក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធ។ បើតាមលោក Hiroshi Yamaguchi មេធាវីដែលធ្វើការលើករណីនេះ អង្គការសាសនា Unification Church ដែលត្រូវបានបង្កើតឡើងនៅកូរ៉េនាឆ្នាំ១៩៥៤ បង្កើតទំនាក់ទំនងជាមួយអ្នកនយោបាយដើម្បីទាក់ទាញអ្នកទាំងនោះចូលជាសមាជិក ហើយបានការទទួលស្គាល់ដោយស្របច្បាប់។ រីឯ អ្នកនយោបាយចូលជាសមាជិកអង្គការសាសនានេះវិញដើម្បីទទួលបានជំនួយក្នុងយុទ្ធនាការ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com