កីឡាអន្តរជាតិ
អន្តរជាតិ
កាតា ឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup 2023 ក្រោយរៀបចំ World Cup ឆ្នាំ២០២២
18, Oct 2022 , 8:29 am        
រូបភាព
រូបភាព៖ BeIN Sports
រូបភាព៖ BeIN Sports
សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup នៅឆ្នាំ ២០២៣ ជំនួសចិន ពោលក្រោយដឹកនាំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្ងៃទី១៧ ខែតុលា។

ប្រទេសកាតាដែលនឹងរៀបចំ ​World Cup 2022 នាខែវិច្ឆិកា បានយកឈ្នះលើប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត AFC Asian Cup 2023 ក្រោយការដាក់ដេញថ្លៃរយៈពេលជាង ៣ខែមកនេះ។
 
«គណៈកម្មាធិការនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ី AFC ថ្ងៃនេះសូមប្រកាសថាសហព័ន្ធកឡាបាល់ទាត់ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFC Asian Cup 2023។»។ នេះបើតាមការប្រកាសរបស់ AFC ដែលមានស្នាក់ការកណ្តាលក្នុងប្រទេសម៉ាឡេស៊ី។
 
យ៉ាងណាមិញ កាតាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះក៏ព្រោះតែប្រទេសចិនដែលឈ្នះការដេញថ្លៃកាលពីឆ្នាំ ២០១៩ សម្រាប់រៀបចំព្រឹត្តិការណ៍នេះ បានប្រកាសដកខ្លួនដេញកាលពីខែឧសភា ដោយសារតែគោលនយោបាយ សូន្យកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលប្រទេសចិន។ ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងប្រទេសចិននៅតែបន្ត ធ្វើឱ្យសហព័ន្ធសម្រេចដកខ្លួន AFC បានស្វែងរកប្រទេសថ្មីមកជំនួសការធ្វើម្ចាស់ផ្ទះនេះ។
 
បើតាមកាលវិភាគដែលនឹងត្រូវរៀបចំការប្រកួតនេះ ទីក្រុងចំនួន ១០ក្នុងប្រទេសចិននឹងត្រូវរៀបចំការប្រកួត AFC Asian Cup ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ខែកក្កដា ឆ្នាំក្រោយនេះ។ យ៉ាងណា កាលវិភាគការប្រកួតដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតាមិនទាន់កំណត់ច្បាស់លាស់នូវឡើយ ខណៈកាតាកំពុងមមាញឹកក្នុងការរៀបចំ World Cup 2022 ខិតជិតមកដល់។
 
សូមជម្រាបដែរថាព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាកំពុងតែខិតកាន់តែកៀកថ្ងៃនៃការប្រកួត ដោយធ្វើឡើងចាប់ពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ។ កាតានឹងប្រកួតបើកឆាកដំបូងគេបង្អស់ទល់ក្រុម អេក្វាទ័រសម្រាប់ការប្រកួតនាថ្ងៃទី២០ វិច្ឆិកា ក្រោយកម្មវិធីបើកជាផ្លូវការរៀបចំរួចរាល់៕
 

Tag:
 Asian Cup 2023
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com