ជាតិ
រថយន្ត
ផ្លូវល្បឿនលឿន៖ មន្រ្តីសាធារណការ ប្រាប់ឱ្យម្ចាស់យានយន្តបើកបរកុំបំពានគន្លងផ្លូវ ដែលនាំឱ្យកកស្ទះ
17, Oct 2022 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ បានជួយសម្រួលចរាចរណ៍ច្រើន នៃដំណើរការសាកល្បង ក្នុងរយៈពេល ១៥ថ្ងៃនេះ ។ ប៉ុន្តែម្ចាស់រថយន្ត មិនទាន់បើកបរបានត្រឹមត្រូវនោះទេ ដោយសារការបើកបំពានគន្លងផ្លូវ ដែលបណ្ដាលឱ្យកកស្ទះចរាចរណ៍។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ។
 
លោក ហ៊ាង សុទ្ធាយុត្តិ បាននិយាយថា គន្លងផ្លូវ ដែលដាក់ឱ្យដំណើរការសាកល្បងមានកំណត់ត្រឹមត្រូវ ប៉ុន្តែអ្នកដំណើរបានបើកយាយន្តប្រជ្រៀតគ្នា បំពានលើគន្លងនោះទៅវិញ។ អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បន្តថា៖ « ខ្ញុំសង្កេតឃើញពួកគាត់បើកចូលជាលក្ខណៈកដប ឧទាហរណ៍កន្លងដែលដាក់ឱ្យប្រើប្រាស់ ៣កន្លង តែពួកគាត់បើកបំពានរហូតដល់ ៦ ទៅ ៧កន្លង ។ តែចុងក្រោយនៅតែរួម ៣កន្លងដដែល បញ្ហានេះហើយធ្វើឱ្យមានការកកស្ទះច្រកចូល»។ 


រូបភាព៖ ពីតេឡេក្រាមលោក ហ៊ាង សុទ្ធាយុត្តិ

លោក សុទ្ធាយុត្តិ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី ១៧ខែតុលាថា ក្រសួងបានបើកសាកល្បងតែបញ្ជរ៣ទីតាំងប៉ុណ្ណោះ ខណៈបញ្ជរទាំងអស់មាន ៨ទីតាំង នៅតាមច្រកចូល។ បើតាមលោក សុទ្ធាយុត្តិ ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ នឹងផ្ដល់ប្រយោជន៍សម្រាប់មធ្យោបាយដឹកជញ្ជូន ចំណេញពេលវេលា ចំណេញថវិកា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ។
 
ដោយឡែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននេះ ភាគច្រើនគឺការបើកហួសល្បឿនកំណត់ ហើយទៅបុកនឹងរនាំងដែក ប៉ុន្តែមិនបណ្ដាលឱ្យមានករណីបាត់បង់ជីវិតនោះទេ។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែម។ 
 
សូមជម្រាបថា ១៥ថ្ងៃ នៃការបើកឱ្យដំណើរការសាកល្បងលើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានយានយន្ត ១៩០ ៣៤៦គ្រឿង ឆ្លងកាត់។ យានយន្តទាំងនោះ បានចេញចូលតាមស្ថានីយចំនួន ៨ទីតាំង។ ករណីគ្រោះថ្នាក់ចរាចរណ៍មានត្រឹមតែ ០,០០៤ភាគរយ បើធៀបនឹងតួលេខនៃទំហំចរាចរណ៍នេះ៕
 

 

Tag:
 ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com