អន្តរជាតិ
ចិនប្ដេជ្ញាបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក និងផលិតថាមពលបម្រុងទុក
18, Oct 2022 , 9:29 am        
រូបភាព
លោក Ren Jingdong អនុប្រធានរដ្ឋបាលថាមពលជាតិចិន។ រូបថត Xinhua
លោក Ren Jingdong អនុប្រធានរដ្ឋបាលថាមពលជាតិចិន។ រូបថត Xinhua
ចិននឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក និងសមត្ថភាពផលិតថាមពលបម្រុងទុករបស់ខ្លួនសម្រាប់ប្រើក្នុងផលិតកម្មទំនិញសំខាន់ៗផ្សេងទៀត។ មន្ត្រីរដ្ឋាភិបាលចិនបានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែតុលា។


ក្នុង​សន្និសីទ​សារព័ត៌មានក្រៅសមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី ២០ លោក Ren Jingdong អនុប្រធានរដ្ឋបាលថាមពលជាតិ បានថ្លែងថា ចិននឹងប្ដេជ្ញាបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលក្នុងស្រុក ក៏ដូចជាផលិតថាមពលសម្រាប់បម្រុងទុក ប្រើដើម្បីផលិតទំនិញសំខាន់បន្តទៀត។ ការប្ដេជ្ញានេះធ្វើឡើងស្របតាមគោលនយោបាយធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើមរបស់ចិន។
 
«ចិនជាប្រទេសអ្នកផលិត និងអ្នកប្រើប្រាស់ថាមពលដ៏សំខាន់។ ការធានាសន្តិសុខថាមពលតែងតែជាកិច្ចការចម្បងរបស់យើង ដើម្បីធានាបានស្ថិរភាពការផ្គត់ផ្គង់តម្រូវការក្នុងស្រុក។» លោក Ren បានប្រាប់ទីភ្នាក់ងារព័ត៌មានបែបនេះ មុនបន្ថែមថា ចិននឹងធានាសន្តិសុខថាមពល ដោយចម្រាញ់ចេញប្រភពជាច្រើនដូចជាចំហេះធ្យូងថ្ម រួមទាំងប្រេង និងឧស្ម័នផងដែរ។ 
 
ជាមួយគ្នានេះ បើតាមលោក Ren ចិននឹងពង្រឹងប្រព័ន្ធបម្រុងទុកចំពោះធនធានធ្យូងថ្ម និងប្រេង ជាពិសេសជំរុញស្តុកឧស្ម័ន។ បច្ចុប្បន្ន ស្តុកធ្យូងថ្មរបស់ចិនមានជាង ១៧០លានតោន ដែលកើនឡើងពី ១៥៩លានតោន គិតក្នុងខែឧសភា។ 
 
ចិន ក៏ដាក់គោលដៅលើកិច្ចការអភិវឌ្ឍប្រកបដោយនិរន្តភាព តាមរយៈការផលិតថាមពលស្អាតសម្រាប់ផ្គត់ផ្គង់ប្រជាជន ដែលរួមមានការផលិតថាមពលពីកម្លាំងខ្យល់ និងកម្លាំងទឹក។ ចិនមានបំណងបង្កើនសមត្ថភាពផលិតថាមពលឱ្យបានជាង៨រយលានតោននៅឆ្នាំ២០២៥ ធៀបនឹងគោលដៅឆ្នាំ២០២២ មានត្រឹមតែជាង៦រយលានតោនប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា បក្សកុម្មុយនីស្តចិន បានបើកសមាជបក្សលើកទី២០ របស់ខ្លួននៅថ្ងៃទី១៦ ខែតុលា ដែលបានជជែកពីគោលនយោបាយបក្ស៥ឆ្នាំខាងមុខ និងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សសម្រាប់អាណត្តិថ្មី។ ក្នុងសន្ទរកថាបើកសមាជបក្ស លោក ស៊ី ក៏បានលើកឡើងពីការប្ដេជ្ញាអនុវត្តគោលដៅអព្យាក្រឹមកាបូនស្របតាមធនធានថាមពលដែលខ្លួនមាន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com