អន្តរជាតិ
មនុស្សយ៉ាងតិច៣នាក់បានស្លាប់ ក្នុងការវាយប្រហារពីដ្រូនរបស់រុស្ស៊ីនៅក្រុងកៀវ
17, Oct 2022 , 9:15 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
យ៉ាងហោចណាស់ មនុស្សចំនួន  ៣ នាក់បានបាត់បង់ជីវិត ក្នុងករណីការវាយប្រហារនារដ្ឋធានីកៀវនាព្រឹកថ្ងៃទី១៧ ខែតុលា ដោយសារដ្រូនរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ បើតាមក្រសួងការបរទេសរុស្ស៊ី ការបំផ្ទុះដែលអង្រួនតំបន់ Shevchenkivskyi នាទីក្រុងកៀវ ជាគោលដៅដដែលដែលរុស្ស៊ីវាយប្រហារកាលពីសប្តាហ៍មុន។

ទាំងព្រឹកព្រលឹមនាថ្ងៃទី១៧ ខែតុលា រដ្ឋធានីកៀវរងការវាយប្រហារដោយដ្រូនរុស្ស៊ីជាថ្មីមិនដល់មួយសប្តាហ៍ផងដែលបណ្តាលឱ្យអគារ និងលំនៅដ្ឋានប្រជាជនឆាបឆេះ ហើយខូចខាតជាច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ការបំផ្ទុះបានបន្លឺឡើងនាម៉ោង ៦:៣៥ ព្រឹក និង៦:៤៥ ព្រឹក(ម៉ោងអ៊ុយក្រែន) បន្ទាប់ពីស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងស្ទើតែទូទាំងអ៊ុយក្រែន។ 

«មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីដ្រូនយុទ្ធសាស្រ្តប្រភេទ Kamikaze កើនដល់៣នាក់។ ១៩ នាក់ទៀតត្រូវបានជួយសង្រ្គោះ»។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko សរសេរបែបនេះនៅក្នុងបណ្តាញ Telegramទៅកាន់អ្នកសារព័ត៌មាន។ 

ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ីថ្លែងក្នុងសន្និសីទកាសែតថា ក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំសំដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលនៅទូទាំងអ៊ុយក្រែនដោយប្រើប្រាស់អាវុធបាញ់ចំគោលដៅជាក់លាក់(high-precision weapons)។ 

ខណៈកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងត្បូងតំបន់ Kherson និងខាងកើតតំបន់ដូណេត្ស ក្រសួងការពារជាតិរុស្ស៊ីអះអាងថាខ្លួនបានវាយប្រហារចំគោលដៅទាំងអស់ ហើយក៏បានប្រឆាំងទៅអ៊ុយក្រែនវិញដែលប៉ុនប៉ងបំពានតំបន់ការពារខ្លួននៅភាគខាងត្បូងតំបន់ Kherson ផងដែរ៕



 

Tag:
 (រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com