កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ក្លាយជាម្ចាស់ Ballon d’Or ឆ្នាំ ២០២២
18, Oct 2022 , 8:27 am        
រូបភាព
 
Karim Benzema ខ្សែប្រយុទ្ធ Real Madrid បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ២0២២ និងជាកីឡាករបារាំងទី៥ដែលគ្រងតំណែងកីឡាករឆ្នើមប្រចាំឆ្នាំលើលោក។ Benzema ឈ្នះពានដែលរៀបចំដោយទស្សនាវដ្តីបារាំង France Magazine នេះដោយទទួលបានសំឡេងនាំមុខគូប្រជែង Sadio Mane របស់ Bayern Munich និង Kevin de Bruyne ខែបម្រើ Manchester City។

ការឈ្នះជាលើកទី១ ក្នុងអាជីពកីឡាករបាល់ទាត់របស់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ៣៤ឆ្នាំរូបនេះ កើតឡើងបន្ទាប់ពីរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៦លើក ដើម្បីជួយក្រុម Real Madrid ឈ្នះជើងឯក La Liga និង UEFA Champions League រដូវកាលមុន។

ខ្សែប្រយទ្ធ Bayern Munich និងជម្រើសជាតិសេណេហ្គាល់ Sadio Mane ស្ថិតនៅចំណាត់ថ្នាក់ទី២ សម្រាប់ការប្រជែងពាននេះ ខណៈខ្សែបម្រើឆ្នើម Man City និងជម្រើសជាតិបែលហ្ស៊ិក Kevin de Bruyne ឈរលេខ៣។ Cristiano Ronaldo ម្ចាស់ពាន Ballon d’Or ៥សម័យស្ថិតនៅលេខ២០ ឯ Lionel Messi ម្ចាស់ពាន៧សម័យមិនមានឈ្មោះក្នុងតារាងឡើយ។

គិតមកទល់ពេលនេះ Benzema ជាកីឡាករបារាំងទី៥ហើយ ដែលក្លាយជាម្ចាស់ពានកីឡាករឆ្នើមលំដាប់ពិភពលោក បន្ទាប់ពី Raymond Kopa, Jean-Pierre Papin, Mechel Platini និង Zinedine Zidane

ដោយឡែក Ballon d'Or សម្រាប់អ្នកចាំទីល្អបំផុតលើលោក (Best Goalkeeper) បានទៅ Thibaut Courtois កីឡាករបែលហ្ស៊ិក និងក្លិប Real Madrid។



សម្រាប់ផ្នែកស្ត្រីវិញ កីឡាការិនី Alexia Putellas របស់ជម្រើសជាតិអេស្ប៉ាញ និងក្លិប FC Barcelona ជាអ្នកលើកពាន Ballon d'Or ឆ្នាំ២0២២ ដោយប្រជែងឈ្នះកីឡាករអង់គ្លេស Beth Mead របស់ Arsenal៕





Tag:
 Ballon d’Or
  Karim Benzema
© រក្សាសិទ្ធិដោយ thmeythmey.com