អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេតវិមាន ថ្កោលទោសរុស្ស៊ីចំពោះការប្រើដ្រូនវាយប្រហារទីក្រុងកៀវ និងឆ្លៀតព្រមានពីផលវិបាក
18, Oct 2022 , 11:48 am        
រូបភាព
អាគារក្នុងទីក្រុងកៀវរងការបំផ្លាញដោយសារការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។ រូបថត AFP
អាគារក្នុងទីក្រុងកៀវរងការបំផ្លាញដោយសារការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។ រូបថត AFP
ដោយ:
អាម៉េរិក នៅថ្ងៃទី១៧ ខែតុលា ថ្កោលទោសរុស្ស៊ីដែលប្រើដ្រូនវាយប្រហាររដ្ឋធានីអ៊ុយក្រែនដែលបណ្តាលឱ្យប្រជាជនស៊ីវិលយ៉ាងតិច៤នាក់ស្លាប់។ សេតវិមាន ចាត់ទុកទង្វើនោះជាឧក្រិដ្ឋកម្មសង្រ្គាមដែលក្រុងមូស្គូត្រូវទទួលខុសត្រូវ។
 
ត្រឹមមួយសប្តាហ៍ឱ្យគត់ រុស្ស៊ីប្រើដ្រូនវាយប្រហារលើក្រុងកៀវជាលើកទី២ ខណៈយោធារុស្ស៊ី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតំបន់ដុនបាស។ បើតាមអភិបាលក្រុងកៀវ លោក Vitali Klitschko ដ្រូនរុស្ស៊ីដែលមានផ្ទុកសារធាតុផ្ទុះចំនួន២៨ បានសំដៅទៅរដ្ឋធានីអ៊ុយក្រែននាពេលព្រឹកថ្ងៃទី១៧ ខែតុលា ប៉ុន្តែមួយចំនួនតូចប៉ុណ្ណោះដែលធ្លាក់ដល់ដីអ៊ុយក្រែន ខណៈដ្រូនជាច្រើនទៀតត្រូវបានយោធាអ៊ុយក្រែនស្ទាក់ចាប់មុន។ ការវាយប្រហារនេះបង្កឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់រួមទាំងស្រ្តីមានផ្ទៃពោះផងដែរ។ 
 
ទាក់ទងការវាយប្រហារមីស៊ីលនេះ អាម៉េរិកថ្កោលទោសរុស្ស៊ីជាខ្លាំងដោយចាត់ទុកទង្វើនោះជាឧក្រិដ្ឋកម្មសង្រ្គាម។ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre ប្រាប់អ្នកកាសែតនាថ្ងៃទី១៧ ខែតុលាថា ការវាយប្រហារនោះបន្តបង្ហាញពីអំពើឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ 
 
«…យើងនឹងបន្តដាក់សម្ពាធលើរុស្ស៊ី ហើយឱ្យពួកគេ(រុស្ស៊ី)ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាមរបស់វា»។ លោកស្រី Jean-Pierre លើកឡើងបែបនេះដោយបន្ថែមថា ជាមួយកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំ៧២៥លានដុល្លារ ក្រុងវ៉ាស៊ីនតោននឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនដល់ទីបញ្ចប់។
 
ពាក់ព័ន្ធដ្រូនដែលរុស្ស៊ីប្រើនេះ អ៊ុយក្រែនអះអាងថា វាជាដ្រូនអត្តឃាតដែលទទួលបានពីអ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់ច្រានចោលការចោទប្រកាន់នេះ ហើយមិនមានការអត្ថាធិប្បាយពីភាគីរុស្ស៊ីទេ។ 
 
អាម៉េរិក អង់គ្លេស និងបារាំងបញ្ជាក់ថា ការណ៍ដែលអ៊ីរ៉ង់ផ្គត់ផ្គង់អាវុធទៅរុស្ស៊ីនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុងប្រឹក្សាសន្តិសុខស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាច៦ទៀតដែលរួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអាម៉េរិក។ រីឯ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបជាច្រើនកំពុងអំពាវនាវឱ្យប្លុកអឺរ៉ុបដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជុំវិញការផ្គត់ផ្គង់ដ្រូនទៅរុស្ស៊ីនេះ៕
 
 
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com