អន្តរជាតិ
ចិនពន្យារពេលផ្សាយទិន្នន័យសេដ្ឋកិច្ច ខណៈសមាជបក្សកំពុងដំណើរការ
18, Oct 2022 , 2:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី

ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ កំពុងដំណើរការ​ ការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃទី១៧ ខែតុលា ប្រកាសពន្យាពេលចេញផ្សាយតួលេខកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលគ្រោងនឹងចេញផ្សាយនៅសប្តាហ៍នេះ។
 
ការិយាល័យស្ថិតិជាតិទីក្រុងប៉េកាំង (NBS) នៅក្នុងគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ប្រកាសថា ការផ្សាយតួលេខកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី៣ រួមទាំងទិន្នន័យសេដ្ឋកិច្ចមួយចំនួនទៀត ដែលគ្រោងនឹងចេញផ្សាយនៅសប្តាហ៍នេះ នឹងត្រូវពន្យាពេល។ ការិយាល័យនេះ មិនបញ្ជាក់ពីហេតុផលសម្រាប់ការពន្យារពេល ឬការកំណត់ពេលវេលាថ្មីទេ។ 
 
ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ត្រូវបានបើកដោយអគ្គលេខាធិការបក្ស លោក ស៊ី ជិនភីង។ 
 
ទិន្នន័យសេដ្ឋកិច្ចទាំងនោះរួមមាន ទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ត្រីមាសទីបី ទិន្នន័យតម្លៃផ្ទះនៅចិន ទិន្នន័យពាណិជ្ជកម្មសម្រាប់ខែកញ្ញាដូចជា ផលិតកម្មឧស្សាហកម្ម ការលក់រាយ និងអត្រាគ្មានការងារធ្វើក្នុងទីក្រុងជាដើម។ 
 
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់នៅគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ លោក Zhao Chenxin នៅព្រឹកថ្ងៃទី១៧ ខែតុលា ប្រាប់អ្នកយកពត៌មានថា លោកទទួលស្គាល់បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចចិន ដូចជាគោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹង វិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងកើនឡើង និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែសេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី៣នេះ បានងើបឡើងវិញហើយ នៅពេលដែលវិធានការគាំទ្រការដោះស្រាយបញ្ហាទាំងនោះចូលជាធរមាន។
 
«សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបី។ ដំណើរការសេដ្ឋកិច្ចរបស់ចិននៅតែមានភាពលេចធ្លោ»។ លោក Zhao និយាយបែបនេះ។ 
 
យ៉ាងណាមិញ អ្នកវិភាគជាច្រើនរំពឹងថាសេដ្ឋកិច្ចចិននឹងអាចឈានដល់គោលដៅកំណើនរបស់ខ្លួននៅឆ្នាំ២០២២ ដែលប្រហែលនឹង៥,៥ ភាគរយ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទម្លាក់ការព្យាករណ៍កំណើន GDP របស់ចិនមកនៅត្រឹមតែ៣,២ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំដដែល៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com