អន្តរជាតិ
ប្រមុខការទូតអឺរ៉ុប៖ អឺរ៉ុបគួរតែចាត់ទុកចិនជាដៃគូប្រកួតប្រជែងខ្លាំងជាងនេះ
18, Oct 2022 , 7:29 pm        
រូបភាព
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borrell ។ រូបថត AFP
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borrell ។ រូបថត AFP
ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell នៅថ្ងៃទី១៧ ខែតុលា បានលើកឡើងថា អឺរ៉ុបគួរតែចាត់ទុកចិនជាដៃគូប្រកួតប្រជែងឱ្យបានខ្លាំងជាងនេះ និងគួរតែកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចខ្លួនទៅលើចិន។ 

 
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប បានធ្វើឡើងនៅលុចសំបួ នាថ្ងៃទី១៧ ខែតុលា ដើម្បីពិភាក្សាជុំវិញការរៀបចំយុទ្ធសាស្តនយោបាយឡើងវិញជាមួយចិន។ ក្នុងកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីការបរទេសអឺរ៉ុបលើកឡើងស្រដៀងគ្នាថា គោលនយោបាយដែលមើលឃើញចិនជាដៃគូ គឺហួសសម័យហើយ ហើយអឺរ៉ុបត្រូវតែពង្រឹងឥរិយាបទរបស់ខ្លួនចំពោះចិន និងមើលប្រទេសនេះជាគូប្រកួតប្រជែងឱ្យបានខ្លាំងឡើង ដោយកំណត់ការចូលរួមក្នុងតំបន់ដែលមានសក្ដានុពល។ 
 
អឺរ៉ុបបានចាត់ទុកចិនជាដៃគូតាំងពីឆ្នាំ២០១៩ ដែលជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងការចចារ ហើយក៏ជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ស្វិតស្វាញ និងជាគូប្រកួតប្រព័ន្ធ។ លោក Josep Borrell ជាប្រមុខការទូតអឺរ៉ុប ប្រធានកិច្ចប្រជុំ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាតួនាទីជាដៃគូប្រកួតប្រជែងកាន់តែធ្លាក់ចុះទៅហើយ។ 
 
«ដំណឹងដែលបានពីភាគីចិនឥឡូវនេះ ជាការប្រកួតប្រជែងមួយ ព្រមទាំងជាភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងបំណងប្រាថ្នាចិនដែលចង់បន្សាយឥទ្ធិពលខ្លួនទៅលើអាហ្រ្វិក អាស៊ី អាម៉េរិកឡាទីន និងតំបន់ដទៃទៀត»។ ប្រមុខការទូតអឺរ៉ុប លោក Borell អះអាងបែបនេះ មុនបន្ថែមថា អឺរ៉ុបគួរតែកាត់បន្ថយការពឹងផ្អែកខ្លួនលើចិន ដោយផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មសម្រាប់បច្ចេកវិទ្យា និងវត្ថុធាតុដើមសំខាន់ៗ ដើម្បីជៀសវាងការរងគ្រោះថ្មី។ 
 
លោក Borell បានលើកអំណះអំណាងអំពីបញ្ហាអឺរ៉ុបដែលកើតឡើងជាក់ស្ដែងនាពេលឥឡូវនេះ ជុំវិញការពឹងផ្អែកវិស័យថាមពលលើរុស្ស៊ី។ ដូច្នេះ អឺរ៉ុបត្រូវជៀសវាងការបង្កើតបញ្ហាថ្មីទៀត។ យ៉ាងណាមិញ អឺរ៉ុបនៅតែជឿថា ការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុត្រូវការការចូលរួមជាមួយចិនក្នុងភាពជាដៃគូ។
 
ជុំវិញសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោក Borell និយាយថា លោក ស៊ី ជិនភីង បានបង្ហាញបំណងប្រាថ្នាដ៏ធំរបស់ចិនក្នុងការពង្រីកឥទ្ធិពលទៅទូទាំងពិភពលោក។ មេដឹកនាំអឺរ៉ុបគ្រោងនឹងពិភាក្សាអំពីការកែតម្រូវទំនាក់ទំនងជាមួយចិន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខបន្ថែមទៀត៕ 
 

Tag:
 ចិន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com