អន្តរជាតិ
ចាប់តាំងពីបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ បក្សកុម្មុយនីស្តចិនមានអគ្គលេខាធិការប៉ុន្មានរូប?
18, Oct 2022 , 8:29 pm        
រូបភាព
លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជាមួយសមាជិកបក្សកុម្មុយនីស្តចិនផ្សេងទៀត។ រូបភាព៖ Xinhua
លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជាមួយសមាជិកបក្សកុម្មុយនីស្តចិនផ្សេងទៀត។ រូបភាព៖ Xinhua
បក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩២១ ដោយស្ថាបនិកចំនួនពីររូប គឺ លោក Chen Duxiu និងលោក Li Dazhao ហើយមានសមាជិកត្រឹមតែប្រមាណ ៥០នាក់ប៉ុណ្ណោះ ខណៈពេលបច្ចុប្បន្នបក្សកុម្មុយនីស្តចិន មានសមាជិករហូតដល់ ៩២លាននាក់ឯណោះ។ កាលពី ១០០ឆ្នាំមុន លោក Chen Duxiu ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនដំបូងគេ ឯបច្ចុប្បន្នមានលោក ស៊ី ជិនភីង ដែលជាប្រធានាធិបតីចិនផង។ ១០០ឆ្នាំកន្លងមកនេះ តើបក្សកុម្មុយនីស្តចិន មានអគ្គលេខាធិការបក្សកុម្មុយនីស្តចិនមានប៉ុន្មានរូប?


 
នៅក្នុងជួរបក្សកុម្មុយនីស្តចិន អគ្គលេខាធិការបក្ស ត្រូវបានចាត់ទុកជាតំណែងកំពូលរបស់បក្ស។​ ជាការពិត អគ្គលេខាធិការគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិន​ ជាពាក្យពេញ ខណៈកន្លងមកមនុស្សហៅកាត់ និងងាយយល់ថា អគ្គលេខាធិការបក្សកុម្មុយនីស្តចិន។ 
 
យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ១៩២១មក តំណែងកំពូលរបស់បក្សកុម្មុយនីស្តចិន ត្រូវបានផ្លាស់ប្តូរជាច្រើនលើក ហើយអគ្គលេខាធិការបក្ស ឬអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន ត្រូវបានប្រើប្រាស់តែនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩២០, ទសវត្សរ៍ឆ្នាំ១៩៣០ និងចាប់ពីឆ្នាំ ១៩៨២ ដល់ពេលបច្ចុប្បន្នប៉ុណ្ណោះ។ 
 
ចំណែកតំណែងត្រូវបានប្តូរឈ្មោះនាពេលកន្លងមក និងមានអំណាចស្មើនឹងអគ្គលេខាធិការបក្សកុម្មុយនីស្តចិនក្នុងពេលបច្ចុប្បន្នដែរមានដូចជា លេខាធិការការិយាល័យមជ្ឈិម ដែលត្រូវបានបង្កើតដំបូង, ប្រធានគណៈកម្មាធិការប្រតិបត្តិមជ្ឈិម, អគ្គលេខាធិការការិយាល័យមជ្ឈិម, ប្រធានគណៈកម្មាធិការមជ្ឈិម, ប្រធានការិយាល័យនយោបាយមជ្ឈិម និងប្រធានលេខាធិការមជ្ឈិម។ 
 
ខាងក្រោមនេះ ជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន
 
១. លោក Chen Duxiu (១៩២១-១៩២៧)
២. លោក Xiang Zhongfa (១៩២៨-១៩៣១)
៣. លោក Bo Gu (១៩៣១-១៩៣៥)
៤. លោក Zhang Wentian (១៩៣៥-១៩៤៣)
៥. លោក Mao Zedong (១៩៤៩-១៩៧៦)
៦. លោក Hua Guofeng (១៩៧៦-១៩៨១)
៧. លោក Hu Yaobang (១៩៨១-១៩៨៧)
៨. លោក Zhao Ziyang (១៩៨៧-១៩៨៩)
៩. លោក Jiang Zemin (១៩៨៩-២០០២)
១០. លោក Hu Jintao (២០០២-២០១២)
១១. លោក Xi Jinping (២០១២-បច្ចុប្បន្ន)៕
 

Tag:
 ចិន
  បក្សកុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com