ជាតិ
សង្គមជាតិ
វាគ្មិន ប្រាប់យុវជនដែលស្វែងរកការងារ៖ ក្រុមហ៊ុន ត្រូវការអ្នកមានវិន័យ ចរិតល្អ និងភាពស្មោះត្រង់ មុនគិតពីជំនាញ
18, Oct 2022 , 4:29 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក កាំង ម៉ូនីកា លោក ហៃ ប៊ុនឡេង លោក សុំ មនោរម្យ និងអ្នកស្រី កង បូរ៉ា ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ រូបពី៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
ពីឆ្វេងដៃទៅ៖ លោក កាំង ម៉ូនីកា លោក ហៃ ប៊ុនឡេង លោក សុំ មនោរម្យ និងអ្នកស្រី កង បូរ៉ា ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ រូបពី៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
មានត្រឹមចំណេះជំនាញ គឺមិនទាន់គ្រប់គ្រាន់ឡើយ។ មិនថាអ្នក ដែលកំពុងស្វែងរកការងារ ឬអ្នកដែលមានការងារស្រាប់ ត្រូវមានលក្ខណសម្បត្តិសំខាន់ផ្សេងទៀត ដែលមិនអាចមើលរំលង នោះគឺវិន័យ អត្តចរិតល្អ និង ភាពស្មោះត្រង់ ជាដើម។ ទាំងនេះ គឺជាគំនិតស្របគ្នារបស់អ្នកដែលមានបទពិសោធលើការងារ ហើយយកទស្សនទាននេះ ទៅចែករំលែកដល់និស្សិត និងយុវជន ដែលកំពុងស្វែងរកការងារ។


ស្ថាប័ន៤ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងធនាគារកាណាឌីយ៉ា បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ មានវាគ្មិន៤រូប ដែលតំណាងឲ្យស្ថាប័នទាំង៤នេះ ត្រូវបានអញ្ជើញឲ្យចូលរួមចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងនឹងការស្វែងរកការងារ ទៅដល់យុវជន និងនិស្សិត ក្នុងសន្និសីទសារព័ត៌មាននេះ។   


 
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ ណែនាំថា ពេលស្វែងរកការងារធ្វើ ឬពេលបានចូលបម្រើការងារ យុវជនត្រូវកាន់ខ្ជាប់ចំណុចសំខាន់២យ៉ាង មុនអ្វីផ្សេងទៀត គឺ វិន័យ និងអត្តចរិតល្អ។ លោក បង្ហាញការសង្កេតឃើញរបស់លោកទៅដល់យុវជនថា៖«ក្រុមហ៊ុនភាគច្រើន ឥឡូវ ស្វែងរកអ្នកដែលមានវិន័យ និងមានអត្តចរិតល្អ មុនជំនាញទៀត»។
 
ចំពោះការប្រកាន់ខ្ជាប់នូវវិន័យ អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេររូបនេះ លើកឧទាហរណ៍ដូចជា ការគោរពពេលវេលា ជាដើម។ លោក បន្តថា យុវជន ត្រូវមានកត្តាចាំបាច់មួយចំនួនទៀត រួមមាន ផ្នត់គំនិតវិជ្ជមាន ការចេះជួយគ្នា និងស្មារតីធ្វើការជាក្រុម ជាអាទិ៍។ 
  


អ្នកស្រី កង បូរ៉ា នាយករងនៃនាយកដ្ឋានគ្រប់គ្រងបណ្តាញសាខាធនាគារកាណាឌីយ៉ា បង្ហាញការគាំទ្រលើការលើកឡើងរបស់លោក កាំង ម៉ូនីកា តែអ្នកស្រី បានបន្ថែម១ចំណុចទៀត គឺភាពស្មោះត្រង់។ អ្នកស្រី អះអាងថា ភាពស្មោះត្រង់ គឺជាលក្ខខណ្ឌទី១ ដែលធនាគារកាណាឌីយ៉ា ត្រូវការពីបុគ្គលិក ឬពីបេក្ខជនដែលដាក់ពាក្យសុំចូលបម្រើការងារ។ អ្នកស្រី មានប្រសាសន៍ថា៖«មនុស្សយើងម្នាក់ៗ ទោះជារៀនខ្ពស់ប៉ុនណា តែបើយើងគ្មានភាពស្មោះត្រង់ យើង នឹងមិនបានជោគជ័យក្នុងជីវិតយើងទេ»។  
 
ស្រដៀងនឹងលោក កាំង ម៉ូនីកា ដែរ អ្នកស្រី កង បូរ៉ា បានពន្យល់ឲ្យយុវជនយល់ពីតម្លៃនៃពេលវេលា។ អ្នកស្រី បានរម្លឹកពាក្យ ដែលគេនិយមនិយាយជាទូទៅថា លុយអាចទិញអ្វីៗបាន តែមិនអាចទិញពេលវេលាបានឡើយ។ អ្នកស្រី ជំរុញឲ្យយុវជនប្រកាន់យកទម្លាប់គោរពពេលវេលា និងឲ្យតម្លៃលើពេលវេលា។ 


 
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លើកទឹកចិត្តឲ្យយុវជន ដែលកំពុងរៀនជំនាញ និងនិស្សិត ដែលកំពុងរៀននៅមហាវិទ្យាល័យ ព្យាយាមដាក់ពាក្យស្វែងរកការងារ ដោយពុំចាំបាច់រង់ចាំរហូតទាល់តែរៀនចប់នោះទេ។ លោក សង្កត់ធ្ងន់ថា អ្វីដែលសំខាន់ ឲ្យតែការងារនោះ សមស្រប ឬស៊ីជាមួយជំនាញដែលខ្លួនរៀន។
 
តំណាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញរូបនេះ បានលើកយកចំណុច១ ដែលខ្លួនកត់សម្គាល់ឃើញក្នុងបរិយាកាសការងារ ទៅចែករំលែកដល់យុវជនថា៖«ថៅកែ ប្រាកដជាចង់បានបុគ្គលិកម្នាក់ [ដែលអាច] ធ្វើការបានច្រើន ហើយធ្វើការបានល្អ ក្នុងពេលតែមួយ។ កាលណា គាត់ ធ្វើការបានច្រើនក្នុងពេលតែមួយ ផលចំណេញ មិនមែនបានតែថៅកែទេ ក៏បានផលចំណេញទៅបុគ្គលនុ៎ងដែរ។ បើគាត់ធ្វើការបានល្អ គាត់មានលុយច្រើនជាងមុន»។  


 
លោក ហៃ ប៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ជំរុញឲ្យយុវជន ទៅចូលរួមពិព័រណ៍ការងារ ព្រោះជាឱកាស ដែលអាចទទួលបានការងារ។ លោក បង្ហាញផ្លូវថា ពេលទៅចូលរួមពិធីពិព័រណ៍ការងារ យុវជន ត្រូវរៀបចំប្រវត្តិរូប (CV) ឲ្យហើយ។ 
 
លោក ផ្តល់គំនិតទៀតថា យុវជន ក៏ត្រូវរៀបចំឥរិយាបទ និងត្រូវត្រៀមចិត្ត ដើម្បីជួបនិយោជក ក្នុងពិធីពិព័រណ៍ការងារ។ លោក សន្និដ្ឋានថា បើនិយោជក ឬម្ចាស់ក្រុមហ៊ុន មើលឃើញពីបុគ្គលិកលក្ខណៈដែលស័ក្តិសម យុវជន ដែលបានត្រៀមខ្លួនជាមុន អាចនឹងត្រូវហៅទៅសម្ភាស ហើយអាចទទួលបានការងារក្នុងពេលនោះតែម្តង។ 

ទន្ទឹងនេះ លោក មិនភ្លេចដាស់តឿនឲ្យយុវជនដុសខាត់ខ្លួន ដើម្បីឲ្យមានសមត្ថភាពខ្ពស់ឡើយ។ ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងាររូបនេះ ថ្លែងទៅកាន់យុវជនថា៖«ដុសខាត់ធ្វើម៉េចឲ្យយើងប៉ិនប្រសប់ ដុសខាត់យ៉ាងណា ឲ្យនិយោជក មើលមកយើងដូចជាកញ្ចក់ចែងចាំង ដែលអាចជួយឲ្យក្រុមហ៊ុន សហគ្រាស មានវឌ្ឍនភាព  ហើយជះត្រឡប់មកវិញនូវអត្តប្រយោជន៍តាមរយៈប្រាក់ឈ្នួល»។


 
ក្រោមកិច្ចសហការរបស់ស្ថាប័នទាំង៤ខាងលើ ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃ២៩ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង៤នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ការងារប្រចាំឆ្នាំនេះ នឹងប្រមូលផ្តុំនិយោជកពីវិស័យជាច្រើន ហើយត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារថ្មីៗជាង២ម៉ឺនកន្លែង ដល់អ្នកដែលស្វែងរកការងារ។ វិស័យការងារទាំងនោះ មានដូចជា  ធនាគារ គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ ធានារ៉ាប់រង សេវាកម្មលក់ ទេសចរណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារ អចលនទ្រព្យ សេវាកម្ម ឧស្សាហកម្ម និងកម្មន្តសាល ជាដើម។ សេចក្តីប្រកាសព័ត៌មាន សរសេរថា អ្នកស្វែងរកការងារ អាចដាក់ពាក្យសុំបម្រើការងារ និងអាចត្រូវបានហៅទៅសម្ភាសផ្ទាល់នៅកន្លែងពិព័រណ៍ការងារតែម្តង៕ 


រូបទាំងអស់ពី៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ
 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com