សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃជ្រូករស់ធ្លាក់ថ្លៃខ្លាំង កសិករវៀតណាមស្នើអាជ្ញាធរបើកការនាំចេញមកកម្ពុជា និងប្រទេសជិតខាង
18, Oct 2022 , 9:29 pm        
រូបភាព
រូបភាពពី Vietnam News Agency ។
រូបភាពពី Vietnam News Agency ។
អ្នកចិញ្ចឹមជ្រូកនៅវៀតណាមបានលើកឡើងថា ពួកគេបានខាតបង់នៅពេលដែលរដ្ឋគ្រប់គ្រងតម្លៃសាច់ជ្រូកលក់នៅលើទីផ្សារ ដើម្បីជាថ្នូរនិងការបន្ទាបអតិផរណាក្នុងប្រទេស ។
អ្នកស្រី Pham Thi Thuy ម្ចាស់​កសិដ្ឋានចិញ្ចឹម​ជ្រូកមួយកន្លែងក្បែរទីក្រុង​ហូជីមិញបាន​និយាយ​ថា៖ «ការ​ចិញ្ចឹម​ជ្រូក​ឥឡូវ​ពិបាក​ណាស់ ពីមុន​តម្លៃ​ចំណី​ឡើងថ្លៃ ចិញ្ចឹមមិនទាន់បានស្រួលបួលផង តម្លៃជ្រូកក៏ធ្លាក់ចុះ ដែលជ្រូកទម្ងន់ចាប់ពី ១០៥-១១៥ គីឡូក្រាមក្នុងមួយក្បាលប្រភេទស្ដង់ដារលេខ១ តម្លៃ ៦០ ០០០ដុងក្នុងមួយគីឡូក្រាម(២,៤៧ដុល្លារ) ចំណែកជ្រូកទម្ងន់ចាប់ពី ៦០-៨០ គីឡូក្រាមក្នុងមួយក្បាល ឬជ្រូកធាត់ពេកមានតម្លៃ ៥០ ០០០ដុងក្នុងមួយគីឡូក្រាម (២,០៦ដុល្លារ)។ នេះមិនទាន់និយាយដល់ការនាំចូលជ្រូកពីខាងក្រៅ នៅតាមបណ្តាផ្សារទំនើប ភោជនីយដ្ឋាន និងហាងល្បីៗ ...នៅណាក៏ជ្រើសយកសាច់ជ្រូកនាំចូល។ ឥឡូវហ្នឹងទាំងឈ្មួញ ទាំងអ្នកចិញ្ចឹមបានប្រាក់ចំណេញតិចណាស់»។ 
 
ស្រដៀងគ្នានេះដែរលោក Nguyen Huu Thang អ្នកចិញ្ចឹមជ្រូកនៅខេត្តដុងណាយ បានឱ្យដឹងថា អ្នកចិញ្ចឹមជ្រូករងសម្ពាធយ៉ាងខ្លាំងដោយសារតែការផ្ទុះជំងឺដ៏ស្មុគស្មាញ ជាពិសេសតម្រូវការសាច់ជ្រូកមានការថយចុះ ខណៈដែលតម្លៃចំណីសត្វបន្តកើនឡើង ។ បើតាមកសិករវៀតណាមរូបនេះ បច្ចុប្បន្នកន្ទក់សម្រាប់ជ្រូកកំពុងពេញនិយមក្នុងតម្លៃ ១៤ ០០០ ដុងក្នុងមួយគីឡូក្រាម(០,៥៨ដុល្លារ) កើនឡើង ៦ ០០០ដុង(០,២៥ដុល្លារ) បើធៀបនឹងជាង​មួយឆ្នាំកន្លះមុន។
 
«ពីជ្រូករាប់ពាន់ក្បាលកាលពីមុន ឥឡូវនេះត្រូវបានកាត់បន្ថយជាងពាក់កណ្តាល ហើយទំនងជានឹងថយចុះបន្តទៀត ប្រសិនបើស្ថានភាពលំបាកនាពេលបច្ចុប្បន្ននេះនៅតែបន្តកើតមាន។ កសិករខ្នាតតូចសព្វថ្ងៃនេះភាគច្រើនកំពុងកាត់បន្ថយបរិមាណចិញ្ចឹម អ្នកខ្លះទៀតបានបោះបង់ចោលរបរនេះ»។ នេះបើតាមលោក Nguyen Huu Thang ។ 
លោក Nguyen Huu Thang បានសង្កត់ធ្ងន់ថា ៖ «អាជ្ញាធរគួរតែគាំទ្រដោយការបន្ធូរបន្ថយកូតា នាំចេញទៅកាន់ប្រទេសកម្ពុជា និងចិន ដើម្បីស្តារស្ថានភាពដែលកសិករកំពុងជួបប្រទះឡើងវិញ »។ 
 
លោក Nguyen Kim Doan អនុប្រធានសមាគមចិញ្ចឹមសត្វនៅខេត្តដុងណាយ បានលើកឡើងថា តម្លៃជ្រូកបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេស។ តម្លៃជ្រូករស់បានធ្លាក់ចុះមកក្រោម ៦០ ០០០ដុងក្នុងមួយគីឡូក្រាម(២,៤៧ដុល្លារ) ខណៈស្ថានភាពបច្ចុប្បន្ន ត្រូវការតម្លៃលើសនេះ ទើបមិនមានការខាតបង់។
លោក Nguyen Kim Doan បានគូសបញ្ជាក់ថា​៖« តម្លៃជ្រូករស់ជាមធ្យមនៅប្រទេសចិនបច្ចុប្បន្នគឺ ៩០ ០០០ដុងក្នុងមួយគីឡូក្រាម(៣,៧១ដុល្លារ)ខ្ពស់ជាងវៀតណាម ៣០ ០០០ដុង(១,២៤ដុល្លារ) ខណៈនៅថៃគឺ ៨០ ០០០ដុងក្នុងមួយគីឡូក្រាម (៣,២៩ដុល្លារ)»។
 
បើតាមអនុប្រធានសមាគមចិញ្ចឹមសត្វរូបនេះ រដ្ឋគួរពិចារណាលើការនាំចេញជ្រូកតាមទីផ្សារទាំងនេះ ដើម្បីបង្កើនតម្លៃជ្រូករស់ក្នុងស្រុក។ ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ប្រសិនបើគ្មានដំណោះស្រាយ ហើយបន្តបិទច្រកនាំចេញ តម្លៃជ្រូកអាចនឹងធ្លាក់ចុះ ហើយកសិករនឹងរងសម្ពាធខ្លាំងនិងឈានដល់ការលែងចិញ្ចឹមតទៀត។
 
សូមជម្រាបថា ក្នុងឆ្នាំ២០១៩-២០២០ តម្លៃជ្រូកឡើងខ្ពស់ ប៉ុន្តែក្រោយមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ វៀតណាមបាននាំចូលជ្រូករស់ពីប្រទេសថៃ ដើម្បីបំពេញតម្រូវការទីផ្សារ។  មិនតែប៉ុណ្ណោះរដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យមានការនាំចេញជ្រូកនោះទេ ដែលធ្វើឱ្យតម្លៃជ្រូកធ្លាក់ចុះ ហើយអ្នកចិញ្ចឹមជ្រូក ទទួលរងការខាតបង់ទ្វេដង។ 
ជុំវិញបញ្ហានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មិនគាំទ្រឱ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាមនោះទេ ដោយសារសព្វថ្ងៃកម្ពុជាសល់ជ្រូករាប់ម៉ឺនក្បាល ដែលពុំមានទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិករប្រឈមខាតបង់ស្ទើរគ្រប់គ្នា។
 
យ៉ាងណា លោក មិនអាចហាមឃាត់ចំពោះការនាំចូលជ្រូកពីប្រទេសណាមួយនោះដែរ។ ប៉ុន្តែ ប្រសិនបើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកឱ្យនាំចូលមែន នោះកសិករ នឹងនាំគ្នាបោះបង់ការចិញ្ចឹមចោល។ លោក ប្រាប់ដូច្នេះថា៖«សព្វថ្ងៃ កម្ពុជាកំពុងតែលិចលង់ មិននាំគ្នាគិត ហើយគិតតែការនាំចូលទៀត។ អ៊ីចឹង មានតែប្រកាសថា សូមឱ្យបងប្អូនពលរដ្ឋឈប់ចិញ្ចឹមជ្រូកពីថ្ងៃនេះទៅ ព្រោះឥឡូវជ្រូកមានតម្លៃតែ៨ពាន់រៀលទេ គាត់(កសិករ)ខាតឡើងចង់លក់ទ្រុង ហើយជ្រូកនៅកម្ពុជាសល់រាប់ម៉ឺនក្បាល លក់អត់ចេញ»។  
 
បច្ចុប្បន្ន កសិករ និងម្ចាស់កសិដ្ឋានខ្លះ បានត្អូញត្អែរពីផលលំបាកក្នុងដំណើរការចិញ្ចឹមជ្រូករបស់ខ្លួន ដោយសារចំណីឡើងថ្លៃ ឯតម្លៃជ្រូករស់ចុះថោក។ សព្វថ្ងៃ ជ្រូករស់អាចលក់តម្លៃ៨ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈដើមផលិតកើនដល់ជាង១ម៉ឺនរៀល។ លើសពីនេះ ការនាំចូលជ្រូកពីបរទេសនេះ ក៏នឹងនាំហានិភ័យជំងឺដល់កសិករផងដែរ។
លោក ស្រ៊ុន ពៅ ឱ្យដឹងទៀតថា​ ជ្រូកចាប់ផ្ដើមកកស្ទះទីផ្សារ រយៈពេល១ខែមកហើយ ដោយសារការចិញ្ចឹមរបស់កសិករកើនឡើង។ ម្យ៉ាងទៀត ទឹកជំនន់បានបង្ខំឱ្យកសិករសម្រុកលក់ជ្រូកចេញព្រមគ្នា ស្របពេលការហូបចុករបស់ពលរដ្ឋថយចុះ។
 
ជាមួយគ្នានេះ លោក អំពាវនាវកុំឱ្យកសិករបាក់ទឹកចិត្ត ហើយប្រឹងប្រែងពង្រីកការចិញ្ចឹមរបស់ខ្លួនឡើងវិញ ទោះបីជួបបញ្ហាប្រឈមជាច្រើនលើកច្រើនសារក៏ដោយ។ ប្រធានសមាគមរូបនេះ ក៏ទទូចឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម ជួយដោះស្រាយតម្លៃទីផ្សារជូនកសិករឱ្យកាន់តែប្រសើរផងដែរ។ 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប៉ុន្តែ លោកជាប់ប្រជុំ៕
 
 

Tag:
 ជ្រូក វៀតណាម
  កសិកម្ម
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com