អន្តរជាតិ
អ៊ីស្រាអែល ថ្កោលទោសអូស្រ្តាលីដែលឈប់ទទួលស្គាល់ហ្សេរុយសាឡិមលិចជារដ្ឋធានីខ្លួន
18, Oct 2022 , 5:09 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong ។ រូបថត AFP
ដោយ:
ក្រសួងការបរទេសអូស្រ្តាលី នៅថ្ងៃទី១៨ ខែតុលា ប្រកាសលែងទទួលស្គាល់ហ្សេរុយសាឡិមខាងលិចជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលជាការសម្រេចចិត្តរបស់រដ្ឋបាលចាស់។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការសម្រេចចិត្តរបស់ក្រុងកង់បេរ៉ាភ្លាមៗ ហើយប្រកាន់ជំហរថា ទីក្រុងពិសិដ្ឋនេះនៅតែជារដ្ឋធានីរបស់អ៊ីស្រាអែលជានិរន្តរ៍។
 
ក្រុងកង់បេរ៉ាដែលកន្លងមកទទួលស្គាល់ហ្សេរុយសាឡិមខាងលិចជារដ្ឋធានីអ៊ីស្រាអែល ស្រាប់តែប្ដូរជំហររបស់ខ្លួនវិញ។ អូស្ត្រាលី នៅថ្ងៃទី១៧ ខែតុលា អះអាងថា បញ្ហាលើការកាន់កាប់ទីក្រុងនេះគួរតែត្រូវដោះស្រាយក្នុងកិច្ចចរចាស្វែងរកសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ 
 
អូស្រ្តាលីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន នៅឆ្នាំ២០១៨ ទទួលស្គាល់ភាគខាងលិចទីក្រុងនេះជារបស់អ៊ីស្រាអែល។
 
«អូស្រ្តាលី គោរពដំណោះស្រាយរដ្ឋពីរដែលអ៊ីស្រាអែល និងរដ្ឋអនាគតរបស់ប៉ាឡេស្ទីនរួមរស់ជាមួយគ្នាដោយសន្តិភាព និងសន្តិសុខក្នុងព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ»។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ថ្លែងបែបនេះអំឡុងសន្និសីទកាសែតថ្ងៃទី១៨ ខែតុលាដោយបញ្ជាក់ថា ទូតអូស្រ្តាលីប្រចាំអ៊ីស្រាអែលតែងមានមូលដ្ឋាននៅទីក្រុង Tel Aviv ជានិច្ច មិនមែន នៅហ្សេរុយសាឡិមនោះទេ។ 
 
បើតាមលោកស្រី Wong អូស្រ្តាលីនឹងមិនគាំទ្រវិធីសាស្រ្តអ្វីក្រៅពីដំណោះស្រាយរដ្ឋពីរនេះទេ។ ប៉ុន្តែ ក្រុងកង់បេរ៉ានៅតែជាមិត្តមិនប្រែប្រួលរបស់អ៊ីស្រាអែលដដែល ហើយក៏មិនផ្លាស់ប្តូរជំហរគាំទ្រអ៊ីស្រាអែល និងសហគមន៍ជី្វហ្វក្នុងអូស្រា្តលីដែរ។ រីឯ ជំហរគាំទ្ររបស់ក្រុងកង់បេរ៉ារួមមានជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនក៏មិនប្រែប្រួលដែរ។
 
យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Yair Lapid បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុងកង់បេរ៉ាភ្លាមៗ។ ក្រសួងការបរទេសអ៊ីស្រាអែល ក៏បានកោះហៅប្រេសិតអូស្រ្តាលីដើម្បីតវ៉ាពីបញ្ហានេះដែរ។
 
«ហ្សេរុយសាឡិម ជារដ្ឋធានីរួបរួមរបស់អ៊ីស្រាអែលជានិរន្តរ៍ ហើយគ្មានអ្វីអាចផ្លាស់ប្តូរបានទេ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្រង់សម្តី លោក Lapid ថ្ងៃទី១៨ ខែតុលាដោយសង្ឃឹមថា រដ្ឋាភិបាលអូស្រ្តាលី​ទទួលខុសត្រូវលើបញ្ហាផ្សេងៗប្រកបដោយវិជ្ជាជីវៈ ហើយច្បាស់លាស់។
 
សូមបញ្ជាក់ថា អ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្សេរុយសាឡិមខាងលិចតាំងពីឆ្នាំ១៩៤៨មកម្ល៉េះ ខណៈដណ្តើមបានតំបន់ប៉ែកខាងកើតក្នុងឆ្នាំ១៩៦៧ ហើយក៏បានលេបទីក្រុងនេះពីប៉ាឡេស្ទីនទាំងស្រុងនៅឆ្នាំ១៩៨០។ ការលេបតំបន់ខាងកើតនៃទីក្រុងនេះមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ទេ។ 
 
ប៉ុន្តែនៅឆ្នាំប្រហែល២០១៧ បណ្តាប្រទេសដូចជា អាម៉េរិក ហុងគ្រី ឆែក ហុងឌូរ៉ាស និងក្វាតេម៉ាឡាជាដើមទទួលស្គាល់ហ្សេរុយសាឡិមខាងកើតជារបស់អ៊ីស្រាអែល។ អាម៉េរិកក្នុងអាណត្តិលោក ដូណាល់ ត្រាំ ថែមទាំងផ្លាស់ស្ថានទូតអាម៉េរិកពីទីក្រុង Tel Aviv ទៅហ្សេរុយសាឡិមទៀតផង៕
 
 
 
 
 

Tag:
 អូស្រ្តាលី អ៊ីស្រាអែល ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com