អន្តរជាតិ
សិង្ហបុរីនិងវៀតណាម ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនីយកម្មនិងសេដ្ឋកិច្ចបៃតង
18, Oct 2022 , 11:29 pm        
រូបភាព
ប្រធានាធិបតីវៀតណាម និងសិង្ហបុរី ត្រួតពលកងកិត្តិយស។ រូបថត VNA
ប្រធានាធិបតីវៀតណាម និងសិង្ហបុរី ត្រួតពលកងកិត្តិយស។ រូបថត VNA
ក្រសួងការបរទេសសិង្ហបុរី នៅថ្ងៃទី១៧ ខែតុលា ប្រកាសថា សិង្ហបុរី និងវៀតណាមបានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជាឌីជីថលនីយកម្ម សន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតង និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងបានធ្វើឡើងខណៈប្រធានាធិបតីសិង្ហបុរីធ្វើទស្សនកិច្ចនៅវៀតណាម។


បើតាមក្រសួងការបរទេសសិង្ហបុរី ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងរឹងមាំ រវាងសិង្ហបុរី និងវៀតណាម ខណៈលោកស្រី Halimah ធ្វើទស្សនកិច្ចនៅវៀតណាម។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Halimah សិង្ហបុរី និងវៀតណាមបានសម្រេចកិច្ចព្រមព្រៀងជំរុញសហប្រតិបត្តិការលើវិស័យថ្មីជាច្រើនដូចជា ឌីជីថលនីយកម្ម សន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ចបៃតងផ្ដោតលើការប្រើថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។ 
 
លោកស្រី Halimah ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមន្ត្រីជាច្រើនទៀតផងដែរ។ លើសពីនេះ លោកស្រី Halimah និងលោក Chinh បានរំឭកសារជាថ្មីអំពីស្មារតីដូចគ្នារវាងសិង្ហបុរី និងវៀតណាមទាក់ទិននឹងការអភិវឌ្ឍសមត្ថភាពផ្នែកឌីជីថល និងសេដ្ឋកិច្ចបៃតង ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យទាំងនេះ។ 
 
លោកស្រី Halimah និងលោក Phuc បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី និងក្រសួងនានារបស់វៀតណាម។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក៏មានរវាងវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី ជាមួយនិងនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈវៀតណាម និងរវាងក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី ជាមួយក្រសួងសន្តិសុខសាធារណៈវៀតណាមផងដែរ។
 
បើតាមទូរទស្សន៍ CNA ប្រធានាធិបតីប្រទេសទាំងពីរក៏បានចូលរួមពិធីផ្ដល់អាជ្ញាប័ណ្ណវិនិយោគដល់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Sembcorp ដែលជាក្រុមហ៊ុនទទួលបន្ទុកអភិវឌ្ឍសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ទី១២ មានទីតាំងនៅទីក្រុង Can Tho ។
 
គួរបញ្ជាក់ថា ប្រធានាធិបតីសិង្ហបុរីបានទៅដល់វៀតណាមនៅថ្ងៃទី១៦ និងបន្តនៅរហូតដល់ថ្ងៃទី២០ ខែតុលា។ លោកស្រី Halimah បានបន្តដំណើរទស្សនកិច្ចទៅក្នុងទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Bac Ninh នៅថ្ងៃទី១៨ ខែតុលា៕
 

Tag:
 សិង្ហបុរី
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com