អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសទៅមកជាង២០០នាក់
18, Oct 2022 , 9:14 pm        
រូបភាព
ទីក្រុងម៉ូស្គូ និងទីក្រុងកៀវថ្មីៗនេះបានអនុវត្តការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីផ្ទុះសង្រ្គាមជិត ៨ ខែមកនេះ ដោយបានផ្លាស់ប្តូរអ្នកជាប់ឃុំសរុបចំនួន២១៨នាក់ដែលរួមមានស្ត្រីជនជាតិអ៊ុយក្រែនជាង ១០៨ នាក់។


ការដោះលែងអ្នកទោសពីរុស្ស៊ីដែលរួមមានស្ត្រីជនជាតិអ៊ុយក្រែនជាង ១០៨ នាក់ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា។ បើតាមលោក Andriy Yermak ប្រធានរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន ជនស៊ីវិល១២​នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានដោះលែងក៏ត្រូវបានដោះលែងក្នុងថ្ងៃដដែលផងដែរ។​ 
 
«ការដោះដូរអ្នកទោសសង្រ្គាមទ្រង់ទ្រាយធំមួយផ្សេងទៀតត្រូវបានធ្វើឡើងនៅថ្ងៃនេះ។ យើង​បាន​ដោះលែង​ស្ត្រី ១០៨ នាក់​ពី​ការ​ជាប់​ឃុំឃាំង។ វាគឺជាការដោះដូរជា​ស្ត្រីអ៊ុយក្រែនដំបូង​គេ»។ លោក Yermak បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បែបនេះនៅថ្ងៃទី១៧ ខែតុលា។
 
លោកបន្តថា​ ស្ត្រីចំនួន៣៧នាក់ដែលបានដោះលែង ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុង Mariupol កាលពីខែឧសភាកន្លងទៅ។ ទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែនៅលើជាប់សមុទ្រ Azov បានទប់ទល់នឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្តាហ៍មុនរុស្ស៊ីដណ្ដើមបានទីក្រុងនេះ។ 
 
«អ៊ុយក្រែនមិនបោះបង់ចោលនរណាម្នាក់ទេ»។ លោក Yermak បានបន្ថែមបែបនេះ មុនបន្តថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ដោះដូរ​គឺ​ជា​ម្តាយ​និង​កូន​ស្រី​ដែល​បាន​នៅ​ជាមួយ​គ្នា។
បើតាមការិយាល័យកណ្តាលសម្របសម្រួលសម្រាប់ការព្យាបាលអ្នកទោសសង្គ្រាម ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងអស់ ស្រ្តីដែលមានវ័យចំណាស់ជាងគេគឺមានអាយុ ៦២ ឆ្នាំ ខណៈក្មេងជាគេមានអាយុ២១ឆ្នាំ។ 
 
ចំណែកក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ពីការដោះដូរនេះដែរ​ ដោយនិយាយថា ជនជាតិរុស្សី១១០ នាក់ត្រូវបានដោះលែងដោយរួមមាន នាវិកនៃកប៉ាល់ពាណិជ្ជកម្មចំនួន ៧២ នាក់ ដែលបានចាប់ខ្លួនតាំងទី ខែកុម្ភៈ។ លើសពីនេះ ក្រសួងការពារជាតិរុស្ស៊ីបានបន្តថា អ្នកដែលត្រូវបានដោះលែងទាំងអស់នឹងហោះហើរទៅកាន់ទីក្រុងមូស្គូ ហើយទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តនិងផ្លូវចិត្ត៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com