អន្តរជាតិ
ប្រមុខ​ការទូត​អាម៉េរិក​ព្រមាន ចិន​អាច​កាន់កាប់​កោះ​តៃវ៉ាន់​លឿន​ជាង​ការរំពឹងទុក​
18, Oct 2022 , 9:22 pm        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិកឆ្លើយសំណួរអ្នកសារព័ត៌មាន នៅសកលវិទ្យាល័យ Stanford ក្នុងថ្ងៃទី១៧ ខែតុលា។ រូបភាព៖ AFP
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិកឆ្លើយសំណួរអ្នកសារព័ត៌មាន នៅសកលវិទ្យាល័យ Stanford ក្នុងថ្ងៃទី១៧ ខែតុលា។ រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន់​តូ​នី ប្លី​ង​ខិ​ន នៅ​ថ្ងៃទី​១៧ ខែតុលា បាន​ព្រមាន​ជាថ្មី​ពី​លទ្ធភាព​ចិន​គ្រប់គ្រង​កោះ​តៃវ៉ាន់​លឿង​ជាង​ការរំពឹងទុក​។ ការព្រមាន​នេះ ធ្វើឡើង​ក្រោយ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន លោក​ស៊ី ជិន​ភីង សន្យា​បង្រួម​បង្រួម​កោះ​តៃវ៉ាន់​ក្នុង​ថ្ងៃ​បើក​សមាជជាតិ​របស់​ប​ក្ស​។
 
បញ្ហា​កោះ​តៃវ៉ាន់ នៅតែ​ជា​ប្រធានបទ​ដ៏​សំខាន់​រវាង​ចិន និង​អាម៉េរិក ជាពិសេស​ក្នុងពេល​ចិន​កំពុង​រៀបចំ​សមាជជាតិ​បក្ស​កុម្មុយនីស្ត​លើក​ទី​២០ នា​ក្រុង​ប៉េកាំង​។ ក្នុង​ថ្ងៃ​បើក​សមាជ​បក្ស លោក​ស៊ី ជិន​ភីង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​បានបញ្ជាក់​ពី​ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​។ មិនមែនជា​រឿង​ថ្មី​ឡើយ មេដឹកនាំ​ចិន តែង​សន្យា​បង្រួបបង្រួម​ដែន​កោះ​មួយ​នេះ​ប្រកបដោយ​សន្តិភាព ឬ​ប្រើ​កម្លាំង​ទ័ព ក្នុងករណី​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ពី​ខ្លួន​។ 
 
​ក្រោយ​ការលើកឡើង​របស់លោក​ស៊ី ដែលជា​ប្រធានាធិបតី​ចិន​ផង​នោះ លោក​អាន់​តូ​នី ប្លី​ង​ខិ​ន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក នៅក្នុង​វេទិកា​មួយនា​សកល​វិទ្យាល័យ​Stanford ក្នុង​ថ្ងៃទី​១៧ ខែតុលា បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន បានឃើញ​ភាពខុសគ្នា​យ៉ាងខ្លាំង​របស់​ក្រុង​ប៉េកាំង ក្រោម​ការដឹកនាំ​របស់​លោក​ស៊ី ជិន​ភីង​។ 
 
«​ចិន មានការ​បង្ក្រាប​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស ហើយ​ចិន​បាន​អុង​អាត់​យ៉ាងខ្លាំង​នៅ​បរទេស​»​។ លោក​ប្លី​ង​ខិ​ន បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្តថា វា​បាន​បង្កបញ្ហា​ប្រឈម​ដល់​ផលប្រយោជន៍ ក៏ដូចជា​តម្លៃ​របស់​អា​ម៉េ​រិ​ក​។ 
 
​លោក​ប្លី​ង​ខិ​ន បាន​បន្ថែមថា ចិន​បានសម្រេច​ចិត្តជា​មូលដ្ឋាន ដែល​ស្ថានភាព​បច្ចុប្បន្ន (Status Quo) លែង​ទទួលយកបាន​សម្រាប់​ចិន​ទៀតហើយ​។ ត្រង់ចំណុច​នេះ ប្រមុខ​ការទូត​អាម៉េរិក បាន​លើកឡើងថា ក្រុង​ប៉េកាំង​បាន​ប្តេជ្ញា​ស្វះ​ស្វែងរក​ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ ក្នុង​រយៈពេល​ឱ្យបាន​ឆាប់រហ័ស ជាង​រយៈពេល​កំណត់​។ យ៉ាងណាមិញ លោក ប្លី​ង​ខិ​ន មិនបាន​ផ្តល់​ពេលវេលា​ជាក់លាក់​ឡើយ​។​
 
​ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​យល់ថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ គួរ​ធ្វើការ​រួមគ្នា​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ សុខភាព​សកល និង​ការជួញដូរ​គ្រឿងញៀន​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​គួររំឭកថា កន្លងមក ចិន​បាន​ផ្អាក​ការពិភាក្សា​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ការជួយ​ដូរ​គ្រឿងញៀន និង​វិស័យ​ផ្សេងទៀត​នៅក្នុង​ខែសីហា​កន្លងទៅ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង​អាម៉េរិក​នៅ​តៃវ៉ាន់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com