ជាតិ
សង្គមជាតិ
កម្ពុជា និងបារាំង ចង់បញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចនៅចុងឆ្នាំ២០២៤
23, Oct 2022 , 9:39 am        
រូបភាព
ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នាថ្ងៃទី២០ តុលា ឆ្នាំ២០២២
ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នាថ្ងៃទី២០ តុលា ឆ្នាំ២០២២
សៀមរាប៖ គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច មានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមការងារបាននិងកំពុងជួសជុលប្រាសាទចំនួន៩ ក្នុងចំណោម១២ជុំវិញតួប្រាសាទ ដែលរំពឹងថា កិច្ចការងារនេះអាចនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤។
 
មន្រ្តីអនុវត្តន៍ការងារគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច លោក ម៉ៅ សុខនី បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា។ មកដល់បច្ចុប្បន្ន គម្រោងនេះសម្រេចបានប្រមាណ៨០ភាគរយហើយ ដែលបាននិងកំពុងជួសជុល និងដំឡើងតួប្រាង្គប្រាសាទចំនួន៩។ ប្រាសាទនេះមានទំហំ១០០ម៉ែត្របួនជ្រុង ហើយតាមជ្រុងនីមួយៗមានប្រាសាទតូចៗចំនួន៣។


 
នៅសល់តែជ្រុងខាងលិចទេ ដែលគេមិនទាន់ចាប់ផ្តើមការងារដំឡើងតួប្រាសាទ។ លោក ម៉ៅ សុខនី ពន្យល់ថា ជ្រុងខាងលិចបាត់ថ្មច្រើន ដែលត្រូវការពេលវេលាដើម្បីស្វែងរក និងសិក្សាពីថ្មទាំងនោះ។ «បញ្ហាបាត់ថ្មចាស់ ខ្លះកប់ក្នុងដី ខ្លះពុកផុយ ខ្លះចល័តខុសពីទីតាំងដើម ដែលត្រូវដាក់ថ្មថ្មីជំនួស ហើយការប្រើប្រាស់ថ្មថ្មីប្រើពេលយូរ ជារួមក្នុងប្រាសាទមួយនេះថ្មចាស់បាត់បង់ខ្ទង់២០ទៅ៣០ភាគរយ»។ នេះជាការលើកឡើងរបស់លោក ម៉ៅ សុខនី។
 
ការដ្ឋានជួសជុលនេះ ប្រើប្រាស់កម្មករសរុបជាង១៥០នាក់ ដោយចែកជាផ្នែកផ្សេងគ្នា ដូចជាផ្នែកជួសជុលថ្ម ជួសជុលរាងប្រាសាទ និងកំពែង ផ្នែកកាត់ថ្ម និងផ្នែកចម្លាក់។ លោក ម៉ៅ សុខនី រៀបរាប់។
 
ទោះរំពឹងថា អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ក្ដី តែគេត្រូវការធនធានកម្លាំងបន្ថែម ដើម្បីស្រូតការងារនេះ។ លោក សុខនី យល់ថា ប្រសិនកម្លាំងជួសជុលនៅដដែលដូចបច្ចុប្បន្ន ដោយមិនបន្ថែមមនុស្សទេនោះ ការងារអាចអូសបន្លាយដល់ឆ្នាំ ២០២៥ ក៏អាចបាន។ 
 
ចំណុចហានិភ័យសំខាន់ៗការដ្ឋានកណ្ដាលបារាយណ៍ខាងលិចនេះ គឺខ្យល់ និងការបង្កជារលកទឹកធំៗ។ លោក សុខនី ពន្យល់ថា៖«ចាប់ពីម៉ោង៣ទៅពីខាងកើតផង ខាងលិចផង ដែលរាល់ថ្ងៃគឺបារម្ភពីទំបន់ ដែលខ្យល់រលកអាចវាយការដ្ឋានបាន»។
 
គួរបញ្ជាក់ថា ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចចាប់ផ្តើម២០១២មក ដោយសាលាបារាំងចុងបូព៌ា ហៅកាត់ថា (EFEO)។ នៅឆ្នាំ២០១៨ ដោយសារបញ្ហាថវិកា ធ្វើឱ្យការដ្ឋាននេះបានផ្អាកមួយរយៈ ទើបនៅដើមឆ្នាំ២០១៩ ក៏ចាប់ផ្តើមដំណើរការឡើងវិញ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា៕
 
 
 
 
 
 

Tag:
 ប្រាសាទមេបុណ្យខាងលិច
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com