ជាតិ
ក្រុមហ៊ុនចិន ចង់បង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង
24, Oct 2022 , 9:30 am        
រូបភាព
លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង។
 
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជួបជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី«សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មនិងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង» តាមរយៈប្រព័ន្ធអនឡាញ។ លោកស្រី មិថុនា ភូថង មាន មានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន បានចាប់អារម្មណ៍បោះទុនវិនិយោគក្នុងភូមិសាស្ត្រខេត្តកោះកុងកម្ពុជា។ 
 
លោកស្រី មិថុនា ភូថង បានរៀបរាប់ដូច្នេះ៖ «នេះ ជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិន បានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង»។



វិស័យរ៉ែ និងថាមពល បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយ គុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិមានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត។ វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពដំឡើង ៣៣៨មេហ្គាវ៉ាត់។ វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពដំឡើង ១៨មេហ្គាវ៉ាត់។ វារីអគ្គិសនីស្ទឹងតាតមានអានុភាពដំឡើង ២៤៦មេហ្គាវ៉ាត់។ 



សូមជម្រាបថា ក្នុងឆ្នាំ២០២១ ខេត្តកោះកុង មានឧស្សាហកម្មធុនធំចំនួន ៧រោងចក្រ។  សហគ្រាស មានចំនួនកម្មករ និយោជិកចំនួន១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារៈកីឡា។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន៧៥៥ ក្នុងខេត្តកោះកុង៕ 
 
 

Tag:
 (រថយន្តអគ្គិសនី
  កោះកុង)
© រក្សាសិទ្ធិដោយ thmeythmey.com